ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នាំ​ចូល និង​ចែកចាយ​អំបោះ​ដេរ​របួស​ក្លែងក្លាយ និង​បរិក្ខា​ពេទ្យ​ខុសច្បាប់

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ចិន​ពីរ​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​នាំ​ចូល និង​ចែកចាយ អំបោះ​ដេរ​របួស…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ចិន​ពីរ​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​នាំ​ចូល និង​ចែកចាយ អំបោះ​ដេរ​របួស ម៉ាក ETHILON ក្លែងក្លាយ និង​សម្ភារ​បរិក្ខា​ពេទ្យ​ខុសច្បាប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​នេះ កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ ចំនួន​០៣​នាក់ (​ជនជាតិ​ចិន ២​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​នាំ​ចូល និង​ចែកចាយ ផលិតផល​អំបោះ​ដេរ​របួស ម៉ាក ETHILON ក្លែងក្លាយ និង​សម្ភារ​បរិក្ខា​ពេទ្យ​ខុសច្បាប់ ។

ការ​បង្ក្រាប​ខាងលើ​នេះ មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រចាំ​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប សាខា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ នៃ​ក្រសួងសុខាភិបាល រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី​លោក ស៊ី​ន រក្សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​បង្ក្រាប កាលពី​ថ្ងៃ​ទី​១២-១៣ ខែសីហា ឆ្នាំ​២០២៤ នៅ​ឱសថស្ថាន ចំនួន​០៣​កន្លែង ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក និង​ទីតាំង​ស្តុក នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃនេះ សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​សម្ភារៈ ទុកជា​វត្ថុ​តាង រួម​មាន ៖ អំបោះ​ដេរ​របួស ម៉ាក ETHILON ក្លែងក្លាយ រំលោភ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន Johnson & Johnson សរុប​ចំនួន​៤,៤៩៥ ប្រអប់ រួម​នឹង​សម្ភារ​បរិក្ខារ​ពេទ្យ ដែល​គ្មាន​ច្បាប់​ជា​ច្រើន​ប្រភេទ​ថែម​ទៀត ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ខាងលើ​នេះ ធ្វើ​ឡើង​យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន Johnson & Johnson របស់​សហរដ្ឋអាមេរិក និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រហូត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង​នៅ​ពេល​នេះ ហើយ​សម្ភារៈ ជា​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ដកហូត​ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​បី​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​វិនិច្ឆ័យ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ