រាជធានីភ្នំពេញ ៖ ត្រឹមរយៈពេល១២ម៉ោង ទីបំផុត ឃាត់ខ្លួនបានហើយ ព្រះសង្ឃមួយអង្គដែលយកកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងម្នាក់ បណ្តាលអោយរបួសធ្ងន់ ។ គួររំលឹកថា ព្រះសង្ឃ១អង្គចា.ក់នារីម្នាក់ក្បែរចេតិយក្នុងវត្តថាន់ ខណៈពលរដ្ឋសង្ស័យករណីមួយ
ប្រតិបត្តិការណ៍ឃាត់ខ្លួនព្រះសង្ឃ១អង្គខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ព្រះសង្ឃដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ ហឿន វាសនា ព្រះជន្ម៣០ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ ជាសិស្ស ស្នាក់នៅបណ្តោះអាសន្ន ជាមួយជីដូន នៅក្នុង បរិវេណវត្តថាន់ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ព្រះសង្ឃខាងលើនឹងនារីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ក៏បានធ្វើអោយព្រះសង្ឃអង្គនោះប្រច័ណ្ឌ រហូតឈានដល់ការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះ បំណងសម្លា.ប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ហើយព្រះសង្ឃ១អង្គនោះក៏រត់ នឹងបានយកទូរស័ព្ទមួយគ្រឿង ម៉ាក អាយហ្វូន ពណ៍ស យករត់គេចខ្លួនតែម្តង ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៦ នឹង ២០នាទីព្រឹក លោកតាអាចារ្យម្នាក់ គាត់ឮសម្លេងប្រតាយប្រតបគ្នា នៅចំណុចផ្លូវក្បែរចេតិយ នឹងមានសម្លេងមនុស្សស្រីស្រែកអោយគេជួយផងៗ ។ លុះស្របពេលនោះ ក៏លែងមានឮសម្លេង ស្ងាត់បាត់មួយសន្ទុះ គាត់បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញ នារីវ័យក្មេងខាងលើ របួសធ្ងន់ដេកលើថ្លុកឈាម សភាពនៅខាងក្រោយក្បាលមានស្លាកស្នាម ជាច្រើនកន្លែង ដោយផ្នែកខាងមុខមានស្នាមនៅលើចង្ការ នឹងមានស្នាមនៅលើបាតដៃផងដែរ ។
បច្ចុប្បន្ន ព្រះសង្ឃខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាតការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ