ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ព្រាយ​បិសាច​លង​បន្លាច​ប្រជាពល​រដ្ឋ​រស់​នៅ​ក្បែរ​មាត់​អូរ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​

ខេត្ត​ប៉ៃ​លិន​ ៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​

ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ ។​

រឿង​ខ្មោច​ព្រាយ​បិសាច​ខាង​លើ​ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅក្បែរ​មាត់​អូរ​ក្នុង​ភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន​ បាន​និយាយ​រៀប​រាប់​ថា​ ពិត​ជា​មានអាប​ ខ្មោច​ព្រាយ​បិសាច​ប្រាកដ​មែន​នៅ​លើ​ផែនដីយើង​នេះ​ មិន​មែន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឬ​វីដេអូ​នោះ​ទេ​ ព្រោះ​ពួកគេ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ ថែម​ទាំង​មាន​ការ​ភ័យ​ខ្លាច​រហូត​ដល់​អ្នក​ខ្លះ​ឈឺ​ជ្រុះ​សក់​​ស្ទើរ​តែ​ស្លាប់​ថែម​ទៀត​ផង ។​ ពលរដ្ឋ​ទាំង​នោះ​បាន​អះ​អាង​ថា​ ពេល​ខ្លះ​ពួក​គាត់​ឃើញ​ភ្លើង​ពណ៌​ក្រហម​ ខៀវ​ លឿង​ មាន​ទំហំ​ប៉ុន​ចង្អេរ​ ហោះ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ ដោយ​ហោះ​​តាម​បណ្តោយ​មាត់​អូរ​ និង​ទំ​លើ​ដើម​ឈើ​នៅ​ក្បែរ​អូរ​នោះ ។​ ពេល​ខ្លះទៀត​ ពួក​គាត់​ឃើញ​ជា​រូប​ភាព​ផ្សេងៗ​ដូច​ជា​ ឃើញ​មនុស្ស​ស្លៀក​ពាក់​ស​ដើរ​នៅ​ពេល​យប់​ ឬ​ក្លែង​ធ្វើ​ជារូប​សត្វ​ប្លែកៗ​គួរ​ឱ្យ​ខ្លាច​ ។​

បុរស​ឈ្មោះ​ ហុី សំណាង​ អាយុ​៥២​ឆ្នាំ​ រស់​នៅភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិនបាន​ឱ្យ​ដឹង​ថា​ កាល​ពី​មួយខែ​មុន​នេះ​ពេល​គាត់​ងើបពី​ដំណេក​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ​ក៏​បាន​ដើរ​ទៅ​បង់ត្រី​តែ​ម្នាក់​ឯង​នៅ​ក្នុង​អូរ​ ។ លុះ​ទៅ​ដល់​មាត់​អូរ​ក្បែរ​ផ្នូរ​ខ្មោច​​ក្មេងស្រី​ម្នាក់​ដែល​ស្លាប់​ដោយ​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្ត​ឃាត​ ហើយ​ត្រូវ​ឪពុក​ម្តាយ​យក​ទៅ​កប់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ​ជិត​អូរ​ ស្រាប់​តែ​លេច​ចេញ​សត្វ​ឆ្កែ​ញី​សំគម​មួយ​ក្បាល​យ៉ាង​ធំ​​ពណ៌​ក្រហម​ ដើរ​ឆ្វែល​ជើង​គាត់​ ថែម​ទាំង​សម្លឹង​មើល​មុខគាត់​ចុះ​ឡើងៗ។ ពេល​នោះ​គាត់​នឹក​ឃើញ​ថា​ មិន​មែន​ជា​ឆ្កែ​ញីធម្មតា​ទេ​ គឺជា​ខ្មោច​លង​ហើយ​ ទើបគាត់​និយាយ​ទៅ​​ឆ្កែ​នោះ​ថា​ បើ​ឯង​ពិត​ជា​ខ្មោច​មែន​ សូម​ទៅ​ឱ្យ​ឆ្ងាយ​ចុះ​ ព្រោះ​អញ​អត់​ធ្វើ​អ្វី​ដល់​ឯង​ទេ​ គឺ​អញ​ដើរ​កាត់​តាម​ផ្លូវ​នេះ​​ប៉ុណ្ណោះ​ ដើម្បី​មក​​បង់​ត្រី​យក​ទៅ​លក់​យក​ប្រាក់​ចិញ្ចឹម​ក្រុម​គ្រួសារ។ រំពេច​នោះ​ឆ្កែ​ញី​មួយ​ក្បាល​ដ៏​ធំ​នេះ​បាន​ដើេរ​ចេញ​ពីគាត់​ តម្រង់​ទៅ​ផ្នូរ​​ខ្មោច​របស់​ក្មេង​ស្រី​ដែល​ស្លាប់​កាល​ពីប៉ុន្មាន​ខែ​មុន​បាត់​ស្រមោល​ឈឹង​ទៅ ។​

លោក ហីុ​ សំណាង​ បាន​រំលឹក​រឿង​មួួ​យ​ថា​ ពេល​មួយ​នោះ​នៅ​ឯ​ស្រុក​កំណើត​របស់​គាត់​ក្នុង​ខេត្ត​កំពង់​ចាម​​ រូប​គាត់​និង​​អ្នក​ផ្សេង​ទៀត​ចំនួន​៣​នាក់​ ខណៈ​កំពុង​ជួប​ជុំ​អង្គុយ​និយាយ​គ្នា​លេង​នៅ​កន្លែង​មួយ​ ស្រាប់​តែ​មាន​ដុំ​ភ្លើង​បិសាច​មួយ​យ៉ាង​ធំ​ធ្លាក់​ពី​លើ​មក​ចំ​កណ្តាល​ពួក​គាត់​ ហើយ​ក៏បាន​វិល​ចុះ​វិល​ឡើង​រហូត​ដល់​បែក​ខ្ចាយ​រលត់​បាត់​អស់​ទៅ ។​ ​លុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​មក​ ស្រាប់​តែ​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ជ្រុះសក់​​ស្ទើរ​តែ​ស្លាប់។​

ប្រភព​ដដែល​បន្ត​ទៀត​ថា​ មាន​រឿង​មួយ​ទៀត​ផងដែរ​ មាន​បុរស​ម្នាក់​បាន​យក​ពិល​ដើេរ​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រក​ឆ្លុះ​កង្កែប​ពេល​យប់​ក្នុង​​ព្រៃ​ក្រៅ​ភូមិ​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ជោក​ជាំ​នៅ​ពេល​ថ្ងៃ​រួច​មក​​ ។​ លុះ​ពេល​គាត់​ទៅ​ដល់​វាល​មួយ​ឆ្ងាយ​ពី​ផ្ទះ​ ស្រាប់​តែឮ​កង្កែប​យំ​យ៉ាង​ទ្រហឹង​អឺង​កង​ ហើយ​គាត់​ក៏​ដើរ​សំដៅ​ទៅ​ទី​នោះ។​ គាត់​បាន​ប្រទះ​ឃើញ​ភ្លើង​មួយ​យ៉ាង​ធំ​កំពុង​តែ​ហោះ​ហើរ​នៅ​ទាប​លើ​ដី​ក្បែរ​កន្លែង​កង្កែប​យំ​ គាត់​ក៏​ចាប់​អង្រុត​រត់​សំដៅ​ទៅ​ចំ​ភ្លើង​នោះ​ ហើយ​សង្កត់​ជាប់ ។​ ប៉ុន្តែ​ក្រោយ​មក​ភ្លើង​នោះ​បាន​រើ​បណ្តាល​ឱ្យ​ប៉ើង​អង្រុត​ចេញ​ និង​ដេញ​គាត់​ពី​ក្រោយ​ជាប់​បណ្តាល​ឱ្យ​គាត់​រត់​អស់​ចម្ងាយ​ជាច្រើន​ម៉ែត្រ​ និង​ចុះ​ទៅ​ត្រាំ​ក្នុង​ទឹក​បឹង​មួយ​កន្លែង​ ឯ​ភ្លើង​នោះ​ហោះ​ឆ្វែល​គាត់​មួយ​សន្ទុះ​ តែ​គាត់បាន​យក​អង្រុត​គ្រប​ក្បាល​ពី​លើ​ ទើប​ភ្លើង​នោះ​ធ្វើ​អ្វី​អត់​កើត ក៏​ហោះ​ចេញ​ទៅ​បាត់​ស្រមោល ។​

លុះ​ពេល​បុរស​រូប​នោះ​ដើរ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ក៏​ធ្លាក់​ខ្លួន​ឈឺ​រហូត​ជ្រុះ​សក់​ ហើយ​បាន​ឱ្យ​គ្រូ​ពេទ្យ​ព្យួរ​សេរ៉ូម​អស់​ជា​ច្រើន​​ប្លោក​ទើប​ជា​សះ​ស្បើយ​ ។ តាំង​ពីថ្ងៃ​នោះ​មក​ គាត់​លែង​ហ៊ាន​ដើរ​ទៅ​ណាពេល​យប់​ម្នាក់​ឯង​ទៀត​ហើយ ព្រោះ​ជួប​បញ្ហា​ដុំ​ភ្លើង​ចម្លែក​ដេញ​ជាក់​ស្តែង ។​

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ​ ឆ្នើម​ សុផុន​ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ភូមិ​សួន​អំពៅ​លិច​ក្បែរ​មាត់​អូរ​បាន​រៀបរាប់​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ នៅ​យប់​មួយ​គាត់​បាន​ងើប​ទៅ​​បត់​ជើង​តូច​ ស្រាប់​តែ​ក្រឡេក​មើល​ទៅ​ក្រៅ​ផ្ទះ​ឃើញ​ភ្លើង​ពណ៌​ក្រហម​មួយ​យ៉ាង​ធំ​ហោះ​ក្បែរ​ផ្ទះ​គាត់​ សំដៅ​ទៅ​ឈប់​នៅ​លើ​ដើម​ឈើ​មួយ​ដើម​ក្បែរ​មាត់​អូរ ។​ គ្រាន់​តែ​ឃើញ​ភ្លាម​ គាត់​ញ័រ​ដៃ​ញ័រ​ជើង​ ព្រឺ​ក្បាល​ខ្ញាកៗ​ ចង់​បះ​សក់​ច្រូង​ ទើប​គាត់​រត់​ស្ទុះ​ទៅ​ដាស់​ប្តី​ដែល​កំពុង​ដេក​ឱ្យ​មក​មើល​ទាំង​អស់​គ្នា​ ហើយ​ប្តី​គាត់​ប្រាប់​ថា​ជា​ភ្លើង​​ព្រាយ​ ។​

រី​ឯ​យុវជន​ម្នាក់​ឈ្មោះ​ ឃាង​ ស៊ីថា​ អាយុ​១៨​ឆ្នាំ​ រៀបរាប់​ថា​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រូបគេ​បាន​ដើរ​ទៅ​ដាក់​លាន់​យក​អន្ទង់​នៅ​ក្នុង​អូរ​ដោយ​អត់​ដឹង​ថា​មានគេ​យក​ខ្មោច​ស្ត្រី​ម្នាក់​ដែល​ផឹក​ថ្នាំ​ពុល​ស្លាប់​កាលពី​ខែ​មុន​ទៅ​កប់​ក្បែរ​មាត់​អូរ​នោះ​ទេ ។​ នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ ទៀប​ភ្លឺ​ រូបគេបាន​នាំ​ប្អូន​ប្រុស​ម្នាក់​ទៅ​មើល​លាន់​ចំនួន​៦ ដែល​ដាក់​នៅ​ក្នុងអូរ​ក្បែរ​​ផ្នូរ​ខ្មោច។​ ពេល​គេ​ចុះ​ទៅ​ដល់​លាន់​ភ្លាម​ ស្រាប់​តែ​ឃើញ​មាន​អន្ទង់​ជា​ច្រើន​ចូល​ក្នុង​លាន់​នោះ​ ពេល​ទាញ​ចេញ​មក​ធ្ងន់​ស្ទើរ​តែ​លើក​អត់​រួច​ លុះ​ពេល​យក​មកដល់​លើ​គោកកន្លែង​ប្អូន​ឈរ​ចាំ​នៅ​ក្បែរ​ផ្នូរ​ខ្មោច​ ចាក់​នៅ​លើ​ដី​អត់​ឃើញ​មានអន្ទង់​មួយ​ក្បាល​សោះ​ មានតែ​នុយ​ប៉ុណ្ណោះ ។​ គ្រាន់​តែ​ឃើញ​ដូច្នេះ​ រូប​គេ​ក៏​នាំ​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ​ភ្លាម ។​ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​​ទៀត​ថា​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ ខ្មោច​ក្មេង​ស្រី​ម្នាក់​នេះ​ក៏​បាន​លង​បន្លាច​អ្នក​ភូមិ​យ៉ាង​ច្រើន​ផង​ដែរ​ បន្ទាប់​ពី​នាង​ស្លាប់​ថ្មីៗ​បាន​រយៈ​ពេល​៣-​៤​ថ្ងៃ​ ដោយ​ស្លៀក​ពាក់​សំពត់​ស អាវ​ស​ ឈរ​នៅ​ក្បែរ​ផ្ទះ​រើ​ចាន​ រើ​ឆ្នាំង​ មាន​សំឡេងស្រែក​យំ​នៅ​ពេល​យប់ ​លុះ​ក្រោយ​មក​ទៀត​ក៏​បាត់​លែង​ឃើញ​មាន​អ្វី​តទៅ​ទៀត​ ។​

ផ្ទុយ​ទៅ​វិញ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ ឯក​ ស្រៀង​ អាយុ​៦៩​ឆ្នាំ​ បាន​និយាយ​រៀប​រាប់​ថា​ គាត់​រស់​នៅ​ក្នុង​ភូមិ​សួន​អំពៅ​លិច​ កន្លែង​​ដែល​មានឆ្អឹង​ខ្មោច​គេ​សម្លាប់​ចោល​កាល​ពីសម័យ​ប៉ុល ពត​ដែរ​ តែ​អត់​ដែល​ឃើញ​មាន​ខ្មោច​ព្រាយបិសាច​ណា​មក​លង​បន្លាច​គាត់ និងកូន​ចៅ​ទេ​ ហើយ​រឿង​ដែល​គេ​និយាយថា​ឃើញ​ភ្លើង​ហោះ​នេះ ក៏​គាត់​អត់​ធ្លាប់​ឃើញ​ដែរ​ ព្រោះ​គាត់​មិន​ធ្លាប់​ចេញ​ដើរ​ទៅ​ណា​មក​ណា​នៅ​ពេល​យប់។​ ដូច្នេះ​គាត់​អត់​ជឿ​ថា​ មាន​ខ្មោច​ព្រាយ​បិសាច​ទេ ហើយ​បើ​មាន​ឬ​អត់​ ក៏​គាត់​មិន​ដឹង​ពិត​ប្រាកដ​ដែរ ព្រោះ​ឮតែ​គេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ​​ ៕​