ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានបំផ្លាញផ្ទះ១ខ្នងទំហំ១២មX៩ម ធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្តចំនួន៣គ្រឿង ម៉ូតូ៣គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំទៀត ។ មហន្តរាយគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គេសង្កេតឃើញលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និង លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងនរបាល និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង និងកម្លាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ពន្លត់ផងដែរ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន បានយកប្រដាប់ឆក់មូស(អគ្គិសនី)ទៅឆក់មូសពេលកំពុងបូមសាំងដាក់ក្នុងដបលក់បង្កឲ្យមានផ្កាភ្លើងឆាបឆេះសាំងកំពុងបូមដាក់ដប និងប៊ីដុងសាំងក្បែរនោះតែម្តង ។
លោកអធិការបានបន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តចំនួន២គ្រឿង បាញ់ទឹកអស់ចំនួន៣រថយន្ត ទើបរលត់ទាំងស្រុង មិនបង្កឲ្យឆាបឆេះផ្ទះអ្នកជិតខាង និងគ្រោះថ្នាក់មនុស្សទេ ខូចខាតតែទ្រព្យសម្បតិរួមមាន ឆេះផ្ទៈទំហំ១២ម×៩ម,ខូចខាតរថយន្ត ចំនួន៣គ្រឿង កាំម៉ារីឆ្នាំ ៩៥ ចំនួន១គ្រឿង និងកាម៉ារីឆ្នាំ៩៣ចំនួន០២គ្រឿង,ម៉ូតូ ០៣គ្រឿង អិម អេសអិច ១គ្រឿង ហុងដាទ្រីម ០១គ្រឿងសង់សារីចាស់គ្រឿង,សាំង និងម៉ាស៊ូត ២០ប៊ីដុង ,ទ្រព្យ សម្បត្តិ ផ្សេងៗក្នុងផ្ទះមួយចំនួនធំ ៕
ចែករំលែកព័តមាននេះ