ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ណែនាំឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងបង្ហាញផ្សព្វផ្សាយ ផ្លាកប៉ាន់ណូ ផ្លាកយីហោផ្សព្វផ្សាយ នៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ត្រូវធ្វើការរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះទៅ ។
នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានចេះឥទ្ធិពលអវិជ្ជមានដ៏សង្គម ជាពិសេសអូសទាញដល់យុវជន ឲ្យសេពគ្រឿងស្រវឹង ឈានដល់ការប្រើប្រាស់អំពើហិ.ង្សាផ្សេងៗ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
ដូច្នេះ ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព និងសណ្ដប់ធ្នាប់សាធារណៈ តាមដងផ្លូវ និងទីប្រជុំជននានា រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ និងជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មស្រាបៀរគ្រឿងស្រវឹងគ្រប់ប្រភេទ សូមធ្វើការរុះរើស្លាកប៉ាណូ ផ្លាកយីហោ ផ្សព្វផ្សាយរបស់ខ្លួន ចេញពីតាមដងផ្លូវសាធារណៈឱ្យអស់ ដោយទុកឱសានវ៉ាតឲ្យរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ក្នុងករណីផុតកាលកំណត់ហើយ មិនទាន់មានការរុះរើ អាជ្ញាធរ នឹងចាត់វិធានការចុះរុះរើផ្ទាល់ ហើយមិនធានា ដល់ការខាតបង់នោះឡើយ ៕
ចែករំលែកព័តមាននេះ