ព័ត៌មានមិនពិត កំពុងបំពុលខ្លាំងឡើងៗក្នុសង្គម។ វាចាំបាច់ត្រូវគ្រប់ភាគីទាំងអស់ចូលរួមដើម្បីបន្សាបពិសរបស់ព័ត៌មានមិនពិត ឬក្លែងក្លាយ។
នេះគឺជាការអំពាវនាវរបស់លោកស្រី ថុង សុវណ្ណរង្សី អគ្គលេខាធិការក្លិបអ្នកកាកសែតកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលកាសែតកោះសន្តិភាព កាលពីថ្ងៃទី១៤ ខែសីហា។
លោក ស្រី ថុង សុវណ្ណរង្សី បានបន្តទៀតថា បើសិនជាបណ្តោយអោយព័ត៌មានមិនពិតរីកសាយខ្លាំង វានឹងធ្វើអោយប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវ:។ ដូច្នេះ សារព័ត៌មានវិជ្ជាជីវ: ទាំងអស់ ត្រូវតែរួមគ្នានៅក្នុងការបន្សាបព័ត៌មានមិនពិតតាមរយៈការធ្វើសេចក្តីរាយការណ៍ព័ត៌មានពិត និងត្រឹមត្រូវអោយបានរហ័ស មុនពេលដែលព័ត៌មានមិនពិត ត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម។
លោក ស្រី បានបន្ថែមទៀតថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវិជ្ជាជីវ: ក្នុងការប្រយុទ្ធប្រឆាំងនឹងសារព័ត៌មានក្លែក្លាយនោះ ក្លឹបអ្នកកាសែតកម្ពុជាបានសហការជាមួយនឹងសមាគមអ្នកសារព័ត៌មានថៃ រៀបចំដំណើរទស្សនកិច្ចសិក្សារយៈពេល ១៥ ថ្ងៃ សម្រាប់អ្នកសារព័ត៌មានកម្ពុជាមួយក្រុម ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី៣១ ខែ សីហា ដើម្បីពង្រឹងសហប្រតិបត្តិការព័ត៌មានរវាងប្រទេសទាំងពីរ។ លោកស្រី និយាយបន្ថែមទៀតថា ក្នុងឱកាសនោះ អ្នកសារព័ត៌មានកម្ពុជា ក៏នឹងបានស្វែងយល់ផងដែរ អំពីវិធីដោះស្រាយព័ត៌មានក្លែងក្លាយ ដែលកំពុងតែញាំញីសង្គមកម្ពុជា។
លោកស្រី បានលើកទឹកចិត្តអោយអ្នកសារព័ត៌មានកម្ពុជាទាំងអស់ ពង្រឹងសមត្ថភាព ដើម្បីយកឈ្នះអោយបានព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានោះ លោកស្រី បានស្នើអោយគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងវិស័យឯកជនផ្តល់ការជួយជ្រោមជ្រែងដល់សារព័ត៌មានវិជ្ជាជីវ: ដើម្បីអោយពួកគេបំពេញភារៈកិច្ចបានកាន់តែប្រសើរ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែក្លាយ។
លោកស្រី បាននិយាយបន្ថែមថា «ការប្រើប្រាស់ប្រភពព័ត៌មានវិជ្ជាជីវ: ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងបង្កើនការយល់ដឹងផ្នែកសារព័ត៌មាន»។
ចែករំលែកព័តមាននេះ