រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមានការជជែកពិភាក្សា និងចេញជាផ្លែផ្ការវាងសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាននៅក្នុងសិក្ខាសាលានាពេលកន្លងមក ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ នៃមូលដ្ឋានគ្រឹះរួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។
ឯកឧត្តម បានបញ្ជាក់ថា មូលហេតុ ដែលចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅកម្ពុជានេះ ក៏ដោយសារតែនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន នៃបច្ចេកវិទ្យាសារព័ត៌មាន ក្នុងនោះក៏មានការផ្លាស់ប្តូរទម្រង់ នៃការផ្សព្វផ្សាយបែបបុរាណ ដែលសំដៅលើការផ្សាយតាមទូរទស្សន៍ ការសែត រោងពុម្ភជាដើម។ ផ្ទុយទៅវិញ នៅពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយតាមបែបទំនើប ដែលសំដៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ ហ្វេសប៊ុក តិកតុក ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត ។
ក្នុងកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អ្វីដែលកំពុងតែប្រឈមនឹងធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺការបាត់បង់ជំនឿទុកចិត្តពីសាធារណជន ចំពោះសារព័ត៌មាន គឺនៅពេល ដែលកំណើនការផ្សព្វផ្សាយទំនើបកើនឡើង ហើយប្រព័ន្ធផ្សព្វផ្សាយនេះកើតចេញដំបូងផ្សាយបានបណ្តាញសង្គមហ្វេសប៊ុក តិកតុក រហូតដល់យកជាមូលដ្ឋាន នៃការផ្សព្វផ្សាយព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណ២ពាន់ស្ថាប័ន។ ក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួនជាង១ពាន់អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួន ដែលកំពុងប្រតិបត្តិការក៏មិនទាន់បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងព័ត៌មានកំពុងតែអំពាវនាវថែមទៀតឱ្យពួកគេមកចុះបញ្ជីស្របច្បាប់ដើម្បីប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មាន ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ដ្រា បានគូសបញ្ជាក់ទៀតថា អាជ្ញាបណ្ណ ដែលក្រសួងអនុញ្ញាតកន្លងមកគឺបង្កើតគេហទំព័រ តែគាត់មិនបានបង្កើតគេទំព័រទេ បែរជាបង្កើតត្រឹមតែហ្វេសប៊ុក ឬTVអនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានតែប៉ុណ្ណោះ ។ ឯកឧត្ដមអះអាងថា ការធ្វើបែបនេះមិនស្របតាមច្បាប់ ដោយសារក្រសួងអនុញ្ញាតឱ្យបើកគេហទំព័រ តែគេបែជាបើកហ្វេសប៊ុក ដែលចំណុចនេះគេមិនទាន់បានបំពេញលក្ខខ័ណ្ឌពេញលេញក្នុងច្បាប់ ដូចដែលការផ្តល់អាជ្ញាបណ្ណនោះទេ ៕
ចែករំលែកព័តមាននេះ