រាជធានីភ្នំពេញ ៖ កូនឈើជាង៤ម៉ឹនដើម នឹងធ្វើការចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅថ្ងៃពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើ ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដោយក្រសួងបរិស្ថាន ។
ក្នុងថ្ងៃពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ -១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នាមុខទីស្តីការក្រសួងបរិស្ថាន កូនឈើយ៉ាងហោចណាស់ ១លាន៣សែនដើម នឹងត្រូវចែកជូនពលរដ្ឋ ដែលចូលមកទស្សនា ដោយឥតគិតថ្លៃ ដើម្បីបានយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា។ សម្រាប់ពលរដ្ឋដែលចូលរួមនឹងទទួលបានកូនឈើក្នុងម្នាក់យ៉ាងតិច១០ដើម ចុះក្រោមផងដែរ ។
ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ គឺជាផ្នែកមួយ ក្នុងយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ ។
លោកបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ពិសេសនោះ គឺការជំរុញដំណើរកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០ភាគរយនៅឆ្នាំ២០៥០ខាងមុខ ។
ចំណែកលោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមហើយពួកគាត់អាចទទួលបានកូនឈើក្នុងម្នាក់១០ដើមចុះក្រោម ព្រោះថា ខាងមន្ទីរបរិស្ថាននីមួយៗ បានបណ្តុះកូនឈើ ហើយតាមការណែនាំរបស់រដ្ឋមន្ត្រី គឺពួគាត់នឹងដឹកកូនឈើចំនួន១,៥០០ដើមជាមធ្យម សម្រាប់ចែកជូនដល់ពលរដ្ឋក្នុងថ្ងៃនេះ។ យើងមានកូនឈើនៅទីនេះសម្រាប់ចែកជូន គឺប្រមាណជាង៣៧,៥០០ដើម ដែលចេញពីមន្ទីរបរិស្ថានរាជធានី ខេត្ត និងអង្គការដៃគូមួយចំនួនទៀត ជួយឧបត្ថម្ភជាង៧ពាន់ដើមផងដែរ។ អ៊ីចឹងនៅទីនេះ មានជាង៤៤,៥០០ដើម ហើយនៅតាមថ្នាលរាជធានី ខេត្ត និងបូកទាំងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានផង គឹមានជាង១,៣០០,០០០ដើម ។
លោកបានបញ្ជាបន្ថែមថា ក្រៅពីមកទស្សនាពីដើមឈើ ទទួលដើមឈើដោយឥតគិតថ្លៃហើយ ប្រជាពលរដ្ឋនៅបានមកស្វែងយល់ពីការងាររបស់មន្ទីររាជធានី-ខេត្តទៀតផង។ ក្រៅពីនេះ ពលរដ្ឋនឹងបានទស្សនាសត្វព្រៃ ធនធានធម្មជាតិ ជីវចម្រុះសត្វព្រៃខ្មែរ។ ជាមួយគ្នានេះ ពលរដ្ឋអាចមកមកទិញកសិផលខ្មែរ ដែលជាភូមិមួយផលិតផលមួយ ចេញពីសហគមន៍នានា បានទៀតផង ៕
ចែករំលែកព័តមាននេះ