ទីក្រុងហាណូយ៖ ថ្មីៗនេះ ប្រទេសវៀតណាម និងហ្វ៊ីលីពីនសម្រេចចិត្តថានឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូង។ គេឃើញនាវាចម្បាំងរបស់វៀតណាមមួយគ្រឿងបានចាកចេញដំណើរពីកំពង់ផែសំដៅទៅប្រទេសហ្វ៊ីលីពីនហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលទីក្រុងហាណូយផ្ទាល់តែម្ដងនៅក្នុងអ្វីដែលគេហៅថាជាការផ្លាស់ប្ដូរបទពិសោធយោធាគ្នាជាលើកដំបូង។ សមយុទ្ធយោធានេះធ្វើឡើងចំពេលដែលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានគូសវាសផែនទីខ្វៀលយកសមុទ្រចិនខាងត្បូងជាង៩០%។ ដូច្នេះ ប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍អាចមានសមុទ្រត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះពីមាត់ច្រាំង។ ទោះជាយ៉ាងណាក្ដី ប្រទេសខ្លះកំពុងធ្វើចិត្តសឿងគ្មានកោតខ្លាចឥទ្ធិពលរបស់ប្រទេសចិនក្នុងនាមជាមហាអំណាចទ័ពជើងទឹកលំដាប់លេខ២ពិភពលោក។ ទ័ពជើងទឹកចិននៅក្រោមតែប្រទេសអាមេរិក១ប៉ុណ្ណោះ, សូម្បីតែរុស្ស៊ីក៏ធ្លាក់ទៅលំដាប់ទីបីបាត់ទៅហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម ហ្វ៊ីលីពីន និងប្រទេសដទៃទៀតមិនសប្បាយចិត្តនឹងប្រទេសចិនដែលចង់ច្បាមយកសមុទ្រចិនខាងត្បូងតែម្នាក់ឯងឡើយ។ ទីនេះក្រៅតែជាតំបន់នាវាចរណ៍ដ៏សំខាន់ វាក៏ជាឃ្លាំងស្តុកទុកធនធានធម្មជាតិដ៏សម្បូរបែបផងដែរ។ អាចនិយាយបានថាមហាកំណប់លាក់ទុកនៅក្រោមបាតសមុទ្រក៏អាចថាបាន។ ទីតាំងភូមិសាស្ត្រមួយចំនួនកំពុងប្រទាញប្រទង់គ្នាដូចជាប្រជុំកោះប៉ារ៉ាសែល ប្រជុំកោះស្ព្រែតលី និងតំបន់ថ្មប៉ប្រះទឹកជាច្រើនទៀត។
សូមរំលឹកថាកាលពីពេលប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស បំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២៤នោះ ប្រទេសទាំងពីរបានឯកភាពគ្នាថានឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយនឹងខិតខំដោះស្រាយបញ្ហាប្រទាំងប្រទើសគ្នានៅក្នុងដែនសមុទ្រនេះដោយសន្តិវិធី។
ដោយឡែកនៅក្នុងគម្រោងធ្វើសមយុទ្ធយោធាលើកនេះ គេឃើញថានាវាចម្បាំងខ្នាតយក្សដែលមានទម្ងន់២៤០០តោនម៉ាកស៊ីអែសប៊ី៨០០២ (CSB 8002)បានចាកចេញដំណើរពីកំពង់ផែរបស់វៀតណាមកាលពីថ្ងៃពុធ។ បេសកកម្មសំខាន់លើកនេះឆ្លុះបញ្ចាំងនូវរបត់នយោបាយដ៏សំខាន់។ នេះបើតាមក្រសួងការពារជាតិវៀតណាមថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
ការបញ្ជូននាវាចម្បាំងវៀតណាមទៅចូលចតនៅកំពង់ផែរបស់ហ្វ៊ីលីពីនលើកនេះអាចចាត់ទុកថាជាឱកាសរបស់កងទ័ពល្បាតដែនសមុទ្រនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ ហើយក៏ជាឱកាសធ្វើឱ្យប្រសើរឡើងនូវការអនុវត្តច្បាប់សមុទ្រ, ចូលរួមចំណែកថែរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ, សុវត្ថិភាពនៅលើលំហសមុទ្រ និងដីគោក។
ក្រសួងការពារជាតិវៀតណាមថ្លែងបន្តទៀតថាវិញ្ញាសាសំខាន់ៗនៃការធ្វើសមយុទ្ធយោធាលើកនេះផ្ដោតសំខាន់ទៅលើការស្វែងរក, ការជួយសង្គ្រោះ, ការទប់ស្កាត់អគ្គិភ័យ និងការពន្លត់អគ្គិភ័យនៅលើលំហសមុទ្រ។ កាលពីពាក់កណ្ដាលខែកក្កដា វៀតណាមបានដាក់ពាក្យប្ដឹងជាផ្លូវការទៅអង្គការសហប្រជាជាតិដើម្បីស្នើសុំសិទ្ធិពង្រីកដែនសមុទ្ររបស់ខ្លួនលើសពី៣៧០គីឡូម៉ែត្រដូចដែលខ្លួនមាននាពេលបច្ចុប្បន្ន។ ខាងលើនេះជាការអះអាងរបស់ក្រសួងការបរទេសវៀតណាម។ ហ្វ៊ីលីពីនបានដាក់ពាក្យស្នើតាំងពីមុនវៀតណាមទៅទៀត។ ប៉ុន្តែប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះសំណើរបស់វៀតណាម៕
ចែករំលែកព័តមាននេះ