បើទោះបីជាតំបន់ឆ្នេរនៅកម្ពុជាដែលមានប្រវែង៤៤០ គីឡូម៉ែត្រមិនទាន់មានតម្រូវការនៃការប្រើប្រាស់អាកាសយានដ្ឋានពេញទំហឹងក៏ដោយចុះក៏មកដល់ពេលនេះ តំបន់ឆ្នេរកម្ពុជាមាន អាកាសយានដ្ឋានដែលសាងសង់ហើយ២ និងគម្រោងដែលទទួលភ្លើងខៀវមួយ ដូច្នេះតំបន់ឆ្នេរកម្ពុជាក្លាយជាតំបន់ដែលមានអាកាសយានដ្ឋានច្រើនជាងគេ នៅក្នុងប្រទេស ។
ប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រលាតសន្ធឹងពីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ដល់ខេត្តកែប មានអាកាសយានដ្ឋាន ដែលកំពុងតែដំណើរការស្រាប់នោះ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលកំពុងតែគ្រប់គ្រង ដោយក្រុមហ៊ុនឃេមបូឌៀ អ៊ែផត របស់បារាំង អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលមានទីតាំងស្ថិតនៅស្រុកពីរ គឺគិរីសាគរ និងស្រុកបុទុមសាគរ ដែលកំពុងតែរៀបចំដាក់ឲ្យដំណើរការ និងគម្រោងកសាងអាកាសយានដ្ឋានមួយទៀត គឺអាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ប៉ុន្តែក្រោយពេលទទួលភ្លើងខៀវ នៅខែមករា ឆ្នាំ២០២៣ មកដល់ពេលនេះហាក់មិនទាន់មានបច្ចុប្បន្នភាពនៃគម្រោងនេះនៅឡើយទេ ។
ការដែលតំបន់ឆ្នេរនឹងមានអាកាសយានដ្ឋានអន្តរជាតិច្រើនបែបនេះ វា គឺជាសក្តានុពលមួយពីព្រោះគម្រោងនីមួយៗមានគោលដៅផ្សេងៗគ្នា ដោយអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងអាកាសយានដ្ឋាននៅកោះរ៉ុង គឺទំនងជាសម្រាប់គោលដៅនៃការដឹកជញ្ជូនពិសេស សម្រាប់តំបន់ទេសចរណ៍ឯកជន ស្របពេលដែលអាកាសយានដ្ឋានសាធារណៈ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដែលកំពុងតែដំណើរការពេញទំហឹង ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបានសាកល្បងការហោះហើរដោយជោគជ័យកាលពីខែមេសា ឆ្នាំ២០២២ តែបានពន្យារពេលជាបន្តបន្ទាប់មកនោះត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិលបានបង្ហើបប្រាប់សារព័ត៌មាននានាថា អាកាសយានដ្ឋាននេះ អាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅខែដំណាច់សីហា ឆ្នាំ២០២៤ ។
ការលើកឡើងបែបនេះ គឺក្រោយពេលដែលក្រុមហ៊ុនដែលសាងសង់បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ដើម្បីឈានទៅរកការបើកការហោះហើរកម្រិតមធ្យម និងកម្រិតលក្ខណៈអន្តរជាតិ នាពេលខាងមុខ ប៉ុន្តែទោះបីជាយ៉ាងណាជំហានដំបូង គឺអាចដំណើរការ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលបន្ថែមដែលត្រូវការពេលនឹងលក្ខខណ្ឌបច្ចេកទេសបន្ថែម ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រ ដល់គម្រោងពហុបំណងវិស័យទេសចរណ៍នៅតំបន់ទេសចរណ៍តារាសាគរ ដែលជាតំបន់កំពុងតែអភិវឌ្ឈន៍នៅកណ្តាលព្រៃជាប់នឹងឆ្នេរសមុទ្រដ៏មហិមាមួយ ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក ។
នៅពេលដែលគម្រោងដំណើរការពេញទំហឹងអាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។
ផ្អែកតាមលក្ខណៈសម្បត្តិទាំងនេះ តំបន់ឆ្នេរកម្ពុជា គឺពិតជាតំបន់ដែលនឹងក្លាយជាគោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ដ៏ចំបងរបស់ប្រទេស ស្របពេលដែលតំបន់ឆ្នេរទាំងមូលមានឆ្នេខ្សាច់សរុបលើសពី៤៨កន្លែង ដោយនៅក្នុងនោះមានឆ្នេរខ្សាច់ចំនួន ១៦ កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតកន្លងទៅដោយរួមមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន២ និងខេត្តព្រះសីហនុចំនួន៨ ខេត្តកែបចំនួន៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន១០ឆ្នេរ ។
ក្រៅពីនោះ កម្ពុជាមានធនធានសមុទ្រយ៉ាងច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ដែលគេឃើញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុទ្រតូចធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ថ្មីៗជាច្រើន ។
សរុប ទៅទោះបីជាតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែង៤៤០ គីឡូម៉ែត្រមានអាកាសយានដ្ឋានអន្តរជាតិដល់ទៅ៣ក៏ពិតមែន ក៏ប្រហែលជាមិនលើសចំណុះនោះទេ ។ នេះគឺជាការត្រៀមលក្ខណៈសម្បត្តិទុក ដើម្បីបំពេញសេចក្តីត្រូវការណាមួយ ក្រៅពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុមួយ ដែលថវិកាមួយផ្នែកកសាងដោយថវិកាជាតិ ប៉ុន្តែអាកាសយានដ្ឋានពីរផ្សេងទៀត គឺសុទ្ធតែវិនិយោគដោយឯកជន គ្រាន់តែរដ្ឋត្រូវជួយខាងផ្នែកបច្ចេកទេស និងគ្រប់គ្រងបញ្ហាសន្តិសុខ និងសុវត្ថិភាពផ្សេងៗប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ