រាជធានីភ្នំពេញ ៖ ទឹកដក់ថ្លា ជាជម្រកមូសខ្លា ហើយវាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៤ សីហានេះថា ដោយអនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋ ក្នុងរដូវភ្លៀង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានណែនាំបន្តឱ្យមន្ត្រីមណ្ឌលសុខភាព តាមខណ្ឌនានា ចុះអប់រំផ្សព្វផ្សាយសុខភាព ស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក តាមផ្ទះ និងភូមិរបស់ប្រជាពលរដ្ឋ ។
លោកប្រធានបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីមណ្ឌលសុខភាពកន្ទោក បានចុះអប់រំផ្សព្វផ្សាយសុខភាព ស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹក នៅភូមិកំរៀង ភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជាធានីភ្នំពេញ ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លា ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម ។
លោកប្រធានមន្ទីរបញ្ជាក់ថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិក ចោលហាលភ្លៀង ។ល។
ការដាក់អាបែត ក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕
ចែករំលែកព័តមាននេះ