អនុប្រធានទី១ អាជ្ញាធរមីន ៖ ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់ UN
ខេត្តព្រះវិហារ ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន…
ខេត្តព្រះវិហារ ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន…
ខេត្តព្រះវិហារ ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំ លោក Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
គណៈប្រតិភូ UN អមដំណើរ រួមមាន លោកស្រី Ilene Cohn នាយក UNMAS, លោក Jo Scheuer ប្រធាន UN ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចនោះ លោក Jean-Pierre Lacroix បានលើកឡើងថា លោកមានកិត្តិយស ដែលបានមកទស្សនកិច្ចនៅកម្ពុជាក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបានឃើញយ៉ាងច្បាស់ពីការរីកចម្រើន និងសមត្ថភាពដោះមីនរបស់កម្ពុជា ដែលត្រូវបានគេចាត់ទុកជាប្រទេសគំរូមួយ ។
លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង ។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាន នូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលរួមចំណែកដល់ដំណើរការរក្សាសន្តិភាព ក៏ដូចជាគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្គ្រាម ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា ខេត្តព្រះវិហារ គឺជាខេត្តមួយ ក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកកោះកេរ ៕
ចែករំលែកព័តមាននេះ