ប្រជាជនកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វាពីព្រោះ បើវាខាំមនុស្ស វាអាចបង្កជំងឺគ្រោះថ្នាក់ចំនួនដល់៥ប្រភេទ ។ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញ សេចក្តីជូនដំណឹងដល់សាធារណជន ឱ្យផ្តល់ជាដំណឹង ក្នុងករណីដែលមានសត្វស្វាកា.ចសាហា.វ ឬបង្កគ្រោះថ្នាក់ណាមួយកើតឡើង ។
រដ្ឋបាលព្រៃឈើ មិនបានបញ្ជាក់អំពីមូលហេតុនៃការជូនដំណឹងចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នោះទេ ពោល គឺគ្រាន់តែលេខទំនាក់ទំនងបន្ទាន់ សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វ ស្វា បង្កបញ្ហាជាយថាហេតុ នៅទូទាំងប្រទេស ។
រដ្ឋបាលព្រៃឈើបានឱ្យដឹងដែរថា ក្នុងករណីដែលមានសត្វស្វាកា.ច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះចេញពីតំបន់សាធារណៈមួយចំនួននេះ ។ ស្វាដែលចាប់បានទាំងនេះនឹងយកទៅព្រលែងក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជ នៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាមសួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ ។
ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសហការ និងយោគយល់នូវការរំខានណាមួយជាយថាហេតុ និងសុំឱ្យប្រជាពលរដ្ឋទាំងអស់មេត្តា កុំលែងស្វា នៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វា ដើម្បីធានាសុវត្ថិភាព បញ្ចៀស ការបង្កគ្រោះថ្នាក់ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជា កាត់បន្ថយហានិភ័យ នៃការចម្លងជំងឺ ។ ផ្អែកតាមការជូនដំណឹងនេះ សារព័ត៌មានកោះសន្តិភាពបានធ្វើការស្រាវជ្រាវហើយក៏បានរកឃើញនូវ ឯកសារដែលបញ្ជាក់អំពីគ្រោះថ្នាក់ដែលគួរតែយកចិត្តទុកដាក់នៅពេលដែលសត្វស្វាខាំ ។
ឯកសារនោះបានឲ្យដឹងថា នៅពេលដែលស្វាខាំមនុស្ស សូមប្រុងប្រយ័ត្ន ពីព្រោះមនុស្សអាចនឹងកើតជំងឺ ឬឆ្លងមេរោគយ៉ាងហោចណាស់៥ប្រភេទ ដែលខ្លះកា.ចសាហា.វខ្លាំងផងដែរ ។ ឯកសារនោះបានឲ្យដឹងថា នៅពេលដែលសត្វស្វាខាំមនុស្ស មានជំងឺដែលអាចកើតមានជាច្រើន ដែលមនុស្សនោះអាចឆ្លងបានរួមមាន ជំងឺឆ្កែឆ្កួត, វីរុស Herpes B, តេតាណូស, ការឆ្លងមេរោគបាក់តេរី, និងការឆ្លងពពួកបារ៉ាស៊ីត ។
១. ជំងឺឆ្កែឆ្កួត
ទោះបីជាវា គឺជាជំងឺមានទំនាក់ទំនងញឹកញាប់ជាមួយសត្វឆ្កែក៏ដោយ តែគេដឹងថា ស្វាក៏អាចផ្ទុកជំងឺឆ្កែឆ្កួតបានដែរ ។ ប្រសិនបើស្វាត្រូវបានឆ្លង ការដែលវាខាំអាចចម្លងមេរោគមកមនុស្ស ។
រោគសញ្ញា ៖ គ្រុនក្តៅ ឈឺក្បាល ថប់បារម្ភ ច្របូកច្របល់ ស្រវាំងភ្នែក ខ្វិន និង ខ្លាចទឹក។
ការការពារ៖ ការសម្អាតមុខរបួសភ្លាមៗ និងការការពារក្រោយការប៉ះពាល់ (PEP) ជាមួយនឹងវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ។
២. វីរុស Herpes B
ការឆ្លងមេរោគនេះអាចបង្កជាជំងឺដ៏កម្រដែលអាចសម្លា.ប់មនុស្សបាន សូម្បីតែវាធ្វើឲ្យមនុស្សយើងដាច់រលា.ត់បន្តិចបន្តួចក៏ដោយ ។
រោគសញ្ញា ៖ រោគសញ្ញាដំបូងមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ និងអស់កម្លាំង។ ប្រសិនបើមិនបានព្យាបាលទេ វាអាចឈានទៅកើតជំងឺរលាកខួរក្បាល ដែលនាំឱ្យមានផលវិបាកផ្នែកសរសៃប្រសាទ ឬស្លា.ប់។ ការការពារ៖ ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ និងការព្យាបាល ដោយថ្នាំប្រឆាំងមេរោគ ប្រសិនបើមានការសង្ស័យថា មានការប៉ះពាល់។
៣. តេតាណូស
នៅពេលសត្វស្វាខាំ គឺវាអាចចម្លងបាក់តេរី Clostridium tetani ចូលទៅក្នុងមុខរបួស ដែលនាំឱ្យកើតជំងឺតេតាណូស។ បាក់តេរីនេះផលិតជាតិពុលដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ។
រោគសញ្ញា ៖ សាច់ដុំរឹង, កន្ត្រាក់, និងពិបាកលេបអាហារ សូម្បីទឹកមាត់ ។
ការការពារ ៖ ការសម្អាតមុខរបួស និងការចាក់ថ្នាំបង្ការជំងឺតេតាណូស ។
៤. ការឆ្លងបាក់តេរី
នៅពេលស្វាខាំវាអាចបញ្ចូលបាក់តេរីផ្សេងៗចូលទៅក្នុងមុខរបួស រួមទាំង Staphylococcus និង Streptococcus ។
រោគសញ្ញា ៖ ឡើងក្រហម ហើមកន្លែងមុខរបរមានកម្តៅក្តៅអ៊ុន កខ្ទុះ រហូតដល់គ្រុនក្តៅ ។
ការការពារ ៖ ការសម្អាតមុខរបួសឱ្យបានហ្មត់ចត់ និងប្រើថ្នាំអង់ទីប៊ីយោទិចតាមវេជ្ជបញ្ជាដោយអ្នកផ្តល់សេវាថែទាំសុខភាព ។
៥. ការឆ្លងមេរោគផ្សេងៗ និងប៉ារ៉ាស៊ីត
សត្វស្វាអាចផ្ទុកមេរោគផ្សេងៗដែលអាចចម្លងទៅមនុស្សបាន ដូចជា មេរោគ simian immunodeficiency Virus (SIV) ដែលទាក់ទងនឹងមេរោគអេដស៍ ទោះបីជា ការចម្លងតាមរយៈខាំគឺកម្រមានក៏ដោយ ។ ការឆ្លងមេរោគប៉ារ៉ាស៊ីតដូចជា Giardia ឬ Strongyloides ក៏អាចជាការព្រួយបារម្ភផងដែរ ប្រសិនបើទឹកមាត់ របស់ស្វា មានផ្ទុកសារពាង្គកាយទាំងនេះ ។
អ្វីដែលត្រូវធ្វើបន្ទាប់ពីខាំ គឺត្រូវលាងសម្អាតមុខរបួសឱ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹក ។ ស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យ ៖ ទោះបីជាខាំហាក់ដូចជាតូចក៏ដោយ វាចាំបាច់ក្នុងការពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីវា.យតម្លៃហានិភ័យនៃការឆ្លងមេរោគ និងទទួលការព្យាបាលសមស្រប ដូចជាវ៉ាក់សាំង ថ្នាំអង់ទីប៊ីយោទិច ឬថ្នាំប្រឆាំងមេរោគ ៕
ចែករំលែកព័តមាននេះ