រាជធានីភ្នំពេញ ៖ គូស្នេហ៍មួយគូស្នេហ៍ស្រឡាញ់គ្នាដូចប្តីប្រពន្ធទៅហើយ ស្រាប់តែមានរឿងចម្រូងចម្រាសកើតឡើង ដោយសារម្តាយខាងស្រីហាមឃាត់រារាំឃាំងមិនឲ្យខាងស្រីចេញមកជួបខាងប្រុស ទើបខាងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្ដឹងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចុះជួយអន្តរាគមន៍ហៅសួរនាំភាគីទាំងសងខាង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ស្ថិតក្នុងភូមិតាងូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមប្រភពពីភាគីខាងប្រុសបានឲ្យដឹងថា ពួកគាត់បានស្រឡាញ់គ្នាជាមួយនារីខាងលើ ដូចប្តីប្រពន្ធរយៈពេលជាងមួយឆ្នាំទៅហើយ តែរយៈពេលជិតដប់ថ្ងៃកន្លងមកនេះ គឺម្តាយខាងស្រីបានរារាំងខាងស្រីមិនអោយចេញមកជួបគាត់នោះទេ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចអាវុធហត្ថឲ្យជួយអន្តរាគមន៍តែម្តង ។
ដោយឡែកភាគីខាងស្រីវិញក៏បានឲ្យដឹងដែរថា ពួកគាត់ទាំងពីរនាក់បានស្រឡាញ់គ្នាដូចប្តីប្រពន្ធទៅហើយ ដោយមានកូនក្នុងផ្ទៃរយៈពេលពីរខែទៅហើយ រយៈពេលជាងមួយអាទិត្យរូបគាត់ត្រូវបានម្តាយបងប្អូនហាមឃាត់រារាំងមិនឲ្យចេញពីផ្ទះទៅជួបនឹងបុរសជាសង្សារនោះទេ ទោះក្នុងស្ថានភាពបែបណាក៍ដោយ ទើបពេលនេះបុរសជាសង្សារគាត់បានប្តឹង កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅឲ្យចុះធ្វើអន្តរាគមន៍តែម្ដង ។
ចំនែកភាគីខាងម្ដាយនិងបងប្អូនវិញគាត់បានដឹងថា ខាងប្រុសគឺមិនបានទាន់មកចូលស្ដីដណ្ដឹងកូនរបស់គាត់អោយត្រឹមត្រូវនោះទេ ហើយនៅពេលនាំក្រុមគ្រួសារមកជួបជុំម្តង គឺសាច់ញាតិខាងប្រុសនិយាយថាមកលេងតែប៉ុណ្ណោះ មិនទាន់បានមកចូលស្ដីដណ្ដឹងតាមប្រពៃណីនៅឡើយទេ ចឹងហើយពួកគាត់ក៏មិនចង់ឲ្យភាគីទាំងសងខាងជួបគ្នាដែរ ។
ក្នុងករណីនេះដែរ ក្រោយមកភាគីទាំងសងខាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅនាំយកទៅសួរនាំនៅសម្របសម្រួលនៅមូលដ្ឋានខណ្ឌច្បារអំពៅផងដែរ។
ពាក់ពន្ធ័រឿងហេតុនេះដែរ ក្រោយពេលសម្របសម្រួលពីសំណាក់កម្លាំងអាវុធហត្ថហត្ថរួចហើយ ភាគីខាងប្រុសយល់ព្រមអោយឪពុកម្ដាយចាស់ទុំទៅនិយាយគ្នាជួបនិងម្ដាយរបស់ខាងស្រីម្តងទៀត ហើយភាគីទាំងសងខាង មានសិទ្ធអាចជួបគ្នាបានដូចធម្មតាវិញ ទៅតាមការស្នើសុំរបស់ខាងប្រុស រួចហើយភាគីទាំងសងខាងក៏បានឯកភាពគ្នាក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ