ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​កូន​ឈើ​ដាំ សូម​អញ្ជើញ​ទៅ​ទទួលយក​ដោយ​ឥត​គិតថ្លៃ នៅ​ក្រសួងបរិស្ថាន

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សាធារណជន អាច​អញ្ជើញ​ទៅ​ទស្សនា និង​ទទួលយក​កូន​ឈើ ដោយ​ឥត​គិតថ្លៃ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នេះ​បើ​តាម​ឯកឧត្តម ហ៊ុន ម៉ា​នី…

រាជធានី​ភ្នំពេញ ៖ សាធារណជន អាច​អញ្ជើញ​ទៅ​ទស្សនា និង​ទទួលយក​កូន​ឈើ ដោយ​ឥត​គិតថ្លៃ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នេះ​បើ​តាម​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ក្នុង​ពិ​ធិ​បើក​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​មូលបទ «​ពន្លក​បៃតង​» នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២៤ នេះ​ថា មិន​ថា មន្ត្រីរាជការ មិន​ថា កុមា​រា កុមារី ឬ​ក៏​សាធារណជន​ទូទៅ សុទ្ធតែ​ផ្សា​ភ្ជាប់​ទៅ​នឹង​បរិស្ថាន ហើយ​មាន​តួនាទី​គ្រប់​ៗ ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​។ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ សាធារណជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​ទស្សនា ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​មូលបទ «​ពន្លក​បៃតង​» និង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​៤ នៅ​មុខ​ទីស្តីការ​ក្រសួងបរិស្ថាន ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​ចូលរួម​បង្កើត​ទម្លាប់​ល្អ ដើម្បី​ជួយ​ដល់​បរិស្ថាន​របស់​យើង ។

ឯកឧត្តម បញ្ជាក់​ថា ៖ “​ការ​តាំងពិព័រណ៍ និង​ចែក​កូន​ឈើ ជូន​ដល់​សាធារណជន ដោយ​ឥត​គិតថ្លៃ ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​ទីតាំង​ផ្ទាល់ខ្លួន​នា​ពេល​នេះ គឺជា​ផ្នែក នៃ​ការ​បើក​ទំព័រ​ថ្មី​មួយ​របស់​ក្រសួងបរិស្ថាន ក្នុង​ការ​ជំរុញ​សម្រេច​ឱ្យ​បាន នូវ​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ នៃ​ផ្ទៃ​ប្រទេស នៅ​ត្រឹម​ឆ្នាំ​២០៥០” ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង នូវ​សកម្មភាព​ជា​យុទ្ធសាស្ត្រ ស្រប​តាម «​មុំ​នៃ​ភាព​បៃតង​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨» ដែល​ជា​យុទ្ធសាស្ត្រ​រៀបចំ​ឡើង ដោយ​អនុលោម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​តម្រង់​ទិស និង​ចង្អុលបង្ហាញ​អាទិភាព​ការងារ ក្នុង​ការ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​ឆ្ពោះទៅ​ស​ម្រ​ច​ការ​អភិវឌ្ឍ​ប្រកបដោយ​អព្យាក្រឹត​កាបូន​នៅ​ត្រឹម​ឆ្នាំ​២០៥០ ។

លើស​ពី​នេះ ការ​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ ចែក​កូន​ឈើ និង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​៤ នា​ពេល​នេះ ក៏​ជា​ការ​បង្ហាញ​អំពី​សុ​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ និង​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន ក៏​ដូច​ជា​ការ​ចូលរួម​របស់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ និង​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​នាម​កម្ពុជា ជា​រដ្ឋ​ភាគី​មួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ