ទីក្រុងយេរូសាឡឹម៖ នៅទីបំផុត នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតានយ៉ាហ៊ូ ចាប់ផ្ដើមថ្លែងសុន្ទរកថានយោបាយជាបណ្ដើរៗឡើងវិញក្រោយការបាញ់សម្លាប់មេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់ដោយគ្រាប់មីស៊ីលកាលពីថ្ងៃពុធ។ ប៉ុន្តែនៅក្នុងការថ្លែងសុន្ទរកថាលើកនេះ លោកណឺតាន់យ៉ាហ៊ូមិនបាននិយាយអ្វីពាក់ព័ន្ធនឹងធ្វើឃាតលោកអ៊ីស្មាអ៊ីល ហានីយេទេ។
លោកណឺតាន់យ៉ាហ៊ូបានចេញសេចក្ដីថ្លែងការណ៍ជាវីឌីអូឃ្លីបមួយកាលពីយប់ថ្ងៃពុធពាក់ព័ន្ធនឹងការចាត់វិធានការទៅលើក្រុមប្រដាប់អាវុធនានាដែលជាកូនចៅរបស់អ៊ីរ៉ង់។ លោកបាននិយាយពាក់ព័ន្ធនឹងការវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេមេន, ការបាញ់សម្លាប់មេបញ្ជាការដ៏សំខាន់ម្នាក់របស់ក្រុមហេស្បូឡានៅទីក្រុងបេរូត ប្រទេសលីបង់។
ប៉ុន្តែលោកមិនបាននិយាយអំពីការបាញ់ស្លាប់លោកអ៊ីស្មាអ៊ីល ហានីយេ (Ismail Haniyeh) មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់កាលពីព្រឹកថ្ងៃពុធនោះទេ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅរក្សាភាពស្ងៀមស្ងាត់ដដែលទោះបីក្រុមហាម៉ាស់ និងប្រទេសអ៊ីរ៉ង់យល់ថានេះជាស្នាដៃរបស់អ៊ីស្រាអែលដោយឥតប្រកែកបានឡើយ។ កាលពីពេលកន្លងមក អ៊ីស្រាអែលថ្លែងថាមេខ្លោងធំៗរបស់ក្រុមហាម៉ាស់ត្រូវតែទទួលខុសត្រូវចំពោះការវាយប្រហារអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣។
អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាចារ្យអាលី ខាមេនី (Ali Khamenei) ថ្លែងថាប្រទេសអ៊ីរ៉ង់ត្រូវតែសងសឹកឱ្យសពលោកហានីយេ មិនអាចឱ្យគាត់ស្លាប់ទទេៗបានឡើយព្រោះគាត់ត្រូវគេតាមធ្វើឃាតដល់ក្នុងទឹកដីប្រទេសអ៊ីរ៉ង់។ ស្ថានទូតអ៊ីរ៉ង់នៅអង់គ្លេសបានស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីនិយាយអំពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់រូបនេះ។
ការស្លាប់ហានីយេធ្វើឱ្យគេព្រួយបារម្ភ។ គេកំពុងតែខិតខំកាត់បន្ថយកម្ដៅនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាសុខៗស្រាប់តែមានអំពើឃាតកម្មកើតឡើង។ លើកនេះកើតឡើងចំមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់ទៅទៀត។ ដូច្នេះ គេបារម្ភថាក្រែងលោទប់មិនឈ្នះទោះបីមានការបន្ធូរបន្ថយភាពតានតឹងយ៉ាងណាក៏ដោយ។ សេតវិមាន និងប្រមុខការពារជាតិអាមេរិកថ្លែងថាសង្គ្រាម ឬភាពតានតឹងនៅមជ្ឈិមបូព៌ាមិនមែនយើងជៀសវាងមិនបាននោះទេ។ ពួកគេចង់មានន័យថាបើយើងខិតខំជៀសវាងត្រូវតែជៀសវាងបាន។ ណាស់តែយើងចេះតែពង្រីកបញ្ហាទេតើបានជាមានរឿងចេះតែកើតឡើងមិនចេះចប់។
រដ្ឋមន្ត្រីការពារជាតិអាមេរិកមិនទាន់អាចបញ្ជាក់បានថាតើអ៊ីស្រាអែលពិតជាជនដៃដល់នៅក្នុងការបាញ់មីស៊ីលសម្លាប់មេដឹកនាំក្រុមហាម៉ាស់នោះមែនឬយ៉ាងណាទេ ហើយលោកក៏មិនអាចបញ្ជាក់ថាតើចារកម្មយោធាបានផ្ដល់សញ្ញាទុកមុនថានឹងមានរឿងនេះកើតឡើងក៏ទេដែរ។ ប៉ុន្តែលោកសូមព្រមានថាបើប្រទេសដទៃចង់វាយប្រហារអ៊ីស្រាអែលទាំងទទឹងទិសដោយយកលេសថាដើម្បីសងសឹកឱ្យការស្លាប់នេះ អាមេរិកត្រូវតែចេញមុខការពារអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធនោះ លោកណឺតាន់យ៉ាហ៊ូត្រៀមទប់ទល់គ្រប់សេណារីយោទាំងអស់។ គ្រាន់តែថាលោកនៅតែបន្តគាំទ្រការចរចាគ្នាដើម្បីឱ្យមានបទឈប់បាញ់។ ទោះបីបទឈប់បាញ់នេះប្រហែលជាមិនងាយចេញរួចទេបន្ទាប់ពីមានព្រឹត្តិការណ៍ក្ដៅៗកើតឡើងជាហូរហែ។ ខាងលើនេះជាការចុះផ្សាយរបស់គេហទំព័រហ្វក់ញូស៍ (Fox News)៕
ចែករំលែកព័តមាននេះ