ខេត្តស្ទឹងត្រែង ៖ សិស្សសាលាជាច្រើននាក់ ស្ថិតនៅសាលាបឋមសិក្សាអូររៃ ឃុំអូររៃ ស្រុកសាលាបរិវ៉ាត់ និងសិស្សសាលានៅអនុវិទ្យាល័យព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ស្រាប់តែមានអាការៈ ថប់ដង្ហើម និងរវើរវាយ ហាក់បីដូចជាមានបារមីចូល ឬពពួកអមនុស្សយាយី ដូចៗគ្នា ។
បើតាមលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូររៃ បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា នាថ្ងៃទី៣ និងទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានសិស្សស្រីចំនួន០៧នាក់ មានអាការៈ ថប់ៗដង្ហើម ស្លេកស្លាំង ស្ទើរសន្លប់ ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ ។
អ្នកគ្រូ តុង ម៉េត្តា ជាគ្រូបង្រៀនសិស្ស នៅសាលាបឋមសិក្សាអូររៃ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ មានសិស្សស្រីចំនួន ៧នាក់ ខ្លះមានអាការៈ ស្លេកស្លាំង ពិបាកដកដង្ហើម និងខ្លះទៀត ឈឺក្បាល ចុកដៃ ចុកជើង ចលនាកាយវិកាមិនរួច ស្ទើរតែសន្លប់ ហើយគ្រូបង្រៀន
និងក្រុមគ្រួសារបានបញ្ជូនទៅកាន់ពេទ្យឯកជន ដែលនៅជិតនោះ ដើម្បីធ្វើការពិនិត្យសុខភាព និងជួយសង្គ្រោះឱ្យទាន់ពេលវេលា ។
អ្នកគ្រូ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានបញ្ជូនមកដល់ពេទ្យឯកជន ក្រុមគ្រូពេទ្យ បានពិនិត្យល្អិតល្អន់ ចំពោះអាការៈសិស្ស មិនមានអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។ អាការៈនេះ ដោយសារតែពួកគាត់ ខ្វះអ៊ីយ៉ូត ក្រោយពិនិត្យ និងព្យាបាលសិស្សសាលាទាំងអស់បានធូរសះស្បើយជាធម្មតាវិញដែរ ។
ដោយឡែក លោក ហ៊ី សំអុន នាយកសាលាអនុវិទ្យាល័យព្រៃចាស់ ក៏បានឲ្យកោះសន្តិភាពដឹងដែរថា សិស្សសាលា នៅអនុវិទ្យាល័យព្រៃចាស់របស់លោក ក៏មានអាការៈដូចគ្នានេះដែរ ចាប់ពីខែមិថុនា រហូតមកដល់ខែកក្កដា ថ្ងៃទី៤នេះ មានសិស្សសាលា នៅតែកើតមានអាការៈរវើរវាយ និយាយប្លែកៗ ហាក់បីដូចជាមានពួកអមនុស្សចូលក្នុងខ្លួន នេះបើគិតថា ជាអបិយជំនឿវិញ គេថាខ្មោចចូល ។
លោកបន្តថា ជាក់ស្ដែង នៅថ្ងៃទី៤ ខែកក្កដានេះ ក៏មានសិស្សមានអាការៈ ដូចករណីខាងលើនេះដែរ តែក្រោយកើតមានអាការៈរវើរវាយហើយពួកគាត់ខ្លះមកធម្មតាវិញ ហើយករណីនេះបានកើតមានហូហែរ ចាប់តាំងពីខែមិថុនា រហូតមកដល់ខែកក្កដានេះ ដែលបង្កឱ្យសិស្សមួយចំនួនខ្លាច និងមានមាតាបីតាខ្លះ មិនឱ្យកូនមករៀនផងដែរ ។
បើតាមចាស់ទុំ បាននិយាយថា នេះជាអបិយជំនឿ ហើយលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សត្រូវរៀបចំវិធីសែនព្រេន ដល់អារុកអារក្សអ្នកតា ដែលនៅបីបាច់ថែរក្សាទំតាំងសាលានេះ ដើម្បីឲ្យសិស្សទាំងអស់មានអាការៈធម្មតាវិញ កុំឲ្យមានករណីនេះកើតឡើង បន្តទៀត។
ចាស់ទុំ និយាយបន្តថា ការសុំសេចក្តីសុខនេះ គ្រាន់តែនៅពេលថ្ងៃសីល ទិញផ្លែឈើ នំចំណី ដាក់សែន ទៅតាមទីតាំងសាលារៀន ហើយដុតធូបទៀន សុំសេចក្តីសុខសប្បាយទៅ ទទួលបានភាពចម្រុងចម្រើនហើយ ។
ទាក់ទិនករណីសិស្សខប់ដង្ហើមស្ទើរតែសន្លប់ និងខ្លះទៀត កើតអាការៈរវើរវាយ ដូចជាខ្មោចចូលនេះ មិនមានការបញ្ជាក់ពីគ្រូពេទ្យ និងផ្នែកជំនឿណាមួយច្បាស់លាស់ទេ ថាមកពីមូលហេតុអ្វីនោះ ។
ហើយករណីនេះដែរ កាលពីខែកញ្ញា ឆ្នាំ២០២២ ក៍ធ្លាប់កើតមានដែរ ហើយកាលនោះ លោកគ្រូអ្នកគ្រូ ក៏បាននិមន្តព្រះសង្ស ធ្វើពិធីប្រោះព្រហ្ម ក៍សុខជា បានជាងមួយឆ្នាំមកហើយដែរ រហូតបច្ចុប្បន្ន ស្រាប់តែកើតមានសភាពបែបនេះ ជាថ្មីទៀត ៕
ចែករំលែកព័តមាននេះ