ទីក្រុងកៀវ៖ នៅទីបំផុត យន្តហោះចម្បាំងម៉ាកអែហ្វ១៦ (F16) ដែលជាយន្តហោះស៊េរីចាស់ចេញដំបូងតាមពីទសវត្សទី៩០បានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយដើម្បីទប់ទល់នឹងការវាយប្រហារដ៏សន្ធាប់ពីសំណាក់កងទ័ពរុស្ស៊ី។ នេះជាផលិតផលដែលរដ្ឋាភិបាលទីក្រុងកៀវទន្ទឹងរង់ចាំជាច្រើនខែមកហើយដើម្បីវាយបកទៅលើទីតាំងបាញ់មីស៊ីលរបស់រុស្ស៊ីចូលទឹកដីអ៊ុយក្រែន។ ខាងលើនេះជាការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិកប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP)។
អ្នកតំណាងរាស្ត្រអ៊ុយក្រែនម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ថាអ៊ុយក្រែនពិតជាបានទទួលរួចហើយនូវយន្តហោះចម្បាំងម៉ាកអែហ្វ១៦។ គ្រាន់តែថានៅដំណាក់កាលដំបូងនេះ យន្តហោះតែ១គ្រឿងគត់ដែលទទួលបាន។ អ៊ុយក្រែនបានស្នើសុំយន្តហោះប្រភេទនេះជាច្រើនខែមកហើយព្រោះយន្តហោះនេះថ្វីដ្បិតស៊េរីចាស់មែនប៉ុន្តែមើលស្រាលមិនបានទេ។ វាបំពាក់បច្ចេកវិទ្យាទំនើប ហោះបានលឿន ហើយអាចវាយប្រហារទីតាំងបាញ់មីស៊ីល ឬគ្រាប់រ៉ុកកែតរបស់បច្ចាមិត្ត។
ក្រុមបស្ចិមប្រទេសមិនសូវហ៊ានបញ្ជូនយន្តហោះនេះទៅឱ្យអ៊ុយក្រែនទេព្រោះពួកគេបារម្ភថាការផ្ដល់អាវុធទំនើបពេកទៅឱ្យអ៊ុយក្រែនមិនមែនជួយអ៊ុយក្រែនទេ ប៉ុន្តែធ្វើឱ្យសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំង។ នៅពេលនេះ ប្រទេសអាមេរិកកំពុងហ្វឹកហាត់ក្រុមអាកាសយានិកពីរបៀបប្រើប្រាស់យន្តហោះអែហ្វ១៦។ ពួកគេបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាន់ទី១រួចហើយ។
សូមរំលឹកថាកាលពីពេលចូលរួមប្រជុំអង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែកក្កដា លោកហ្សេឡិនស្គីបានស្នើសុំឱ្យអង្គការនេះបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយដោយសេរី និងគ្មានលក្ខខណ្ឌ។ ជាពិសេស លោកចង់ប្រើប្រាស់អាវុធជំនួយវាយប្រហារចូលជ្រៅៗចូលទៅក្នុងទឹកដីរុស្ស៊ី។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើយន្តហោះប៉ុន្មានគ្រឿងដែលបញ្ជូនទៅឱ្យអ៊ុយក្រែនលើកទី១នេះទេ ហើយក៏មិនដឹងថាតើប្រទេសណាខ្លះបានបញ្ជូនយន្តហោះនោះ។
រាល់ដំណឹងទាំងនេះទទួលបានតាមរយៈប្រភពអនាមិកតែប៉ុណ្ណោះ។ ចំណែករដ្ឋាភិបាលទីក្រុងកៀវមិនទាន់ប្រកាសជាចំហនៅឡើយទេ។ លោកបៃដិនយល់ព្រមបញ្ជូនយន្តហោះអែហ្វ១៦ទៅឱ្យអ៊ុយក្រែនកាលពីខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែមុននឹងឈានដល់ការសម្រេចចិត្តបែបនេះ លោកទទួលរងសម្ពាធពីគ្រប់ទិស។ ម៉្យាង មេដឹកនាំអ៊ុយក្រែនស្នើសុំយ៉ាងទទូច។ ម៉្យាងទៀតមន្ត្រីក្រោមឱវាទរបស់លោកមិនចង់ឱ្យលោកបៃដិនសម្រេចចិត្តលឿនពេកទេព្រោះបារម្ភអំពីភាពតានតឹងជាមួយរុស្ស៊ី។
កាលពីពេលកន្លងមក ប្រទេសសមាជិកអង្គការណាតូខ្លះដូចជាបែលហ្សិច, ដាណឺម៉ាក, ហូឡង់ និងន័រវេធ្លាប់បានសន្យាថានឹងបញ្ជូនយន្តហោះម៉ាកអែហ្វ១៦លើសពី៦០គ្រឿងទៅឱ្យអ៊ុយក្រែន។ តាមពិត ចំនួនយន្តហោះប៉ុណ្ណឹងគ្មានអ្វីអស្ចារ្យទេបើប្រៀបធៀបជាមួយរុស្ស៊ីដែលមានយន្តហោះចម្បាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ។ រុស្ស៊ីសព្វថ្ងៃនេះមានយន្តហោះច្រើនជាងអ៊ុយក្រែនរហូតដល់១០ដងឯណោះ។
មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនអះអាងថាបើចង់តទល់គ្នាជាមួយរុស្ស៊ី លុះត្រាតែក្រុមសម្ព័ន្ធមិត្តបញ្ជូនយន្តហោះម៉ាកអែហ្វ១៦យ៉ាងតិច១៣០គ្រឿងដើម្បីទប់ទល់នឹងកម្លាំងទ័ពអាកាសរបស់រុស្ស៊ី។ យន្តហោះអែហ្វ១៦អាចហោះហើរលឿនជាងសំឡេងរហូតដល់ទៅ២ដងឯណោះ ហើយអាចចេញប្រតិបត្តិវាយប្រហារនៅក្នុងរយៈចម្ងាយ៣២០០គីឡូម៉ែត្រ។ សូមជម្រាបថាដំណឹងស្ដីពីការបញ្ជូនយន្តហោះទៅដល់ប្រទេសអ៊ុយក្រែនបានផ្សព្វផ្សាយដោយទូរទស្សន៍ប៊្លូមបឺកមុនគេ (Bloomberg)៕
ចែករំលែកព័តមាននេះ