ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​មិនល្អ​! ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រកបរបរ​ស្មូនឆ្នាំង ​ក្នុងស្រុក​រលាប្អៀរ

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ​ង​ ៖ អ្នក​ភូមិ​បា.ញ់​ឆ្គោ​ល ឃុំ​​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ស្មូនឆ្នាំង បាន​

ខេត្ត​កំពង់​ឆ្នាំ​ង​ ៖ អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ស្មូនឆ្នាំង បាន​ត្អូញត្អែរ​ពី​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គាត់​មិន​ដំណើរការ ដោយសារ​បញ្ហា​សេដ្ឋកិច្ច​មិនល្អ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​ពួក​គាត់​ក៏​​ជំពាក់​ប្រាក់​ធនាគារ​ដែល​ខ្ចី​មក​ធ្វើ​ដើម​ទុនប្រកប​មុខរបរ លុះ​លក់​មិន​ដាច់​ក៏​បាន​ចោទ​ជា​បញ្ហា ខណៈ​ដែល​ធនាគារ​មក​ទារប្រាក់​ជា​រៀង​រាល់​ខែ ។

លោក សុត ណូ រស់នៅ​ក្នុងភូមិ​ ឃុំ​ខាងលើ​ជា​អ្នក​​ផលិត​ចង្ក្រាន​ដី និង​ដឹក​យក​ទៅ​លក់​តាម​​​ខេត្ត​នានា ​និយាយ​ថា ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​មិនល្អ​ មិនមែន​ចោទ​តែ​អ្នកជំនួញ​ធំ​ៗ ឬ​ក្រុមហ៊ុន​ក្រាក់​ៗ​នោះ​ទេ សូ​ម្បី​តែ​អ្នកមាន​មុខរបរ​តូចតាចដូច​គាត់​ដែល​ជា​អ្នក​ប្រកប​របរស្មូនឆ្នាំង​ក៏​មិន​ដំណើរការ​ លក់​មិន​ចេញ​ឡើយ ។ នៅ​តាម​រោង និង​តាម​ក្រោមផ្ទះប្រជាពលរដ្ឋ គឺ​ពេញ​ណែន​ដោយ​ចង្ក្រាន ក្អម ឆ្នាំង និង​ផលិតផល​ជា​ច្រើន​មុខ​ទៀត ដែល​ធ្វើ​អំពី​ដី​ នៅ​សល់​គរ​ពេញទី​តាំង​ស្តុក​ទាំងអស់ ។

បើ​ប្រៀបធៀប​ពី​សម័យ​ជំងឺ​កូ​វី​ដ​-១៩ គឺ​សម័យ​​កូ​វី​ដ​​លក់ដាច់​ជាង តែ​មក​ដល់​សម័យ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​នេះ​គឺ​សូន្យ​តែ​ម្តង ។ គាត់​ក៏​សំណូម​​ពរ​ដល់​បងប្អូន​អ្នក​ប្រើប្រាស់ មេ​តា្ត​ជួយ​ទិញ​ផលិតផល​ឆ្នាំង​របស់​អ្នក​ភូមិ​បាញ់​ឆ្គោ​ល​ផល ។

លោក សុត ណូ បាន​បន្ត​ថា អ្នក​ភូមិ​បាញ់​ឆ្គោ​ល ដែល​មានមុខ​របរ​ដឹក​ឆ្នាំង​ដើរ​​លក់​តាម​​​ខេត្ត​នានា ខ្លះ​បាន​បញ្ឈរ​រ៉ឺ​ម៉ក​ឬ​រថ​យន្ត​​ទុក​​​​មួយ​​រយៈ ព្រោះតែ​ការ​ដឹក​ទៅ​លក់ គឺ​លក់​មិន​ដាច់​ខាត​តែ​ថ្លៃ​សាំង​រថយន្ត សាំង​​ម៉ូតូ ។ ចំណែក​ការ​ដឹក​ចេញ​​ទៅ​លក់​នោះ​ទៀត​សោត គឺ​ដឹក​ដល់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ស្ទឹងត្រែង​ជាដើម ដោយ​ចំណាយពេល​ពី ១០​ទៅ ១៥​ថ្ងៃ ទើប​ត្រឡប់​ដល់​ផ្ទះ​វិញ ។

ប៉ុន្តែ​ពេល​នេះ​ចង្ក្រាន​គាត់​មិន​ដំណើរការ ខ្លះ​ក៏​ផ្អាក​ដឹក​ចេញ​ទៅ​លក់ តែ​ខ្លះ​មិនដឹងរ​កអី ក៏​ប្រថុយ​ដឹក​ទៅ​លក់​ផ្សងព្រេង ។ ទាំង​រូប​គាត់ក៏​ដូច​ជា​អ្នក​ភូមិ​បាញ់​ឆ្គោ​ល សុ​ទ្ធ​តែ​​ជំពាក់​ធនាគារ​ ដោយសារ​តែ​គ្មាន​ដើមទុន ។

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ប្រកប​របរ​ស្មូនឆ្នាំង​ជា​ច្រើន​ឆ្នាំ​ និយាយ​ដែរ​ថា កាលសម័យ​កូ​វី​ដ​-១៩ ទោះ​​សមត្ថកិច្ចតាម​​ខេត្ត​នានា រារាំង​មិន​ឲ្យ​ចូល​ក្នុងភូមិ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​វី​ដ​-១៩ក្ដី ក៏​អ្នក​ភូមិ​ចេះ​តែ​ព្យាយាម​ដឹក​យក​ទៅ​លក់បាន​ដាច់​គ្រាន់បើ​ដែរ ។ ប៉ុន្តែ​ក្រោយ​ពី​កូ​វី​ដ​ចប់ បែរជា​លក់​មិន​ដាច់​វិញ ។

បើ​ម៉ូយ​តាម​បណ្តា​ខេត្ត​វិញ ទូរស័ព្ទម​ក​ប្រាប់​ថា មិនបាច់​ដឹក ឬ​ផ្ញើ​របស់​យក​ទៅ​ទេ ព្រោះ​នៅ​ឯណោះ ក៏​លក់​មិន​ដាច់​ដែរ ។ ចំណែក​គាត់​សព្វថ្ងៃ នៅ​ជំពាក់​ធនាគារឯកជន ពេល​គេ​មក​ទារ គាត់​ចេះ​តែ​សុំ​ពន្យារពេល​រហូត បើ​ទោះ​ត្រូវ​​ខាង​ធនាគារគេ​ស្តីបន្ទោស​យ៉ាងណា​ក៏គាត់​ចេះ​តែ​ទ្រាំទៅ ។

គួរ​រំ​ឭ​កថា​ មិនមែន​តែ​អ្នក​ភូមិ​បាញ់​ឆ្គោ​ល​ទេ ដែល​ជួប​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ជីវភាព​គ្រួសារ គឺ​ប៉ះពាល់​ស្ទើរ​គ្រប់​​អាជីវកម្ម​នានា​ជា​ច្រើន​ទៀត លើកលែងតែ​អាជីវ​កម្ម​ខ្លះ​ដែល​ជា​តម្រូវការ​ចាំបាច់​នៅ​អាច​ដំណើរការ​បានជា​ធម្មតា ពិសេស​អ្នក​លក់ដូរ​តាម​អន​ឡាញនូវ​ផលិត​ផល​ផ្សេង​ៗ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ