ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម មុន្នី ឋានៈ ស្នងការរង និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ៤ទីតាំង កាលពីថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន៤ទីតាំង ជាបន្តបន្ទាប់ រួមមាន ៖
ទីតាំងទី១ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៦នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ ឈ្មោះ ហែម ស៊ីណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកហូតវត្ថុតាង រួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់ ទម្ងន់ ៩,៨១ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន២គ្រឿង, ដែកកេះចំនួន៣ និងបានធ្វើតេស្តទឹកនោមវិជ្ជមាន ។
ទីតាំងទី២ ៖ ចុះបង្ក្រាបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣២នាទីថ្ងៃត្រង់ នៅចំណុចផ្ទះរបស់ឈ្មោះ ហែម ស៊ីណាក់ ដដែល ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន២នាក់ ១-ឈ្មោះ កុល ឧសភា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ និង២-ឈ្មោះ ហេង ទីឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់៤៧,៨ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ១គ្រឿង ,ម៉ូតូ១គ្រឿង ,ជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង, អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១អំពូល,កាបូបស្ពាយពណ៌ក្រហមចំនួន១ និងបានធ្វើតេស្តទឹកនោមវិជ្ជមាន ទាំង២នាក់ ។
ទីតាំងទី៣ ៖ បង្ក្រាបនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤និង១២នាទីរសៀល នៅចំណុចផ្ទះរបស់ឈ្មោះ ប្រាក់ ដារ៉ារ័ត្ម ស្ថិតនៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់ ១-ឈ្មោះ ប្រាក់ ដារ៉ារ័ត្ម(ហៅត្រង៉ោល) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ប៊ូ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កាត់ខាងលើ និងបានដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់(រុំស្គុតពណ៌ក្រហមនិងទឹកប៊ិចចាស់) ទម្ងន់ ២,១៨ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ១គ្រឿង ,អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន២អំពូល ,កូនកាបូបតូចពណ៌ស្វាយចំនួន១ និងបានធ្វើតេស្តទឹកនោមវិជ្ជមាន ទាំង២នាក់ ។
ទីតាំងទី៤ ៖ បង្ក្រាបនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤និង៣៨នាទីរសៀល នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន២នាក់ ១-ឈ្មោះ ម៉ៅ វិសាល(ហៅទូ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ រ៉សេត ហាំមាត់ ភេទប្រុស អាយុ២២ឆ្នាំ (ទាំង០២នាក់រស់នៅភូមិសង្កាត់កើតហេតុខាងលើ) នឹងដកហូតវត្ថុតាងរួមមានៈម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ ទម្ងន់៣០,៨៥ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ), ទូរសព្ទដៃ២គ្រឿង ,សម្ភារៈជក់២កំប្លេរ, ម៉ូតូ១គ្រឿង, សម្រាប់ចូកថ្នាំញៀនចំនួន១ ស្លាកលេខម៉ូតូ ចំនួន១សន្លឹក(ពោធិ៍សាត់1M-6054) និងបានធ្វើតេស្តទឹកនោមវិជ្ជមាន ទាំង២នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ច សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ