Korean Air ប្រកាសឈប់បម្រើមីកំប៉ុងដល់អ្នក ដំណើរ Economy Class ព្រោះហេតុផលនេះ
5 ខែ មុន
ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air នឹងបញ្ឈប់ការបម្រើមីកំប៉ុង ដែលជាអាហារសម្រន់ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូង ដល់អ្នកដំណើរជិះយន្តហោះកៅអីធម្មតា ឬ Economy…
ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air នឹងបញ្ឈប់ការបម្រើមីកំប៉ុង ដែលជាអាហារសម្រន់ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូង ដល់អ្នកដំណើរជិះយន្តហោះកៅអីធម្មតា ឬ Economy Class អំឡុងពេលហោះហើរផ្លូវឆ្ងាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានបណ្តាលមកពីទឹកក្តៅពុះក្នុងកំប៉ុងមី នៅពេលជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់រលាក់ចុះ ឡើងលើអាកាស ដែលភាសាបច្ចេកទេសហៅថា «Turbulence»។
ក្រុមហ៊ុន Korean Air បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះថា «ការសម្រេចចិត្តនេះ គឺជាផ្នែកមួយ នៃវិធានការសុវត្ថិភាពសកម្មក្នុងការឆ្លើយតបទៅនឹង ការកើន ឡើងករណីខ្យល់កន្ត្រាក់លើអាកាស ហើយក៏នៅក្នុងគោលបំណងការពារការរលាក ដោយសារទឹកក្តៅពុះផងដែរ»។
មីកំប៉ុង គឺជាអាហារដ៏ពេញនិយមបំផុត សម្រាប់បម្រើដល់អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង។ ប៉ុន្តែដោយសារតែការកើនឡើងករណី កាលពីថ្មីៗនេះ ក្រុមហ៊ុន Korean Air កាលពីខែកក្កដាកន្លងទៅ បានសម្រេចបម្រើមីកំប៉ុងដល់អ្នកដំណើរលើយន្តហោះប្រភេទ Economy Class ដែលហោះហើរផ្លូវឆ្ងាយ និងមធ្យម ២០នាទីមុនហោះហើរ និងបញ្ចប់ការបម្រើអាហារនៅ៤០នាទី មុនពេលចុះចត។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Korean Air បានបញ្ជាក់ថា ការបម្រើមីកំប៉ុងទឹកក្តៅដល់អ្នកដំណើរ សម្រាប់យន្តហោះកៅអីធម្មតា ឬ Economy Class នឹងបញ្ឈប់ចាប់ពីថ្ងៃទី១៥ ខែសីហា តទៅ។ ហើយអាហារសម្រន់នឹងរួមបញ្ចូលជាមួយសាំងវិច សាច់ក្រកបំពងម្យៅ (Corn Dog) និងនំ Hot Pockets។
គួរឱ្យដឹងថា ក្រុមហ៊ុន Korean Air គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន២១ផ្សេងទៀត ដែលបានចូលរួមនៅក្នុងវេទិកាផ្លាស់ប្តូរទិន្នន័យពេលវេលាជាក់ស្តែងស្តីពី «Turbulence» ដែលបានចាប់ផ្តើមដោយស្ថាប័នអាកាសចរណ៍សកលលោក International Air Transport Association (IATA) នៅក្នុងឆ្នាំ ២០២០៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ