រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបូរាណ«ពានរង្វាន់សម្ដេចធិបតី»លើកទី១ឆ្នាំ២០២៤ គ្រោងធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ខាងមុខ ត្រូវបានប្រកាសឱ្យមានការចូលរួមដោយបើកចំហ។
ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបូរាណ«ពានរង្វាន់សម្ដេចធិបតី»បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបូរាណ«ពានរង្វាន់សម្ដេចធិបតី»គឺជាគំនិតផ្ដួចផ្ដើមឡើងរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាស់រំលើងក្បាច់គុនបូរាណខ្មែរ ដែលជាមរតកដូនតាខ្មែរបានបន្សល់ទុកឱ្យឡើងវិញ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញនិងថែរក្សាបន្ត ។
ជាពិសេសសម្រាប់ក្បាច់ប្រើអាវុធ មានដំបង ដាវ លំពែង និងក្បាច់មិនប្រើអាវុធដោយដៃទទេ មានក្បាច់ ស្រង៉ែពេន ក្បាច់ខ្លាក្រាប ក្បាច់ក្រពើហារ និងក្បាច់យុទ្ធក្រមខម ជាដើមដើម្បីយកទៅចងក្រងជាគម្ពីរក្បាច់គុន។ ការប្រកួតនេះទៀតត្រូវធ្វើឡើងជារៀងរាល់១ឆ្នាំម្ដង ឆ្នាំនេះយើងធ្វើនៅរាជធានីភ្នំពេញ និងបន្តបន្ទាប់ត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសតែម្ដង។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចអចិន្ត្រៃយ៍រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបូរាណ«ពានរង្វាន់សម្ដេចធិបតី»បានមានប្រសាសន៍ថា ការប្រកួតនេះមានការប្រកាសឱ្យមានការចូលរួមដោយបើកចំហ ឱ្យតែអ្នកចេះក្បាច់គុនបូរាណខ្មែរពិតប្រាកដ គឺអាចចុះឈ្មោះបានតាមប្រព័ន្ធអនឡាញ ឬតាមរយៈអាជ្ញាធរដែនដីមានដូចជាភូមិសង្កាត់ជាដើមសម្រាប់អ្នកមានអាយុចាប់ពី១៨ដល់៦៥ឆ្នាំ ដោយមានការត្រួតពិនិត្យកាយសម្បទាត្រឹមត្រូវជាមុនសិន ។
សម្រាប់ការប្រកួតនេះក៏ត្រូវបែងចែកជាពីរដែរ គឺការប្រកួតជាលក្ខណៈប្រយុទ្ធ និងការប្រកួតជាលក្ខណៈសម្ដែង ។ សម្រាប់អ្នកមានអាយុច្រើនអាចចូលរួមប្រកួតសម្ដែង ទោះបីជាពួកគាត់ចង់ប្រកួតជាលក្ខណៈប្រយុទ្ធក៏យើងមិនអនុញ្ញាតដែរ។ សម្រាប់ប្រាក់រង្វាន់គឺយើងត្រូវផ្ដល់ជូនឱ្យស្មើៗគ្នា ទាំងការប្រកួតប្រយុទ្ធ និងសម្ដែង មិនថាក្មេងឬចាស់នោះទេ ៕
ចែករំលែកព័តមាននេះ