ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី​ ៖ កម្ពុជា​គឺជា​គម្រូ​ នៃ​បទ​ពិសោធន៍​រវាង​សន្តិភាព និង​ការ​អភិវឌ្ឍ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ​ថ្ងៃ​ពុធ​ ទី​២១ ​ខែសីហា ឆ្នាំ២០២៤​ ក្នុង​ឱកាស​នៃ​ជំនួបលោក​ជំទាវ Retno Marsudi…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ​ថ្ងៃ​ពុធ​ ទី​២១ ​ខែសីហា ឆ្នាំ២០២៤​ ក្នុង​ឱកាស​នៃ​ជំនួបលោក​ជំទាវ Retno Marsudi រដ្ឋមន្ត្រី​ការ​បរទេស​ នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ បាន​ថ្លែង​កោតសរសើរ​ការ​អភិវឌ្ឍ ​និង​ភាព​រីក​ចម្រើន​របស់​កម្ពុជា ដោយសារ​តែ​កម្ពុជា​ មាន​សុខ​សន្តិភាព និងបាន​ចាត់​ទុក​កម្ពុជា គឺជា​គំរូ នៃ​បទ​ពិសោធន៍​រវាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ ។

លោក​ជំទាវ​រដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​ថា ការ​បង្កើត​សង្គ្រាម​ គឺ​ងាយស្រួល ប៉ុន្តែនៅ​ពេល​សង្គ្រាម​ផ្ទុះ​ហើយ គឺ​មិនដឹង​ថា នឹង​បញ្ចប់​នៅ​ពេល​ណា​ឡើយ ដូច​មាន​ឧទាហរណ៍ ​នៅ​ប្រទេស​មួយ​ចំនួន​ស្រាប់ ។

លោក​ជំទាវ​រដ្ឋមន្ត្រី​ ក៏​បាន​គោរព​រាយការណ៍​ជូន​សម្តេច​ធិ​បតី​ អំពី​លទ្ធផល​ជា​ផ្លែផ្កា​ នៃ​កិច្ចប្រជុំ​ លើក​ទី​៥ ​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ទ្វេភាគី ​(The 5th JCBC) ដែល​បាន​ប្រព្រឹត្ត​ទៅកាលពី​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០២៤ ​។

សម្ដេច​ធិ​បតី ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ ​នៃ​សន្តិភាព ដែល​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ និង​សង្កត់ធ្ងន់​ថា ការ​សម្រេច​បាន​សន្តិភាព ​មិន​ងាយស្រួល​ឡើយ។ ហេតុនេះ​ហើយ រាជរដ្ឋាភិបាល ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ពោល​គឺ​មិន​ត្រូវ​ឱ្យ​បាត់បង់​ដូច​អតីតកាល​។ សម្តេច​ធិ​បតី បាន​អរគុណ​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិភាព​នៅ​កម្ពុជា នៅ​ចុង​ទស្ស​វត្ស ឆ្នាំ​១៩៨០ និង​ដើម​ទស​វត្ស​ឆ្នាំ​១៩៩០ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​JCBC លើក​ទី​៥​ ។

ដោយ​ឆ្នាំ​នេះ​ គឺជា​ខួប​លើក​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី សម្ដេច​ធិ​បតី និង​លោក​ជំទាវ​រដ្ឋមន្ត្រី​ការ​បរទេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ កា​រត​ភ្ជាប់​ប្រជាជន​និង​ប្រជាជន ព្រមទាំង ការពារ​ជាតិ​ និង​សន្ដិសុខ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ