លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហើបតាមបណ្តាញសង្គមនៅដើមសប្តាហ៍នេះថា ការចាយវាយក្រដាសប្រាក់ដុល្លារមានភាពងាយស្រួលមួយផ្នែក ប៉ុន្តែក៏មានផលខាតដល់សេដ្ឋកិច្ចមួយផ្នែកដល់កម្ពុជា ។
លោកស្រីបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកស្រីមានក្តីសោមនស្សរីករាយដែលបានជួបជាមួយលោក ស៊ុន យូ (Sun Yu ) នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង ដែលជាធនាគារដៃគូរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដើម្បីជួយសម្រួលដល់ការកាត់បន្ថយលក្ខណៈវិនិច្ឆ័យនៃការជ្រើសក្រដាសប្រាក់ដុល្លារអាមេរិក ក៏ដូចជាកម្រៃសេវាផងដែរ។
លោកស្រីបានបន្តថា នៅក្នុងជំនួបពិភាក្សានោះ លោក ស៊ុន យូ បានទទួលសំណូមពរនេះ និង
យកទៅពិភាក្សាជាមួយក្រុមការងារលោកបន្តទៀត។
នៅក្នុងសារនេះ លោកស្រីបានបញ្ចាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកបោះពុម្ពក្រដាសប្រាក់ដុល្លារអាមេរិកទេ ហើយក៏មិនមានសិទ្ធិក្នុងការកាត់ដុតក្រដាសចាស់ ទក់ រហែក ដូចដែលយើងធ្វើសម្រាប់ប្រាក់រៀលនោះដែរ ។ យើងត្រូវជួលក្រុមហ៊ុនដឹកជញ្ជូនបង់សេវាធានារ៉ាប់រង ដើម្បីដឹកឲ្យធនាគារដៃគូរដែលមានសិទ្ធិផ្ទាល់ ឬដោយប្រយោល ជាមួយធនាគារកណ្តាលអាមេរិកក្នុងការគ្រប់គ្រងក្រដាសប្រាក់នេះ ។
ដូច្នេះ ធនាគារដៃគូយើងជាអ្នកកំណត់ លក្ខណៈវិនិច្ឆ័យ លើក្រដាសប្រាក់ដែលគាត់ទទួលបានពីយើង។ ការដឹកក្រដាសប្រាក់ថ្មីដុល្លារអាមេរិកចូលវិញ ក៏ត្រូវមានបង់សេវាដឹកជញ្ជូនធានារ៉ាប់រងដូចគ្នា ដែលត្រូវរាប់រងដោយធនាគារជាតិ ។
ត្រង់ចំណុចនេះ លោកស្រីបានសង្កត់ធ្ងន់ថា «ដូច្នេះ ការចាយវាយក្រដាសប្រាក់ដុល្លា មានភាពងាយស្រួលមួយផ្នែក ប៉ុន្តែក៏មានផលខាតដល់សេដ្ឋកិច្ចមួយផ្នែកដែរ។ យើងត្រូវថ្លឹងថ្លែងវិធានការ ឲ្យបានម៉ត់ចត់ ។ ជម្រើសល្អគឺបន្តប្រើប្រាស់ KHQR ក្នុងការទូទាត់ ជាដុល្លារ ឬរៀល និងលើកទឹកចិត្តភ្ញៀវទេសចរឲ្យប្រើប្រាក់រៀលឲ្យបានច្រើន»។
ទន្ទឹមនេះ លោកស្រី ក៏បានបញ្ជាក់អំពីការជួបពិភាក្សាជាមួយ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយប្រទេសចិនលើប្រព័ន្ធទូទាត់ ជាពិសេស លើការផ្សព្វផ្សាយភ្ញៀវទេសចរចិនឱ្យប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ចែករំលែកព័តមាននេះ