នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទូទាំងប្រទេសនៅវេលាម៉ោង៧យប រដ្ឋបាលរាជធានីខេត្តទាំង២៥នឹងបាញកាំជ្រួចព្រមៗគ្នា ដើម្បីអបអរពិធីបើកការដ្ឋានកសាងព្រែកជីកហ្វូណនតេជោ ។
តាមសារាចររាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានចេញសារាចរឲ្យគ្រប់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់រៀបចំពិធីអបអរសាទរ ដោយរៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង១៩:០០(៧)នាទីយប់។
ប្រភពដដែលបានបន្តថា នៅពេលព្រឹកគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន ព្រមទាំង ជនរួមជាតិគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា សូមរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោ បាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រនិងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង របស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គីនិង មនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព។
ចែករំលែកព័តមាននេះ