រាជធានីភ្នំពេញ ៖ ស្ដ្រីម្នាក់បើកបររថយន្តដឹកកូនឈឺយកទៅពេទ្យ ខណៈព្រួយបារម្ភពីកូនពេករវល់តែងាកមើលកូនបានរេចង្កូតធ្លាក់ចូលប្រឡាយទឹក ត្រូវបានពលរដ្ឋឃើញនាំគ្នាជួយសង្គ្រោះទាញយកម្ដាយនិងកូនៗមកខាងលើភ្លាមៗមិនមានគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ទល់មុខក្លោងទ្វារវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីស្ត្រីម្ចាស់រថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BX-2539 បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្ទះដឹកកូនដែលឈឺក្ដៅខ្លួនយកទៅពេទ្យធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយបារម្ភពីកូនពេក ក៏ងាកមកមើលកូន ទើបបណ្ដាលឲ្យរថយន្តរេចង្កូតទៅធ្លាក់ចូលប្រឡាយទឹកមួយកំណាត់មុខតែម្ដង ។
ភ្លាមៗនោះដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃើញដូច្នេះបាននាំស្ទុះស្ទារត់ទៅជួយសង្គ្រោះបឋមបើកទ្វារទាញយកជនរងគ្រោះម្ដាយនិងកូនៗពីរនាក់មកខាងលើភ្លាមៗដោយមិនមានអ្នករងរបួសនោះទេ ។ បន្ទាប់មកនគរបាលមូលដ្ឋានបានចុះទៅដល់សួរនាំពិនិត្យមើលឃើញថាមិនមានប៉ះពាល់ដល់អ្នកដទៃក៏អោយម្ចាស់រកដំណោះស្រាយខ្លួនឯងដើម្បីយករថយន្តចេញមកខាងលើ ។
បច្ចុប្បន្នរថយន្តរងគ្រោះខាងលើត្រូវម្ចាស់ទាក់ទងហៅរថយន្តស្ទួចឡើងមកខាងលើរួចបើកចេញត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពមានខូចខាតអ្វីនោះទេ ៕
ចែករំលែកព័តមាននេះ