ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​យុទ្ធភណ្ឌ​ជាង​២​ម៉ឺន​គ្រាប់ រួម​ទាំង​សំណល់​ដែក​នាវា ប្រមាណ​២៧​តោន ត្រូវ​បាន​រុករក​ឃើញ​នៅ​បាតទន្លេ​មេគង្គ

4 ខែ មុន

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា ដែល​លិច​ក្នុង​ទន្លេ និង​សមុទ្រ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​រក​ឃើញ​នៅ​ក្នុង​នាវា​លិច​ក្នុង​បាតទន្លេ ស្ថិត​នៅ​បរិវេណ​វត្ត​ពាម​រាំង​ក្រោម ក្នុងភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ។

អញ្ជើញ​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ នូវ​ក្ដី​ស្ញប់ស្ញែង​ចំពោះ​វីរភាព​របស់​កម្លាំង​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច ក្នុង​បាតទន្លេ ព្រមទាំង​កម្លាំង​ស៊ី​ម៉ាក់ (CMAC) និង​កម្លាំង​នគរបាល​ជាតិ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​បច្ចេកទេស​ខ្ពស់ និង​ភាព​អង់អាច​ក្លាហាន​ដ៏​អស្ចារ្យ នៅ​កណ្ដាលទន្លេ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក ខេត្តកណ្ដាល និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់​ទុក​បេសកកម្ម​នេះ​ថា ជា​ការ​យកអាយុ​ជីវិត​ប្ដូរ​យក​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាជន និង​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិខ្មែរ ដែល​ឆ្លងកាត់​សង្គ្រាម និង​បន្សល់ នូវ​គ្រាប់​យុទ្ធភណ្ឌ រួម​ទាំង​សំណល់​ជាតិ​ផ្ទុះ​ទាំង​លើ​ដី ក្នុង​ដី និង​ក្រោម​ទឹក ស្ទើ​គ្រប់​ទីកន្លែង ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ចាប់តាំងពី​ប្រទេស​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា អត្រា​ពលរដ្ឋ​ស្លាប់ និង​របួស​ដោយ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បាន​ឈរ​នៅ​លំដាប់​ខ្ពស់​គួរ​ឱ្យ​បារម្ភ ប៉ុន្តែ​ដោយសារ​បេសកកម្ម​របស់​កម្លាំង​ជំនាញ ដោយ​មានការ​គាំទ្រ​ពី​បណ្ដា​ដៃគូ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​ធូរស្រាល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជំនួស​មក​វិញ នូវ​ការ​ប្រឈម​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។

គួរ​កត​ត់​សម្គាល់ថា កម្លាំង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ នៅ​ភូមិសាស្ត្រ​ស្រុក​លើក​ដែក ប្រសប់​នឹង​ស្រុក​ពាម​ជរ នេះ មាន​កម្លាំង​ស៊ី​ម៉ាក់​ចំនួន​២១៤​នាក់ និង​កងកម្លាំង​នគរបាល​ជាតិ​ចំនួន​៦​នាក់​។ ប្រតិបត្តិការ​នេះ បាន​អនុវត្ត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់​ពី​បញ្ចប់​ដោយ​ជោគជ័យ​សម្រាប់​ប្រតិបត្តិការ​នៅ​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម ដែល​កាល​ណោះ​សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ធ្លាប​បាន​អញ្ជើញ​សួរសុខទុក្ខ និង​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ដូច​គ្នា​ដែរ ។

យោង​តាម​របាយការណ៍​ថ្លែង​ដោយ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ប្រតិបត្តិការ​ដែល​បាន​នឹង​កំពុង​អនុវត្ត​នេះ បាន​ស្រង់​គ្រាប់​ចំនួន ២៤.៦៩៩​គ្រាប់ បំណែក​ដែក​នាវា​និង​បំ​បែង​យុទ្ធភណ្ឌ​សង្គ្រាម​ចំនួន​ជាង ២៧​តោន ក្នុង​នោះ​មាន​គ្រាប់​យុទ្ធភណ្ឌ​ដែល​ស្រង់​បាន ត្រូវ​ដឹក​យក​ទៅ​កាន់​ខេត្តកំពង់ឆ្នាំង ដើម្បី​ដោះ​បន្សាប​បាន​ចំនួន ៨.២៤៦​គ្រាប់ និង​កម្ទេច​ចោល​បាន​ចំនួន ១៣.០៣៧​គ្រាប់ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​នាម​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង​ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំងមូល បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​កម្លាំង​ប្រតិបត្តិការ ដោយ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ឧ​ត្ថ​ម្ភ​ថវិកា​ដល់​អង្គភាព​ស៊ី​ម៉ាក់​ចំនួន​២​ម៉ឺន​ដុល្លារ​អាម៉េរិក ឧ​ត្ថ​ម្ភ​កម្លាំង​ប្រតិបត្តិការ​ទាំង​២២០​នាក់ ក្នុង​ម្នាក់​២​សែន​រៀល បន្ថែម​លើ​ការ​ឧបត្ថម្ភ​ដល់ទី​បញ្ជាការដ្ឋាន​ប្រតិបត្តិការ រួម​ទាំង​អង្ករ មី ត្រីខ ទឹកក្រូច ទឹក​ផ្លែ​ឈើ និង​ទឹកបរិសុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ