រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសចេញសារាចរស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងមួយថ្ងៃឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងសេចក្ដីសារាចររបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ដើម្បីឲ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាពចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងស្មារតី«គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល បានធ្វើការណែនាំដូចតទៅ៖
១-អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ (មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។
២-ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣-រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ។
សូមជម្រាបថារាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង៤០ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។
សូមជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ