រដ្ឋបាលខេត្តនឹងធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង១៣:០០ រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាល ចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ដោយឡែកចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា ចំណែករថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿងត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់ ឆ្លងផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមហាវិថីឈ្នះឈ្នះឆ្ពោះមកផ្លូវជាតិលេខ៥ ។
ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរពីរាជធានីភ្នំពេញទៅអ្នកលឿង អាចវាងត្រឡប់តាមទិសដៅដូចបានរៀបរាប់ខាងលើ ៕
ចែករំលែកព័តមាននេះ