ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត​ករណី​ស្លា​.ប់​ជន​ជាតិ​វៀតណា​ម​៦​នាក់​​នៅ​​​សណ្ឋា​គារ​ទី​ក្រុង​បាង​ក​ក

4 ខែ មុន

ទី​ក្រុង​បាងកក៖ មាន​ហេតុការណ៍​​​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​សណ្ឋាគារ​​​​​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​​នៅ​ពេល​សមត្ថ​កិច្ច​រក​ឃើញ​សាក​សព​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀត​ណាម​២​នាក់​ និង​ជន​ជាតិ​វៀតណាម​៤​នាក់​។ ពួក​គេ​ត្រូវ​ថ្នាំ​ពុល​បែក​ពពុះ​មាត់​ស្កុល​​​។ សមត្ថ​កិច្ច​ទទួល​ដំណឹង​នេះ​នៅ​ម៉ោង​៥:៣០​ល្ងាច​ ​ហើយ​ក៏​​​ចាត់​កម្លាំង​ចុះ​ទៅ​​សណ្ឋា​គារ​​ហ្គ្រេន ​ហ៊ីយ៉ាត​ អេរ៉ាវ៉ាន់ (Grand…

ទី​ក្រុង​បាងកក៖ មាន​ហេតុការណ៍​​​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​សណ្ឋាគារ​​​​​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​​នៅ​ពេល​សមត្ថ​កិច្ច​រក​ឃើញ​សាក​សព​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀត​ណាម​២​នាក់​ និង​ជន​ជាតិ​វៀតណាម​៤​នាក់​។ ពួក​គេ​ត្រូវ​ថ្នាំ​ពុល​បែក​ពពុះ​មាត់​ស្កុល​​​។ សមត្ថ​កិច្ច​ទទួល​ដំណឹង​នេះ​នៅ​ម៉ោង​៥:៣០​ល្ងាច​ ​ហើយ​ក៏​​​ចាត់​កម្លាំង​ចុះ​ទៅ​​សណ្ឋា​គារ​​ហ្គ្រេន ​ហ៊ីយ៉ាត​ អេរ៉ាវ៉ាន់ (Grand Hyatt Erawan)។ ​ទៅ​ដល់​ឃើញ​សព​បុរស​បី​​​នាក់ និង​នារី​​​បី​​​នាក់​​​នៅ​ក្នុង​បន្ទប់​តែ​មួយ​។

យោង​តាម​ការ​ពិនិត្យ​នៅ​ក្នុង​បន្ទប់ ​និង​ភិន​ភាគ​ជន​រង​គ្រោះ​, ​គ្មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​​ទេ​​។ ឥវ៉ាន់​របស់​ពួក​គេ​​ស្ថិត​នៅ​​មាត់​ទ្វារ​ចូល​។​ សមត្ថ​កិច្ច​​ឆែក​មើល​​កាមេរ៉ា​សុវត្ថិ​ភាព​ និង​សាក​សួរ​សាក្សី​មួយ​ចំនួន​ដើម្បី​បាន​ជា​តម្រុយ​ក្នុង​ការ​ស៊ើប​អង្កេត​។ ​​​គ្រូ​ពេទ្យ​កោសល្យ​វិច័យ​បញ្ជាក់​ថា​ពួក​គេ​ស្លាប់​ដោយ​សារ​ថ្នាំ​បំពុល​។ ប៉ុន្តែ​គេ​​មិន​​ដឹង​ថា​​តើ​​ជន​រង​គ្រោះ​​​ដាក់​ថ្នាំ​បំពុល​ខ្លួន​ឯង​ឱ្យ​ស្លាប់​ជា​​​លក្ខណៈ​ធ្វើ​អត្ត​ឃាត? ឬ​ក៏​ត្រូវ​ថ្នាំ​បំពុល​របស់​អ្នក​ផ្សេង​ជា​លក្ខណៈ​មនុស្ស​ឃាត​?​ ​សមត្ថ​កិច្ច​រក​ឃើញ​ថា​​ពួកគេ​បាន​ផឹក​តែ​ និង​កាហ្វេ​នៅ​ក្នុង​បន្ទប់​​​។​ សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​​ជន​រង​គ្រោះ​​ស្លាប់​ដោយ​សារ​ថ្នាំ​ពុល​ស្យានីត ​​(cyanide)។

យោង​តាម​ស្នង​ការ​នគរ​បាល​ទី​ក្រុង​បាងកក, ​​ភ្ញៀវ​៧​នាក់​​​ចូល​ស្នាក់​នៅ​៥​បន្ទប់ ​នៅ​ជាន់​ទី៧​បួន​​​បន្ទប់​ ​និង​ជាន់​ទី​៥​មួយ​បន្ទប់​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​​​។ អ្នក​ស្នាក់​នៅ​​​ជាន់​ទី​៧​​ត្រូវ​ចាក​ចេញ​នៅ​​ល្ងាច​ថ្ងៃ​ចន្ទ​​​។ ​វ៉ាលី​របស់​ពួកគេ​បាន​រៀប​ចំ​រួចរាល់​​អស់​ហើយ​​នៅ​មាត់​ទ្វារ​​។ ប៉ុន្តែ​មុន​នឹង​ចាក​ចេញ​, ពួក​គេ​ចុះ​​ទៅ​បន្ទប់​​គ្នា​របស់​គេ​​ម្នាក់​ទៀត​នៅ​ជាន់​ទី​៥​ដើម្បី​ញ៉ាំ​អាហារ​ជុំ​គ្នា​។​​

​​លោក​ស្នង​ការ​រូប​នេះ​​យល់​​​​ថា​​ជន​រង​គ្រោះ​​​​​ប្រហែល​ជា​ស្លាប់​ដោយសារ​​គេ​ដាក់​ថ្នាំ​បំពុល​។​​​​​ ​​អាហារ​ដែល​បុគ្គលិក​សណ្ឋាគារ​លើក​ទៅ​ឱ្យ​​​ពួក​គេ​បរិភោគ​នោះ​​​​នៅ​​សល់​ទាំង​អស់​ មិន​ទាន់​​បាន​​បរិភោគ​សូម្បី​តែ​១​ម៉ាត់​។ ចំណែក​​​​តែ​ និង​កាហ្វេ​មុន​ដំបូង​​​ប្រហែល​ជា​ចាក់​ពេញ​ពែង​​។ បន្ទាប់​មក​ ត្រូវ​ពួក​គេ​ផឹក​អស់​រលីង ហើយ​មាន​បន្សល់​ទុក​កាក​ម្សៅ​នៅ​បាត​ពែង​​​​​។​​ ​ឥឡូវនេះ សមត្ថ​កិច្ច​កំពុង​តាម​រក​ជន​ជាតិ​វៀតណាម​ម្នាក់​​ដែល​មិន​​​ដឹង​ថា​ស្ថិត​នៅ​ទី​ណា​​ពិត​ប្រាកដ​ទេ​។​ ប៉ុន្តែ​ច្បាស់​ណាស់​ថា​តិច​ ឬ​ច្រើន​បុគ្គល​រូប​នេះ​ត្រូវ​តែ​ជាប់​ពាក់​ព័ន្ធ​។

នៅ​ក្នុងចំណោម​អ្នក​ទាំង​៦​នោះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ស្នាម​​​នៅ​លើ​ផ្ទៃ​មុខ​។ ប៉ុន្តែ​សមត្ថ​កិច្ច​យល់​​​ថា​ស្នាម​នេះ​មិន​មែន​ជា​​​​អំពើ​​ហិង្សា​ទេ​។ ប្រហែល​ជា​ជន​រង​គ្រោះ​​ដួល​​​ប៉ះ​ចំ​​វត្ថុ​អ្វី​មួយ​​ត្រូវ​ចំ​មុខ​របស់​គាត់​។​ បើ​តាម​កាយ​វិការ​មុន​ពេល​ស្លាប់​ ជន​រង​គ្រោះ​២​នាក់​ ម្នាក់​ជា​ស្ត្រី និង​ម្នាក់​ទៀត​ជា​បុរស​ទំនង​ជា​ខំ​ប្រឹង​ប្រវេ​ប្រវា​ទៅ​រក​ទ្វារ​បន្ទប់​ដើម្បី​សូម​ឱ្យ​គេ​ជួយ​​។ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ថៃ​ថ្លែង​ថា​​នៅ​ពេល​សមត្ថ​កិច្ច​ទៅ​ដល់​​​កន្លែង​កើត​ហេតុ​ឃើញ​បន្ទប់​នោះ​ជាប់​គន្លឹះ​ពី​ខាង​ក្នុង​​​។

​​យោង​តាម​កាសែត​​វៀតណាម​អ៊ិច​ប្រែស​​​ដែល​​​ដក​​​ស្រង់​ប្រភព​​​​សូម​មិន​បញ្ចេញ​ឈ្មោះ​, ​ជន​រង​គ្រោះ​​​ទាំង​នោះ​បែក​ពពុះ​មាត់​។​ ​កាសែត​​ដដែល​នេះ​​បាន​​និយាយ​យោង​ទៅ​តាម​​​​សេចក្ដី​ប្រកាស​របស់​​ក្រសួង​ការ​បរទេស​ដែល​ថា​​ជន​រង​គ្រោះ​៥​នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​។ រីឯ​​​​​ម្នាក់​ទៀត​​ស្លាប់​នៅ​ខាង​ក្រៅ​បន្ទប់​។​ ​ដំណឹង​នេះ​បា​នលេច​ឮ​ដល់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​សេដ្ឋា ថាក់​វិស៊ីន​​។ លោក​​ចុះ​ទៅ​​កន្លែង​កើត​ហេតុ​ទាំង​យប់​​។ លោក​​​ថ្លែង​ថា​​ជន​រង​គ្រោះបាន​​​​ស្លាប់​​ប្រហែល​២៤​ម៉ោង​មុន​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​។

«យើង​ត្រូវ​តែ​​វះ​កាត់​សាក​សព​ដើម្បី​ពិនិត្យ​មើល​ថា​តើ​​មាន​សារ​ធាតុ​អ្វី​នៅ​ក្នុង​ខ្លួន​របស់​ជន​រង​គ្រោះ​​​។ ប៉ុន្តែ​លោក​សូម​ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ដែល​និយាយ​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​អំពើ​​ប្លន់​​ ឬ​អំពើ​បាញ់​ប្រហារ​។ លោក​យល់​ថា​ហេតុ​ការណ៍​នេះ​ជា​អ្វី​ដែល​ហួស​ពី​ការ​ស្មាន​។ ប៉ុន្តែ​សង្ឃឹម​ថា​មិន​ប៉ះ​ពាល់​អារម្មណ៍​របស់​អ្នក​ទេស​ចរ​ទេ​។​ លោក​​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​​​ចាត់​វិធាន​ការ​ពង្រឹង​សតិ​អារម្មណ៍​របស់​សាធារណ​ជន​ឡើង​វិញ​ដើម្បី​កុំ​ឱ្យ​ពួកគេ​មាន​អារម្មណ៍ភ័យ​ខ្លាច។​

​​ករណី​ស្លាប់​ជន​ជាតិ​បរទេស​​អាច​នឹង​ប៉ះ​ពាល់​វិស័យ​ទេស​ចរណ៍​ ហើយ​អាច​នឹង​ប៉ះ​ពាល់​មុខ​មាត់​របស​​ប្រទេស​ថៃ​​ទៀត​បើ​រឿង​​នេះ​កើត​ឡើង​​ញឹក​ញាប់​ពេក​​។ គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក៏​មាន​​ករណី​សម្លាប់​​នារី​​ទេស​ចរ​ជន​ជាតិ​ចិន​ម្នាក់​​ឈ្មោះ​​យ៉ាន រួយមីន (Yan Ruimin) អាយុ​៣៨​ឆ្នាំ​។ នារី​រូប​នោះ​​​​ត្រូវ​​​ជន​សង្ស័យ​ល្បួង​ឱ្យ​ជិះ​ឡាន​ជា​មួយ​ខ្លួន​។ បន្ទាប់​មក​ ជន​សង្ស័យ​​ទាក់​ទង​ទៅ​​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​​ដើម្បី​ជំរិត​ទារ​លុយ​១លាន​យ័ន្ត​ ឬ​ស្មើ​នឹង​​ជាង​១៣​ម៉ឺន​ដុល្លារ​​​។ បើ​មិន​​ដូច្នេះ​​ទេ​ ពួក​គេ​រង់​ចាំ​ទទួល​សាក​សព​របស់​នាង​ទៅ​ចុះ​។ កន្លង​ផុត​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​ សមត្ថ​កិច្ច​រក​ឃើញ​សាក​សព​របស់​នារី​នោះ​​ត្រូវ​ជន​ដៃ​ដល់​យក​ទៅ​កប់​ចោល​៕​

សូមរំលឹក​ថា នារី​ចិន​ម្នាក់​ត្រូវ​ចិន​ដូច​គ្នា​ចា.ប់ជំ.រិត​នៅ​លើ​ទឹក​ដី​ថៃ​មិន​ដឹង​ស្លា.ប់​ ឬ​រស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ