ខេត្តកណ្តាល ៖ អធិការនគរបាលក្រុងតាខ្មៅបើកការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យញីឈ្មោលចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចចំនួន០៧ករណី ។ ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាអោយដឹកនាំលោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ស្រីប្រុសចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់ ០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាងចាប់យលនឹងដកហូតមួយចំនួនរួមមាន ៖
១-ម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1V- 6466(របស់ជនសង្ស័យ) ។
២-កង់មួយគ្រឿងម៉ាកx-Treme ពណ៌លឿង (របស់ជនរងគ្រោះ)។
៣-កន្ត្រៃកាត់ដែកធំពណ៌ក្រហម ចំនួន០១។
៤-ដង្កាប់តូចពណ៌ក្រហម ចំនួន០១
៥-មេសោចំនួន ០២
៦-កូនសោលេខ០៨ ចំនួន ០១
៧-តួល័រវីស ចំនួន០១។
យោងតាមចម្លើយសារភាពជនសង្ស័យឈ្មោះចាន់ប៊ុនធឿន បានឆ្លើយសារភាពថា៖ កន្លងមកគាត់ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេនិងកង់ជាមួយបក្ខពួក៣នាក់ ប្រពន្ធទាំង២នាក់ ខាងលើ ចំនួន៧ករណីគឺ លួចម៉ូតូចំនួន០៦ករណី នៅក្នុងសង្កាត់កំពង់សំណាញ់០៤ករណី លួចម៉ូតូបាន៤គ្រឿង និងនៅសង្កាត់តាខ្មៅចំនួន៣ករណី ដោយលួចបានម៉ូតូ២គ្រឿងនិងកង់ចំនួនមួយគ្រឿង។
ហើយនៅពេលធ្វើសកម្មភាពលួចម្តងៗគាត់តែងតែធ្វើជាមួយឈ្មោះធឿនធារ៉ា ហៅស្រីដា ដែលជាប្រពន្ធទី២ច្រើនជាងគេ។ ហើយគាត់បានប្រាប់ទៀតថាម៉ូតូដែលលួចបានគឺគាត់យកទៅលក់ឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់រួមនិងវត្ថុតាងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ