ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនមនុស្សប្រុសស្រី ០៣នាក់ ក្រោយពីឆែករកឃើញ ជំពាម និងគ្រាប់កាំកង ដែលអាចចូលមកកាន់រាជធានីភ្នំពេញ ក្នុងគោលបំណងទៅធ្វើបាតុកម្ម ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ។
ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាស្រុកពញាឮ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាអោយកម្លាំងនគរបាលប៉ុស្តិ៍ស្រុកនីមួយៗ ដែលមានមូលដ្ឋានជាប់ព្រំប្រទល់ រាជធានីភ្នំពេញ ត្រូវធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរណា ដែលមានការសង្ស័យ គឺត្រូវឃាត់នឹងឆែកឆេរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលស្រុកពញាឮ បន្ទាប់ពីធ្វើការត្រួតពិនិត្យអ្នកធ្វើដំណើរ ដែលមានការសង្ស័យ បានរកឃើញរួមមានដូចជាជំពាមកៅស៊ូចំនួន០២, គ្រាប់កាំកងចំនួន០៣កញ្ចប់, ម៉ូតូចំនួន០២គ្រឿង និងកាបូបស្ពាយចំហៀងចំនួន០១ ។
ក្រោយរកឃើញវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ រួមមានឈ្មោះ ៖
១. ឈ្មោះ រ៉ាត់ គឹមសេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២. ឈ្មោះ អេន រី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
និង៣. ឈ្មោះ ឈួន មុំ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕
ចែករំលែកព័តមាននេះ