ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ម៉ោង​៩:0៩​នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤​ សម្រែក​នៃ​បេះដូង​ពលរដ្ឋ​​ខ្មែរ​គ្រប់​ៗ​រូប​នឹង លោត​នៅ​ក្នុង​សង្វា​ក់​តែ​មួយ​ព្រម​ៗ​គ្នា ដោយសារ​តែ​នេះ​គឺជា​ពេលវេលា​ដ៏​ញាប់​ញ័រ​និង​រំភើប​ដោយសារ​តែ គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ តម្លៃ…


ខេត្តកណ្តាល ៖ ម៉ោង​៩:0៩​នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤​ សម្រែក​នៃ​បេះដូង​ពលរដ្ឋ​​ខ្មែរ​គ្រប់​ៗ​រូប​នឹង លោត​នៅ​ក្នុង​សង្វា​ក់​តែ​មួយ​ព្រម​ៗ​គ្នា ដោយសារ​តែ​នេះ​គឺជា​ពេលវេលា​ដ៏​ញាប់​ញ័រ​និង​រំភើប​ដោយសារ​តែ គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ តម្លៃ ១.៧០០ លាន​ដុល្លារ​ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ ។

នៅ​ក្នុង​នាទី​នេះ ម៉ោង​នេះ ថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដែល​សម្លេង​នៃ​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ទូ​ទាំង​ប្រទេស​វេញ​ត្របាញ់​ចូល​គ្នា​ជា​ធ្លុង​តែ​មួយ​ផ្តោត​លើ​គម្រោង​នេះ ជាមួយនឹង​សម្លេង​ចេញពី​ស្គរជ័យ ត្រដោក​និង​ឧបករណ៍​បំពង​សម្លេង តាម​ប្រពៃណី​ចេញពី​គ្រប់​វត្ត​អា​រ៉ា​ម ស្ថាប័ន​ជាតិ និង ក្រុមហ៊ុន​សហគ្រាស​ទូ​ទាំង​ប្រទេស ។

ពេលវេលា​នេះ អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពេលវេលា​កំណត់​ត្រា​មាស​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​សម័យ ទំនើប​ក្រោយ​ពេល​ដែល​បុព្វបុរស​ខ្មែរ​បាន​រួបរួមសាមគ្គី​គ្នា​កសាង​អាណាចក្រ​និង​ប្រាសាទ​អង្គរ​បន្សល់​ទុកជា​កេរ្តិ៍​ដំណែល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។

តម្លៃ​នៃ​ការ​កសាង​ព្រែកជីក​នេះ​មិនជា​ថ្លៃ​ណាស់ណា​ទេ ដោយ​មាន​តម្លៃ​ត្រឹមតែ​១.៧០០​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​ប្រហាក់ប្រហែល​នឹង​គម្រោង​ឯទៀត ប៉ុន្តែ​តម្លៃ​ពិសេស​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នោះ គឺ​គម្រោង​នេះ ជា​និមិត្តរូប​នៃ​កម្លាំង និង​ការ​រួបរួម​របស់​មហា​គ្រួសារ​នៃ​ពលរដ្ឋ​ខ្មែរ ។ គម្រោង​នេះ​បង្ហាញ​ពី​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​សហការ​គ្នា​ជា​ធ្លុង​មួយ ឆ្ពោះទៅ​រក​គោលដៅ​រួម​នៃ​ការ​អភិវឌ្ឍន៍ និង​វិបុលភាព​ជាតិ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​និយាយ​ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក ហ្វូ​ណ​ន តេ​ជោ ថា ប្រជាជន​ទាំងអស់​និង​គណបក្ស​ទាំងអស់​បាន​គាំទ្រ​គម្រោង​នេះ​។ នេះ​ជា​គម្រោង​ជាតិ​និ​យោ​ម​ដ៏​ធំ​មួយ​ដែល​នឹង​ជំរុញ​ឯករាជ្យ​ភាព អធិបតីភាព និង ការ​រីក​ចម្រើន​សម្រាប់​កម្ពុជា​។

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង មួយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​ចាត់​ទុក​ថា​ជា គម្រោង​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ដែល​ជួយ​កាត់​បន្ថយ​រយៈពេល​ចម្ងាយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​បង្កើត​តំបន់​ពាណិជ្ជកម្ម អភិ​ឌ្ឍ​កំពង់​ផែ​រណប​ថ្មី​ៗ​អភិវឌ្ឍ​កសិកម្ម ធារាសាស្ត្រ ចិញ្ចឹមសត្វ ។ គម្រោង​មួយ​នេះ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាជន​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​សំណង់​នគរ​រូប​នី​យ​កម្ម ជំរុញ​កំណើន​ទេសចរណ៍ និង​ជំរុញ​កំណើន​អចលនទ្រព្យ​។

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ជាតិ​មួយ​ហើយ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​អោយ​ប្រសើរ ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ទាំង​ផ្លូវគោក ផ្លូវអាកាស ផ្លូវ​ទឹកសាប និង​ផ្លូវ​សមុទ្រ ។ ក្នុង​ផែនការ​នោះ​មាន​ផ្លូវ​១០២​ខ្សែ គម្រោង​ផ្លូវដែក គម្រោង​ព្រែកជីក គម្រោង​ដឹក ជញ្ជូន​ផ្លូវ សមុទ្រ និង​គម្រោង​អាកាសចរណ៍ ហើយ​ក្នុង​គម្រោង​ទាំងនេះ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មាន​សារៈសំខាន់​ជាងគេ ។

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​មាន​ទទឹង​ខាងលើ​១០០​ម៉ែត្រ ទទឹង​ខាងក្រោម​៨០​ម៉ែត្រ និង​ជម្រៅ​៥,៤​ម៉ែត្រ ដែល​អាច​អោយ​កប៉ាល់​ផ្ទុក​កុង​ទី​ន័​រ​ទម្ងន់​៣០០០​តោន​ធ្វើ​នាវាចរណ៍​បាន ។​គម្រោង​ព្រែកជីក​ប្រវែង​១៨០​គីឡូម៉ែត្រ​នេះ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ គឺ​ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ។ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​នឹង​ភ្ជាប់​កំពង់​ផែ​ភ្នំពេញ ទៅ​កំពង់​ផែ សមុទ្រ​ខេត្ត​កែប ដែល​បង្កើត​ជា​ចរន្ត​ការ​ដឹក​ជញ្ជូន​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ។

ការ​កសាង​ព្រែកជីក​ដ៏​ធំ​បែប​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដោយ​គម្រោង​នេះ​ត្រូវ​កសាង​ផ្លូវ​សន្ទះ​នាវាចរ​ចំនួន​៣ ស្ពាន​ឆ្លង​១១​ស្ពាន ប្រើ​រយៈពេល​៤​ឆ្នាំ​អោយ​រួចរាល់ ។ នៅ​ពេល​ព្រែកជីក​រួចរាល់​ជា​ស្ថាពរ ព្រែកជីក​នេះ​នឹង​ធ្វើ​អោយ​កម្ពុជា​អាច​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​ពី​វៀតណាម​បាន ព្រោះ​កម្ពុជា​អាច​ដឹក​ជញ្ជូន​ទំនិញ​នានា​ទៅ​សមុទ្រ​ដោយ​ខ្លួនឯង​បាន ។

យោង​លើ​របាយការណ៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ស្ថាបនា​រួចរាល់ និង​ដំណើរការ​ពេញ លេញ ព្រែកជីក​នេះ​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ​ទៅ​កំពត បើក​អោយ​ការ​ដឹក​ជញ្ជូន​ផ្លូវ ទឹកទន្លេ​មេគង្គ និង​ផ្លូវ​សមុទ្រ​កម្ពុជា ។ ព្រែកជីក​នេះ​ជួយ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ប្រមាណ​១៦​ភាគរយ និង​បន្ថយ​រយៈពេល​ដឹក​ជញ្ជូន​ទំនិញ​ផង ។

ព្រែកជីក​នេះ​នឹង​ជួយ​លើក​ស្ទួយ​កសិកម្ម ធារាសាស្ត្រ​នៅ​តាម​ដងព្រែក​ជីក​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ​១,៦​លាន​នាក់ ដែល​អាច​ទាញ​យក​ប្រយោជន៍​ផ្ទាល់ ឬ​មិន​ផ្ទាល់​ពី​គម្រោង​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​នឹង​ជួយ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​តាម​តំបន់​ទាំងនោះ ហើយ​ថែម​ទាំង​បង្កើត គម្រោង​អចលនទ្រព្យ​ថ្មី​ៗ សម្រាប់​ប្រជាជន និង​អ្នក​វិនិយោគ ។ អ្នកជំនាញ​ផ្នែក​ទេសច​ណ៍​វិញ បាន​និយាយ​ថា គម្រោង​ព្រែកជីក​នេះ​ក៏​នឹង​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​ចូល​មក​តាម​ផ្លូវទឹក​រហូត​ដល់​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។

លទ្ធផល​ការ​សិក្សា ផល​ប៉ះពាល់ និង​ទិដ្ឋភាព​ច្បាប់​ឃើញ​ថា មិន​បាន​ធ្វើ​អោយ​ល្មើស​លើ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​នោះ​ទេ ។ យោង​តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង បាន​ចែង​ពី​ការ​ប្រើប្រាស់​ទឹក​ដោយ​សម​ហេតុផល ដោយ​កម្ពុជា​មាន​កាតព្វកិច្ច ធ្វើការ​ជូនដំណឹង​ទៅ​គណៈកម្មការ​រួម​អោយ​បាន​ជ្រាប​ជា​មុន ពេល​អនុវត្ត​ការងារ​សាងសង់ និង​មិន​ជាប់​កាតព្វកិច្ច​ធ្វើការ​ពិគ្រោះ​យោបល់​ជា​មុន ឬ​ត្រូវ​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​ពី​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​នោះ​ទេ ។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​របស់​ចិន​នោះ​ទេ ។ វា​គឺជា​គម្រោង​ទទួល​ការ​សាងសង​ក្រោម​រូបភាព​វិនិយោគ​បែប BOT ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ។

ទោះបីជា​គម្រោង​ព្រែកជីក​នេះ​ទើបតែ​បាន​សិក្សា និង​បាន បើក​ការដ្ឋាន​សាងសង់​ក្តី​ក៏​មិនមែន​មាន​ន័យ​ថា គម្រោង​ព្រែកជីក​នេះ​ថ្មី​ដែរ​ដោយសារ​វា​សិ្ថ​ត​នៅ​លើ​ដាន​ព្រែកជីក​ចាស់ របស់​ខ្មែរ​តាំងពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ គឺ​សម័យ​ហ្វូ​ណ​ន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មាន ព្រែកជីក​ចំនួន​៣ គឺ​ព្រែកជីក​អូ​កែវ ព្រែកជីក​វេន​តេ និង​ព្រែកជីក​ហ្វូ​ណ​ន តែ​ឆ្លងកាត់​សង្គ្រាម ក្នុង​ប្រវត្តិសាស្ត្រ​ព្រែកជីក​ចំនួន​២ គឺ​អូ​កែវ និង​វេន​តេ ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម ។

បច្ចុប្បន្ន​ទំនិញ​របស់​កម្ពុជា​ចេញពី​កំពង់​ផែ​ភ្នំពេញ​៦៧% ត្រូវ​ដឹក​ទៅ​កាន់​កំពង់​ផែ ក្រុងព្រះសីហនុ និង​៣៣% ត្រូវ​ដឹក​តាម​ប្រទេស​វៀតណាម តាម​ការ​រំពឹង​ទុក​នៅ​ពេល​ព្រែកជីក នេះ​បញ្ចប់​ការ​សាងសង់ និង​ប្រើប្រាស់​ជា​ផ្លូវការ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទៅ​កំពង់​ផែ​ក្រុង ព្រះ​សីហ​នុ នឹង​កើន​៩០% រីឯ​ទៅ​តាម​វៀតណាម​នៅ​សល់​ត្រឹមតែ​១០%​ប៉ុណ្ណោះ​សម្រាប់ តែ​ទំនិញ​ណា​ដែល​ចាំបាច់​ទៅ​តាម​ផ្លូវ​នេះ ។

តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​ក្រុម ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក​ស៊ុន ចាន់​ថុ​ល គម្រោង​នេះ​ប្រើប្រាស់​ថវិកា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ឯកជន ។ លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​លើក ឡើង​ថា ការ​ប្រើប្រាស់​ព្រែកជីក​នេះ​នឹង​ផ្តល់​ដល់​ឧត្តមភាព​ផ្នែក​ប្រកួតប្រជែង​របស់​កម្ពុជា ព្រោះ​កម្ពុជា​ចំណេញ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​ទូ​កុង​ទី​ន័​រ បើ​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​វៀតណាម ។ គម្រោង​ព្រែកជីក​នេះ ទទួល​បានការ​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​មួយ​រយៈពេល ចុង​ក្រោយ​នេះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ប្តូរ​profile បង្ហាញ​ពី​ការ​គាំទ្រ លើ​គម្រោង​នេះ ។

បច្ចុប្បន្ន​កម្ពុជា​មាន​ទន្លេ​ឆ្លងកាត់​ប្រវែង​១.៧៥០​គីឡូម៉ែត្រ តែ​ផ្លូវទឹក​ដែល​អាច បើកបរ កប៉ាល់​បាន​មាន​ត្រឹមតែ​៧៨០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​ផ្លូវទឹក​ដឹក​ជញ្ជូន​បាន ទាំងនេះ​មាន​ទន្លេមេគង្គ​៣០​ភាគរយ ហើយ​វា​បាន​ក្លាយជា​ទន្លេ​សំខាន់​ជាងគេ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ។ ទន្លេសាប​១៥​ភាគរយ ទន្លេបាសាក់​៥​ភាគរយ តែ​វា​មិន​ដូច​ជា ទន្លេមេគង្គ​នោះ​ទេ ក្នុង​នោះ​មានការ​ហូរ​ភ្ជាប់​តិចតួច និង​ទិស​ដៅ​លំហូរ​ទឹក​ផ្សេង​គ្នា​ដូច្នេះ​ទន្លេមេគង្គ​ជា​សរសៃឈាម​សេដ្ឋកិច្ច​សំខាន់​បំផុត​សម្រាប់​កម្ពុជា ។

សរុប​មក​វិញ​គម្រោង​នេះ​គឺ ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​ឧត្តមភាព​ជាតិ​នៅ​ក្នុង​ការ​សម្រេច​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​បាន​នូវ​ផលប្រយោជន៍​យូរអង្វែង​ដល់​ប្រជាជន​កម្ពុជា ជំរុញ​កំណើនសេដ្ឋកិច្ច និង​មោទនភាព​វប្បធម៌ និង ការ​អភិ​វ​ឌ្ឈ​ន៍​។

គម្រោង​នេះ​កំពុង​តែ​ដើរតួ​ជា​ការ​បំផុសគំនិត​និង​ចលនា​ជាតិនិយម​នៅ​ក្នុង​ការ​ពង្រឹង​អំណាច​និង​ឥទ្ធិពល​នៃ​កម្លាំង​ឯកភាព​ជាតិ​និង​ការ​សហការ​ក្នុង​ការ​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​សំខាន់​ៗ​របស់​ជាតិ​នា​ពេល​អនាគត ដែល​កម្រ​មាន​ជាតិ​ណា​អាច​ធ្វើ​បាន​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ