រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គម បានបង្ហោះវីឌីអូសកម្មភាពអ៊ំប្រុសម្នាក់ បានចាក់សំរាមពីក្នុងធុងសំរាមចូលក្នុងទឹកហូរពេលភ្លៀងធ្លាក់ ពីល្ងាចម្សិលម្សិញ រួចមក ។
ជាក់ស្ដែង ដោយមានការណែនាំពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នាវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញអ៊ំ ប្រុស មកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថា ពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន ។
បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំ និងសម្រេចទី១ ហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាល និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ។ និងទី២ ផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ៤០០០០០រៀល ដោយយោងតាមមាត្រាទី៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន ។
សូមបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹងអោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះនៅពេលភ្លៀងធ្លាក់ម្តងៗវា និងទទួលរងការលិចលង់ហើយជៀសមិនរួចទេ ៕
ចែករំលែកព័តមាននេះ