ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​ចាត់វិធានការ​គ្មាន​លើកលែង​ឡើយ ចំពោះ​បុគ្គល ឬ​ក្រុម​ទាំងឡាយ​ណា ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​បុគ្គល ឬ​ក្រុម​ទាំងឡាយ​ណា ដែល​មាន​គោលបំណង​ធ្វើ​កុបកម្ម​ខុសច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

ការ​ប្រកាស​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ចំនួន គ្រោង​ធ្វើ​កុបកម្ម​ដោយ​ខុសច្បាប់ នៅ​មុខ​ព្រះ​បរម​រាជ​រាំង នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ កុបកម្ម​នេះ គ្រោង​ធ្វើ​ឡើង ក៏​ព្រោះតែ​មានការ​បំភ្លៃ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​កម្ពុជា​មាន ៤​ខេត្ត ជា​គម្រោង​កាត់​ដី​ឲ្យ​ប្រទេស​ដទៃ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដូច្នេះ​នៅ​ទី​នេះ ថ្នាក់ដឹកនាំ​នៅ​ខាងក្រោយ​ទាំង​អស់នេះ គឺ​សុទ្ធតែ​ជា​អ្នក ដែល​ទទួលខុសត្រូវ ខាង​ផ្នែក​សន្តិសុខ​ជាតិ យើង​មិន​ត្រូវ​នៅ​ស្ងៀម យើង​មិន​ត្រូវ​អ​ព្យា​ក្រឹត្យ យើង​ត្រូវ​តែ​គាំទ្រ ការពារ​ដាច់ខាត នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ នូវ​រដ្ឋធម្មនុញ្ញ នូវ​សន្តិភាព និង​សមិទ្ធផល​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​» ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​បន្ត​ថា «​នេះ​យើង​ត្រូវ​ច្បាស់​ទាំងអស់​គ្នា មិនមែន​គំរាម​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​ធ្វើការ​បញ្ជាក់ ជូន​នូវ​អ្វី​ដែល​បងប្អូន​យើង​មួយ​ចំនួន​ធំ មិន​ទាន់​ច្បាស់ ឬ​ក៏​មិន​ទាន់​បាន​គិត​គ្រប់​ជ្រុងជ្រោយ សុំ​ឲ្យ​មក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​នា​ពេល​បច្ចុប្បន្ន ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​។ គោលបំណង ល្បិច​កល​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដើម្បី​ប្រមែប្រមូល​កម្លាំង​ធ្វើ​កុបកម្ម​នោះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ដែល​យើង​ជា​កម្លាំង​នគរបាល​ជាតិ មិន​អនុញ្ញាត​ដាច់ខាត​។ នេះ​ត្រូវ​ចាំ​ឲ្យ​ច្បាស់ អំពី​ជំហរ​ប្តេជ្ញា​ចិត្ត ពីព្រោះ​កងកម្លាំងប្រដាប់អាវុធ គឺជា​ឧបករណ៍​របស់​រដ្ឋ យើង​ត្រូវ​តែ​ការពារ​រដ្ឋ​ដាច់ខាត គ្មាន​នរណា​អាច​មក​បំផ្លេចបំផ្លាញ​បាន តាម​បែប​មិន​ប្រជាធិបតេយ្យ​បាន​ទេ​» ។

លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត ក៏​បាន​បញ្ជាក់​ជំហរ​របស់​កម្លាំង​នគរបាល​ជាតិ ក្នុង​ការ​គាំទ្រ​រាជរដ្ឋាភិបាល និង​កម្ចាត់​ក្រុមប្រឆាំង​ជ្រុលនិយម​ផង​ដែរ​។ នាយ​ឧត្តមសេនីយ៍ ក៏​បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ អាណាព្យាបាល​របស់​ក្រុម​ក្មេង​ៗ ឬ​អ្នកចូលរួម​តាម​ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង ឱ្យធ្វើ​ការ​អប់រំ​កូនចៅ សមាជិក​ខ្លួន ឱ្យ​ចាក​ចេញពី​ក្រុម​ឧទ្ទាម​នេះ ដើម្បី​គេច​ផុត​ពី​សំណាញ់​ច្បាប់ ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​បាន​ដាក់​ដី​របស់ ៤​ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹង​ត្រែង ទៅ​ក្នុង​ការ​អភិវឌ្ឍ​រួម ឬ​រកស៊ី​ចូល​ហ៊ុន​គ្នា​នោះ​ទេ គឺ​ធ្វើ​ក្នុង​កម្រិត​កិច្ច​សហប្រតិបត្តិការ​ប៉ុណ្ណោះ ។

តាម​រយៈ​សារ​សំឡេង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ហើយ​នោះ បាន​បញ្ជាក់​អំពី​វិធានការ​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ចង់​បង្ក​អសន្ដិសុខ បំផ្លាញ​សន្ដិភាព តាម​រយៈ​ការ​ធ្វើ​កុបកម្ម​ដោយ​ខុសច្បាប់ ។

បើ​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រប់​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក គ្មាន​ប្រទេស​ណាមួយ ដែល​មិន​ចាត់វិធានការ​ចំពោះ​ក្រុម ដែល​ធ្វើ​កុបកម្ម​ដោយ​ខុសច្បាប់​នោះ​ឡើយ ពោល​សូ​ម្បី​តែ​នៅ​ប្រទេស​អង់គ្លេស ក៏​រដ្ឋាភិបាល​ប្រទេស​នោះ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដូច្នេះ​កម្ពុជា​ក៏​នឹង​ប្រើប្រាស់​វិធានការ​ច្បាប់​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ