ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ាមួយរូបត្រូវបានបញ្ចប់គោរមងារ ខណៈព្រះរាជអាជ្ញារងម្នាក់ទៀតត្រូវបណ្ដេញពីក្របខណ្ឌ

4 ខែ មុន
  • ភ្នំពេញ

ចាត់ទុកជា​វិធាន​ក្តៅ​គគុក​មួយ នៅ​ស​ប្តា​ហ៍​ទី​១​នៃ​ខែសីហា ដោយ​មនុស្ស​មាន​ឥទ្ធិពល និង​លុយកាក់​២​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ បញ្ចប់​គោរមងារ​ឧកញ៉ា ក្រោយ​បា​.​ញ់​បោះ​សេរី​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ និង​ព្រះរាជអាជ្ញា​រង​នៅ​ខេត្តព្រះវិហារ​ម្នាក់​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់ បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា…

ចាត់ទុកជា​វិធាន​ក្តៅ​គគុក​មួយ នៅ​ស​ប្តា​ហ៍​ទី​១​នៃ​ខែសីហា ដោយ​មនុស្ស​មាន​ឥទ្ធិពល និង​លុយកាក់​២​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ បញ្ចប់​គោរមងារ​ឧកញ៉ា ក្រោយ​បា​.​ញ់​បោះ​សេរី​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ និង​ព្រះរាជអាជ្ញា​រង​នៅ​ខេត្តព្រះវិហារ​ម្នាក់​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់ បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា ។​នេះ បើ​យោង​តាម​ព្រះរាជក្រឹត្យ ២ ដាច់​ដោយឡែក​ពី​គ្នា ចុះ​ថ្ងៃ​ទី​៩ និង ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ ។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ ត្រាស់​បង្គាប់ បញ្ចប់​គោរមងារ ឧកញ៉ា ខុន បញ្ច​សិទ្ធិ បន្ទាប់​ពី​ជន​នេះ​ត្រូវ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​បាញ់បោះ​សេរី​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ពី​ឧកញ៉ា ខុន បញ្ច​សិទ្ធិ ធ្វើ​ឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​០០៖៣០​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ មាន​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម​បាន​នាំ​គ្នា​ចូល​ក្លឹ​ប​កម្សាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២​ដប ផឹកស៊ី​យ៉ាង​ហ៊ឺហា សម្ញែង​ឬក បែប​អភិជន ដោយ​ក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នក​ផ្សេង​ក្នុង​ក្រុម​ហែរ​ហម​លើកតម្កើង ជា​មនុស្ស​សំខាន់​ជាងគេ បាន​ដក​កាំ​ភ្លើ​,​ង​ខ្លី​មួយ​ដើម​ចេញពី​ចង្កេះ អា​មេ បញ្ចូល​គ្រាប់​កាន់​រេ​ចុះឡើង​សម្ញែង​ទៅ​លើ​ទៅ​ក្រោម ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដទៃ​ទៀត ដែល​នៅ​សា​ឡុ​ង​ក្បែរ​ៗ​នោះ ។

ដោយ​ឃើញ​សភាព​បែប​នេះ មេការ​ក្លឹ​ប​បាន​តាម​អង្វរ​បុរស​ម្នាក់​នោះ សុំ​ឲ្យ​យក​កាំ​ភ្លើ​.​ង​ទៅ​ទុក​ក្នុង​ឡាន ស្រាប់តែ​បុរស​នោះ​បាន​បា​.​ញ់​ឡើង​លើ​០១​គ្រាប់ ដើម្បី​សម្តែង​ឬ​ទ្ធិ​អំណាច​របស់​ខ្លួន ធ្វើ​ឲ្យ​ភ្ញៀវ​ផ្អើល​ឈូរ​ឆរ​រត់​ចេញ​ក្រៅ ត្រូវ​បាន​ក្រុម​សន្តិសុខ​រាយការណ៍ ជូន​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​ទៅ​អនុវត្ត​តាម​និ​តិ​វិធី ព្រមទាំង​ដកហូត​អាវុធ​ខ្លី​បាន​០២​ដើម ដោយ​មួយ​ដើម ម៉ាក GLOCK19 ជា​អាវុធ​ដែល​ជនសង្ស័យ កាន់​ធ្វើ​សកម្មភាព​បាញ់​សម្ញែង និង​មួយ​ដើម​ទៀត ម៉ាក EKOL VOLGA សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​រថយន្ត​របស់​ជនសង្ស័យ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​មានឈ្មោះ ខុន បញ្ច​សិទ្ធិ ដែល​គេ​ដឹង​ថា ជា​អ្នកមាន​ជាន់​ថ្មី ដោយសារ​ការ​រកស៊ី​ខាង​ដីធ្លី​បាន​សារភាព​ទទួលស្គាល់​ថា អាវុធ​ខ្លី​ពិតជា​របស់​ខ្លួន​មែន តែ​អ្នក​បា​.​ញ់ គឺជា​តៃកុង​ឡាន​ខ្លួន​នោះ​ទេ រីឯ​តៃ​កង​ឡាន​បាន​សារភាព​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​អ្នក​បា​.​ញ់​ដូច​សម្តី​មេ​ខ្លួន​បាន​លើក​ឡើង​ពិតប្រាកដ​មែន ។

យ៉ាងណាមិញ បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​តម្រុយ​ឃើញ​ថា​អ្នក​បា​.​ញ់​ពិតប្រាកដ គឺជា​បុគ្គល​ឈ្មោះ ខុន បញ្ច​សិទ្ធិ មិនមែន​ជា​តៃកុង​ឡាន​នោះ​ទេ ។ ដោយ​ជនសង្ស័យ​ទាំង​ពីរ​នៅ​តែ​ផ្តល់​ចម្លើយ​ផ្ទុយ​ពី​សាក្សី និង​ភស្តុ​តាង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏​ធ្វើការ​ឃាត់ខ្លួន​ទាំង​ពីរ​នាក់ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​តែ​ម្តង ។

ក្រៅពី​បុគ្គល ខុន បញ្ច​សិទ្ធិ ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ «​ឧកញ៉ា​នោះ​» កាលពី​ថ្ងៃ​ទី​០៩ ខែ សីហា ឆ្នាំ​២០២៤ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​នៅ ត្រាស់​បង្គាប់ ដាក់​ពិន័យ​ដោយ​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា ចំពោះ​លោក គឹ​ម សំលេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ។ បើ​តាម​ព្រះរាជក្រឹត្យ ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ស្ថ​លេខា តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ