មានការចាប់អារម្មណ៍ជាខ្លាំងនៅទឹកដីអាហ្វ្រិចកណ្តាល បន្ទាប់ពីទាហានមួកខៀវកម្ពុជា បានវេចនំអន្សមធ្វើសកម្មភាពក្រងស្បូវ ក្រងស្លឹកធ្វើផ្ទះ និងសកម្មភាពបញ្ចូលថ្មទូរស័ព្ទជាដើម ។
ប្រាកដណាស់ តាមរយៈវីដេអូឃ្លីបមួយចំនួន ដែលចែកចាយដោយបងប្អូនទាហានមួកខៀវខ្មែរបានបង្ហាញនូវមុខរបរប្លែកៗរបស់បងប្អូនជនជាតិអាហ្វ្រិកកណ្តាលលក់ដូរនៅផ្សារនោះ ។ វីដេអូ គឺត្រូវបានថតនិងចែកចាយដោយទាហានមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
វីដេអូដែលបង្ហាញប្រជាជនអាហ្វ្រិកកណ្តាលលក់ដូរនៅផ្សារ និងអាចនិយាយភាសាខ្មែរបានខ្លះៗនោះបានសាងភាពភ្ញាក់ផ្អើលមួយដោយទាហានមួកខៀវកម្ពុជា បង្រៀនប្រជាជនដែលរស់នៅក្នុងតំបន់នោះ រៀននិយាយពីភាសាខ្មែរ ទាក់ទងនឹងដាំណាំហូបផ្លែផ្សេងៗដោយប្រជាជននៅអាហ្វ្រិកកណ្តាល ដែលកំពុងលក់ដូរនៅផ្សារនៃតំបន់នោះ ពិតជារួសរាយរាក់ទាក់ចំពោះទាហានមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកម្មមនុស្សធម៌ និងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
លើសពីនេះ ក្រៅពីការលក់ដូរនៅផ្សាររបស់បងប្អូនជាតិអាហ្វ្រិកកណ្តាល ទាហានមួកខៀវកម្ពុជា លោក សុន រ៉ាន់ឌី ក៏បង្ហាញមុខរបរប្លែកមួយទៀត គឺការសាកថ្មទូរស័ព្ទ និងសកម្មភាពផ្សេងៗរបស់កងទ័កមួកខៀវ និងប្រជាជនអាហ្វ្រិកកណ្តាល ដែលរស់នៅតំបន់នោះ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយលោក សុន រ៉ាន់ឌី បានជម្រាបជូនថា បងប្អូនជាតិអាហ្វ្រិក ដែលរស់នៅក្នុងតំបន់អាហ្វ្រិកកណ្តាលនេះ ពិតជារួសរាយរាក់ទាក់ដោយពួកគាត់តែងនិយាយលេងសើចជាមួយបងប្អូនខ្មែរយើង ដោយគ្មានការប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរអ្វីនោះទេ ពោល គឺរាប់អានគ្នាដូចបងប្អូន ។
លោក សុន រ៉ាន់ឌី ដែលស្ថិតក្នុងវ័យ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ លោកបន្តថា មូលហេតុដែលវេចនំអន្សមនោះ គឺអោយតែដល់រដូវបុណ្យទាន លោក និងទាវមួកខៀវផ្សេងទៀតវេចនំ ដើម្បីសែន ដោយវេចក្នុងឪកាសបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ឬបុណ្យចូលវស្សាជាដើមនោះ ព្រោះអាហ្វ្រិចកណ្តាលគ្មានវត្តអារាមនោះទេ ហើយសម្រាប់ការរស់នៅទីនេះ គឺស្រួល ព្រោះប្រជាជនអាហ្វ្រិកមិនមានការរើសពួកនោះឡើយ ។
លោក សុន រ៉ាន់ឌី ដែលជាកងទ័ពមួកខៀវបំរើការងារកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជនជាតិ បានលើកឡើងបន្តថា នៅអាហ្វ្រិកកណ្តាល គឺមានការលក់ដូរនៅទីផ្សារគួរឱ្យចាប់អារម្មណ៍ច្រើន ពិសេសក្រៅពីការលក់ដូរនូវរបស់របរតូចៗ ដូចជា ផ្លែឈើហូបផ្លែនោះ គឺមានដូចជា មុខរបរគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការស្រាក់ថ្មទូរស័ព្ទ ដោយប្អូនណាដែលចង់ស្រាក់ថ្មអាចធ្វើការស្រាក់បានដោយការស្រាក់ថ្មទូរស័ព្ទមួយគ្រឿង គឺគិតតម្លៃ១៥០ស៊ីហ្វា(CF) ឬប្រហែលជា ១០០០រៀលលុយខ្មែរ ។
លោក សុន រ៉ាន់ឌី ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានបន្តថា នៅតំបន់អាហ្វ្រិកកណ្តាលនៃទីក្រុងប្រៀរ ដែលលោកបានបង្ហាញសកម្មភាពលក់ដូរ និងការរស់នៅរបស់ប្រជាជនអាហ្វ្រិកកណ្តាលនេះ គឺការរស់នៅមានការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចជា ការស្រាក់ថ្មនេះជាដើម ដោយបងប្អូនក្រក្រីមិនមានសូឡាប្រើ គឺតែងយកទូរស័ព្ទមកបញ្ចូលថ្ម និងនៅពេលយប់ត្រូវដុតអុស ដើម្បីបំភ្លឺនាពេលរាត្រី តែសម្រាប់អ្នកដែលមានធនធានសមល្មម គឺគេដាក់សូឡាសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ ។
ទន្ទឹមនឹងភាពខ្វះខាតរបស់បងប្អូនអាហ្វ្រិកកណ្តាល ដែលរស់នៅទីក្រុងបៀរ លោកបានបន្ថែមថា សម្រាប់កងទ័ពមួកខៀវមិនមានការលំបាកច្រើននោះ ព្រោះមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះបងប្អូនកងទ័ពមួកខៀវដែលមានចំនួន២០០នាក់ គឺមានការហូបចុកគ្រប់គ្រាន់ និងការរស់នៅមានភាពល្អប្រសើរ ។
លោក សុន រ៉ាន់ឌី ដែលមានឋានន្តរសក្តិជាពលបាលឯក ជំនាញបុគ្គលិកបើកបរឡានសណ្តោង៤០តោន លោកពិតជាស្រឡាញ់ការងារកងទ័ពនេះណាស់ ដោយលោកបានរួមរស់រក្សាសន្តិភាពជូនជាតិ និងរស់ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក សុន រ៉ាន់ឌី ដែលមានឪពុក និងប្អូនៗបម្រើការងារជាកងទ័ពដែរនោះ បានបន្ថែមថា លោកពិតជានឹករលឹកមាតុភូមិរបស់លោកជាខ្លាំង ដោយក្នុងរយៈមួយឆ្នាំលោកបានមកលេងផ្ទះជួបជុំឪពុកម្តាយម្តង ។ ចំណែកឯទាក់ទង និងការប្រើប្រាស់ភាសានៅតំបន់អាហ្វ្រិកកណ្តាល លោកនិយាយភាសាបារាំង ភាសាអង់គ្លេស ភាសារវ៉ាន់ដា និងភាសាសាំងហ្គោ ជាភាសាដើមរបស់ជនជាតិអាហ្វ្រិកកណ្តាលជាដើម ។
ជាចុងក្រោយ លោកពិតជាអរគុណខ្លាំងណាស់ ចំពោះការគាំទ្រវីដេអូផ្សេងៗដែលរូបលោកបានផ្តិតយករូបភាពរបស់ការរស់នៅប្រជាជនអាហ្វ្រិកកណ្តាល ។ ហើយលោកក៏សុំការអព្យាស្រ័យ ពីសំណាក់បងប្អូនខ្មែរដែលបានទស្សនាវីដេអូរបស់លោក ក្នុងករណីបើមានការខុសឆ្គង ឬលើសលួសណាមួយនោះ ៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ