ខេត្តកំពង់ចាម ៖ ទីលានចាក់សំរាមថ្មីដែលមានទំហំជាង១៨ហិកតា ស្ថិតនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋប្រមាណ៦គីឡូម៉ែត្រ ក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម មកដល់
ពេលនេះ ការស្ថាបនាផ្លូវបេតុងសម្រាប់ចេញចូលបានរួចរាល់ហើយ ដើម្បីងាយស្រួលរថយន្តបើកចូលចាក់សំរាម ដោយប្រែក្លាយទៅជាជីកំប៉ុស សម្រាប់ដំណាំកសិកម្មដែលមានលក្ខណៈស្តង់ដារទំនើប ។ ជាមួយនេះ មានអាងចម្រោះទឹកកខ្វក់ ព្រមទាំងមានប្រឡាយជុំវិញ មិនឱ្យហូរចូលស្រែប៉ះពាល់ដល់ដំណាំស្រូវរបស់ពលរដ្ឋនោះទេ ។
លោក ផន ផូ មេឃុំកោះរកា មានប្រសាសន៍ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងសហការីជាច្រើននាក់ បានអញ្ជើញទៅពិនិត្យមើលការអភិវឌ្ឍនៃទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដារទំនើបនេះ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ គឺសំណង់អគារបេតុងជាច្រើនខ្នង ហើយក្រុមជាងកំពុងញឹកញាប់ដៃជើង ធ្វើយ៉ាងណាឲ្យទាន់ផែនការដែលបានកំណត់ ។
លោកមេឃុំមានប្រសាសន៍បន្តថា ពេលណាសំរាមចាក់ចូលក្នុងអាងស្តុកបានជាច្រើនតោននោះមានក្រុមបច្ចេកទេសសម្រាប់កែច្នៃសំរាមដោយធ្វើការញែកទៅតាមប្រភេទនីមួយៗ ខ្លះអាចយកមកផលិតជាជីកំប៉ុសសម្រាប់កសិករយកទៅដាក់ដំណាំដូចជា ស្រូវនិងដំណាំរួមផ្សំផ្សេងទៀតដោយមិនប៉ះពាល់ដល់សុខភាព គឺធ្វើឲ្យបានទិន្នផលខ្ពស់ ។ មានអាងសម្រាប់ចម្រោះទឹកស្អុយដែលហូរចេញពីសំរាម ក្នុងនោះអាងទឹកចុងក្រោយគេគឺជាប្រភេទទឹកស្អាត ដែលយើងស្ទើរតែអាចយកមកផឹកបាន ។
គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ ក្នុងជំហានដំបូងបាននិងកំពុងដំ
ណើរការលើផ្ទៃដីទំហំ៨,១៣ហិកតា ក្នុងនោះទីលានទុកដាក់សំរាមទំហំ ១,៣ហិកតា អាងប្រ
ព្រឹត្តិកម្មទឹកកខ្វក់ ចំនួន៤អាង កសាងផ្លូវចូលទីលានចាក់សំរាម១ខ្សែប្រវែងជាង ២ ០០០ម៉ែត្រ និងកសាងផ្លូវបេតុងនៅក្នុងទីលានជាង ១ ០០០ម៉ែត្រ ។ សាងសង់ច្រកចូល និងរបងមាន អគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក ។ កន្លែងលាងសម្អាតរថយន្ត អគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធថាមពលសូឡាផងដែរ ។
លោក ផន ផូ បញ្ជាក់ថា ក្រោយពីទីលានចាក់សំរាមដែលស្ថាបនាក្នុងគម្រោងទី១រួចរាល់នោះ រូបលោកនឹងធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅក្នុងឃុំកោះរកាទាំងមូល ឲ្យយល់ដឹងពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។ ពិសេស គឺត្រូវមានធុងសំរាមដាក់នៅតាមមុខលំនៅឋាននីមួយៗ ដើម្បីឲ្យងាយស្រួលដល់កម្មករចុះប្រមូល និងមានបង់ថ្លៃសេវាប្រចាំខែក្នុងកម្រិតមួយដែលពលរដ្ឋអាចទទួលយកបាន ។
ពេលដែលតំបន់នេះអាចផលិតជីកំប៉ុសបានរូបលោកនឹងងាកមកប្រើជីនេះវិញ ដើម្បីយក
ទៅដាក់ដំណាំរបស់លោកផ្ទាល់ឲ្យទទួលបានទិន្នផលខ្ពស់ ហើយរក្សាគុណភាពដីនៅដដែល ដោយកាត់បន្ថយការប្រើប្រាស់ជីគីមីឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ។ នេះ
ជាសមិទ្ធផលថ្មីមួយទៀត ដែលអាជ្ញាធរមូលដ្ឋានសប្បាយរីករាយ ដោយជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
ចែករំលែកព័តមាននេះ