ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួននោះទេ ! លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះអាជីវករ​លក់​ខ្ញី​យកអស់លុយ និងគ្រឿងអលង្ការជាច្រើន

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​អាជីវករ​លក់​ខ្ញី​មួយ​កន្លែង ដោយ​លួច​យក​បាន​លុយ​៥​លាន​រៀល និង​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​មួយ​ចំនួន​រួច​យក​ទៅ​លក់​ឱ្យ​អា​ជីករ​ទិញ​-​លក់​មាស​នៅ​ក្នុង​ផ្សារ​ចំបក់ ស្ថិត​នៅ​ក្នុងភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​អាជីវករ​លក់​ខ្ញី​មួយ​កន្លែង ដោយ​លួច​យក​បាន​លុយ​៥​លាន​រៀល និង​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​មួយ​ចំនួន​រួច​យក​ទៅ​លក់​ឱ្យ​អា​ជីករ​ទិញ​-​លក់​មាស​នៅ​ក្នុង​ផ្សារ​ចំបក់ ស្ថិត​នៅ​ក្នុងភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ រួច​គេចខ្លួន​បាត់ ។

លុះ​ថ្ងៃ​បន្ទាប់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជាង​ជួសជុល​រថយន្ត​មួយ​កន្លែង​ទៀត ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ម្ចាស់​បាន​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចាប់ខ្លួន​បាន​ម្នាក់ រួច​ប្រគល់​ឲ្យ​នគរបាល​ធ្វើការ​សាកសួរ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​២​នាក់​ទៀត ជា​បន្តបន្ទាប់​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក (​ម៉ោង​ក្នុង​កាមេរ៉ា​សុវត្ថិភាព​) នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១/​ឈ្មោះ សំ​រ៉ុ​ង មឿ​ន ហៅ​ឡូ​តូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​មាន​សារធាតុ​ញៀ​.​ន​) ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ។ ២/​ឈ្មោះ គី កា​មុត ហៅ​ហម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​សារធាតុ​ញៀ​.​ន ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ ។ ៣/​ឈ្មោះ នុ​ន សំនៀង ហៅ​នាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ខាងលើ​មាន​ទីលំនៅ ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ខៀវ រតនៈ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ និង​ប្តី​ឈ្មោះ នៅ សុខ​ជាង អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាជីវករ​លក់​បន្លែ នៅ​ផ្សារ​បន្លែង​កួរស្រូវ​មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ បាន​បាត់បង់​កាបូបស្ពាយ​ចំនួន​២ ដែល​ក្នុង​នោះ​មាន​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ ,​ចិញ្ចៀនមាស​១​វង់​, និង​ប្រាក់​ចំនួន​៥,០០០,០០០​រៀល​(​ប្រាំ​លាន​រៀល​) ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៤​និង​០០​នាទី​ជិត​ភ្លឺ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ជួល​ខាងលើ ទៅ​លក់​ខ្ញី​នៅ​ផ្សារ​បន្លែ​កួរស្រូវ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស នោះ​ដែរ ដោយ​បានឱ្យ​កូនប្រុស​ម្នាក់​ឈ្មោះ ចេ​ង ម៉េ​ង​ជី​ង អាយុ​១៣​ឆ្នាំ នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ។ ខណៈនោះ​ក្រុម​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ខាងលើ ដែល​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​កាបូបស្ពាយ​ចំនួន​២ នៅ​ក្នុង​បន្ទប់​ឡៅតឿ​ក្នុងផ្ទះ​ជួល​នោះ ហើយ​មិនដឹង​ថា កូនប្រុស​របស់​ពួក​គាត់​ដែល​នៅ​ចាំផ្ទះ​នោះ​រវល់​ធ្វើ​អ្វី​ទេ ទើប​មិន​បានដឹង​ថា ជនសង្ស័យ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ដូច្នេះ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​លួច​បាន​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ លុះដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ​ទាំង​២​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ហើយ​បាន​ឡើង​ទៅ​បន្ទប់​ឡៅតឿ ដើម្បី​យក​លុយ​ទូទាត់​ថ្លៃ​អី​វាន់​គេ ស្រាប់តែ​បាត់​អស់​គ្មាន​សល់ ក៏​បាន​មក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស ។

ក្រោយ​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ នគរបាល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ ហើយ​បានឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់ បាន​ដើរ​ចូល​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ របស់​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤​នោះ ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ជ្រាវ ប៉ុន្តែ​ពុំ​ទាន់​រក​ឃើញ​ជនសង្ស័យ​ភ្លាម​ៗ​នោះ​ឡើយ ស្រាប់តែ​នៅ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​៨​យប់ ។ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ទៀត ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ក្រាំ​ពង្រ សង្កាត់​ក្រ​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ហុ​ន ទី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ហើយ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​រើ​កកាយ​សម្ភារៈ​ក្នុង​ទូ ស្ថិត​នៅ​ក្នុង​បន្ទប់ដេក​របស់​ជន​រង​គ្រោះ ដើម្បី​រក​ទ្រព្យសម្បត្តិ​មាន​តម្លៃ ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​រូប​នេះ​ឃើញ​ទាន់ ។

នគរបាល​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ម្ចាស់ផ្ទះ​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ចំណែក​ជនសង្ស័យ​ក៏​បាន​ស្ទុះ​រត់​ចេញ​ទៅ​ក្រៅ តាម​ទ្វារ​ក្រោយ តែ​រត់​មិន​រួច​ក៏​ត្រូវ​អ្នក​ភូមិ​ធ្វើការ​ឡោម​ព័ទ្ធ​អ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ សំ​រ៉ុ​ង មឿ​ន ហៅ​ឡូ​តូ ។ បន្ទាប់​មក​បាន​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រង​របួស រួច​ទើប​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​នាំ​ទៅ​សាកសួរ ហើយ​ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជន​នោះ​ហើយ នគរបាល​ប៉ុស្តិ៍​នេះ និង​នគរបាល​ខណ្ឌដង្កោ បាន​បន្ត​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្សពួក​២​នាក់​ទៀត​ជា​បន្តបន្ទាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ