ទីក្រុងបាងកក៖ សមត្ថកិច្ចនៅប្រទេសថៃកំពុងតាមរក និងជួយសង្គ្រោះនារីជនជាតិចិនម្នាក់ដែលសង្ស័យថាត្រូវគេចាប់ជំរិតយកទៅលាក់ទុកនៅទីកន្លែងណាមួយដើម្បីជាថ្នូរនឹងការបង់ប្រាក់រំលស់។ សមត្ថកិច្ចសង្ស័យថាជនដៃដល់នៅក្នុងអំពើនេះជាជនជាតិចិនដូចគ្នា។ បុរសជនជាតិចិនឈ្មោះឆាយប៉ូសៀនបានរាយការណ៍ទៅកាន់ប៉ុស្តិ៍នគរបាលបាងរ៉ាក់ (Bang Rak) កាលពីថ្ងៃសុក្រ ហើយប្រាប់ថាមិត្តភក្ដិរបស់ខ្លួនឈ្មោះយ៉ាន រួយមីន (Yan Ruimin) អាយុ៣៨ឆ្នាំបានបាត់ខ្លួនហើយ។
ដំណាក់កាលចុងក្រោយបង្អស់ដែលគាត់ទទួលដំណឹងពីនារីនោះនៅថ្ងៃទី៣០ ខែមិថុនានៅពេលនារីរងគ្រោះប្រាប់ថាខ្លួនត្រូវបន្តដំណើរទៅលេងកោះភូកេតនៅថ្ងៃទី២ ខែកក្កដា។ គាត់កំពុងព្រួយបារម្ភថានារីនោះអាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់។ យោងតាមប្រភពពីនគរបាលថៃ ក្រុមគ្រួសាររបស់នារីឈ្មោះយ៉ាននោះក៏កំពុងតែព្រួយបារម្ភសម្បើមណាស់ដែរបន្ទាប់ពីបាត់ដំណឹង និងដាច់ការទាក់ទងគ្នាអស់ជាច្រើនថ្ងៃមកហើយ។
ពួកគាត់ក៏ធ្វើដំណើរពីប្រទេសចិនទៅប្រទេសថៃ ហើយទាក់ទងទៅស្ថានទូតចិននៅទីក្រុងបាងកកដើម្បីធ្វើអន្តរាគមន៍។ ដូច្នេះ រឿងនេះមិនមែនជារឿងតូចតាចទេ ស្រួលមិនស្រួលអាចនឹងប៉ះពាល់មុខមាត់របស់ថៃ និងវិស័យទេសចរណ៍របស់ថៃ។ នៅដំណាក់កាលចុងក្រោយនេះ គេឮថាជនសង្ស័យម្នាក់នៅក្នុងអំពើជំរិតទារលុយនេះបានទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះ និងទារថ្លៃបង់រំលស់១លានយ័ន្ត ឬជាង១សែន ៣ម៉ឺនដុល្លារបើចង់ដោះលែងនារីរងគ្រោះត្រឡប់មកវិញ។
ជនសង្ស័យរូបនេះថែមទាំងព្រមានក្រុមគ្រួសារកុំយករឿងនេះប្រាប់សមត្ថកិច្ច ឬស្ថានទូតឱ្យសោះបើចង់ឃើញជនរងគ្រោះត្រឡប់ទៅវិញទាំងរស់។ បើមិនដូច្នេះទេ រូបគេមិនទទួលខុសត្រូវរឿងស្លាប់រស់ជាដាច់ខាត។ ស្នងការនគរបាលទីក្រុងបាងកក ឧត្ដមសេនីយ៍ធីធី សាងសាវ៉ាង (Thiti Sangsawang) បានបញ្ជាឱ្យក្រុមអ្នកស៊ើបអង្កេតសហការជាមួយការិយាល័យអន្តោប្រវេសន៍ដើម្បីតាមស្វែងរកនារីរងគ្រោះឈ្មោះយ៉ាន និងតាមប្រមាញ់ជនសង្ស័យរូបនោះជាបន្ទាន់។
ប្រភពសម្ងាត់បានរាយការណ៍ថាជនសង្ស័យរូបនោះត្រូវគេកំណត់អត្តសញ្ញាណបានហើយ។ គាត់ឈ្មោះម៉ាជីងយ៉ាន (Ma Qingyan)។ គេស៊ើបដឹងថាថ្ងៃទី៣០ ខែមិថុនា គាត់ជួលរថយន្ត១គ្រឿងពីយានដ្ឋាននៅទីក្រុងបាងកក។ ក្រុមហ៊ុនម្ចាស់រថយន្តជួលនោះបានចាត់បុគ្គលិករបស់ខ្លួនម្នាក់យកឡានទៅប្រគល់ឱ្យជនសង្ស័យដល់សណ្ឋាគារនៅម្ដុំស៊ីឡូម (Silom)។
ថ្ងៃទី១ ខែកក្កដា គេឃើញនារីរងគ្រោះឈរនៅផ្លូវសុខុមវីត សយ ១២ (Sukhumvit Soi 12) រួចដើរចូលទៅអង្គុយក្នុងរថយន្តដែលជនសង្ស័យបានជួល។ នៅពេលឆែកកាមេរ៉ាឃើញរថយន្តនោះបើកតាមផ្លូវសុខុមវីតសយលេខ១៦។ នៅថ្ងៃបន្ទាប់ គេឃើញរថយន្តនោះបើកឆ្ពោះទៅខេត្តឈុនបុរី។ ម៉ោង២រំលងអធ្រាត្រថ្ងៃទី៣ ខែកក្កដា រថយន្តនោះបើកដល់ខេត្តឆាឆឺងសាវ (Chachoengsao)។ ក្រោយមក ទូរស័ព្ទរបស់នារីរងគ្រោះក៏ដាច់សញ្ញាទាក់ទងទាំងស្រុងនៅម្ដុំសួនសាធារណៈនៃស្រុកមឿង។
ក្រោយមក ជនសង្ស័យប្រាប់បុគ្គលិកសណ្ឋាគារថាខ្លួនឈប់ស្នាក់នៅក្នុងសណ្ឋាគារនោះតទៅទៀតហើយ ហើយយករថយន្តដែលជួលនោះប្រគល់ទៅឱ្យម្ចាស់យានដ្ឋានវិញ។ បន្ទាប់មក គាត់ក៏បង្ហួសដំណើរទៅអាកាសយានដ្ឋានសុវណ្ណភូមិដើម្បីជិះយន្តហោះទៅទីក្រុងហុងកុងនៅល្ងាចថ្ងៃទី៣ ខែកក្កដា។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារនគរបាលថៃ។
គេមិនដឹងថាតើនារីរងគ្រោះស្លាប់ ឬរស់នោះទេ។ មូលហេតុនេះហើយបានជាសមត្ថកិច្ចថៃកំពុងតាមរកយ៉ាងដុតដៃដុតជើង។ ឥឡូវនេះឮថាជនសង្ស័យបានចាកចេញផុតពីប្រទេសថៃបាត់ទៅហើយ។ ព័ត៌មានចុងក្រោយបង្ហាញថានគរបាលថៃរកឃើញកាបូបរបស់នារីរងគ្រោះដែលបានឆេះខ្ទេចខ្ទីអស់រលីងនៅសល់តែផេះ និងធ្យូងតែប៉ុណ្ណោះ។ ទីតាំងនោះស្ថិតនៅស្រុកមឿង ខេត្តឆាឆឺងសាវ។ ស្នងការដ្ឋាននគរបាលកំពុងស៊ើបអង្កេត ក្រោមកិច្ចសហការពីក្រុមអ្នកធ្វើកោសល្យវិច័យ៕
ចែករំលែកព័តមាននេះ