ខេត្តបាត់ដំបង ៖ រយៈពេល០២ថ្ងៃហើយដែលអ្នកភូមិ និងសមត្ថកិច្ចនៅតែងឿងឆ្ងល់ ហើយរកមូលហេតុមិនទាន់ឃើញ និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនគោមួយក្បាល ដែលទើបមានអាយុ០៥ថ្ងៃ ដេកងាប់នៅក្បែរចម្ការដំឡូងមីខាងក្រោយប៉ុស្ដិ៍នគរបាល៣០០ម៉ែត្រ តែបានបាត់សេរីរាង្គមួយផ្នែកខាងលើ ដោយមិនដឹងថា តើត្រូវសត្វអ្វីខាំស៊ី ?
លោក វេ គឹមចត់ អធិការស្រុកកំរៀងបានប្រាប់ថា ហេតុការណ៏ដ៏ចម្លែកនេះពិតជាបានកើតឡើងមែន កាលពីរសៀលថ្ងៃទី០២ កក្កដា នៅក្នុងភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ។ លោកថា ម្ចាស់គោនោះឈ្មោះ សៀរ ចន្ថា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ ។ រីឯកូនគោដែលត្រូវគេប្រទះឃើញដេកងាប់បាត់បង់សេរីរាង្គមួយផ្នែកនោះ គឺទើបកើតបាន០៥ថ្ងៃ។
កូនគោនោះត្រូវបានម្ចាស់យកទៅព្រលែងឲ្យស៊ីស្មៅជាមួយមេវា នៅវាលជិតចម្ការដំឡូងមួយកន្លែង នៅខាងក្រោយប៉ុស្តិ៍រដ្ឋបាល ឃុំត្រាង ប្រហែល៣០០ម៉ែត្រ លុះថ្ងៃរសៀលពេលម្ចាស់ទៅដឹកស្រាប់តែឃើញកូនគោ ដេកងាប់ដោយបាត់បង់សេរីរាង្គមួយផ្នែក (សាច់ ឆ្អឹងខ្នង ឆ្អឹងជំនី និង គ្រឿងក្នុង) ដោយមិនដឹងសត្វអ្វីខាំស៊ី ? ហើយរហូតមកដល់ពេលនេះទាំងអ្នកភូមិ ទាំងសមត្ថកិច្ចនៅតែឆ្ងល់ នៅតែរកមិនឃើញមូលហេតុ។
អ្នកស្រី សៀរ ចន្ថា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី ០២ កក្ដដា អ្នកស្រីបានដឹកមេគោនិងកូនដែលទើបកើតបាន០៥ថ្ងៃ យកទៅចងឲ្យស៊ីស្មៅនៅវាលស្មៅ ខាងក្រោយប៉ុស្ដិ៍ប៉ូលិសប្រហែល៣០០ម៉ែត្រ។ នៅក្បែរនោះ មានតែចម្ការដំឡូងមី មានផ្ទះអ្នកភូមិ តែគ្មានព្រៃភ្នំទេ។
អ្នកស្រីបានបញ្ជាក់ថា នៅរសៀលបន្តិចអ្នកស្រីក៏បានទៅមើលគោម្ដងទៀត ស្រាប់តែអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញកូនគោរបស់គាត់ដេកងាប់ ហើយបាត់បង់សេរីរាង្គមួយផ្នែកខាងលើ (បាត់សាច់ឆ្អឹងខ្នង ឆ្អឹងជំនី និង គ្រឿងក្នុង នៅសល់តែក្បាល ស្មាជើងមុខ និង ជើងក្រោយ) តែអ្នកស្រីមិនដឹងមូលហេតុឡើយ ឬ ក៏ត្រូវសត្វកាចសាហាវអ្វីខាំស៊ី ឬ កើតឡើងដោយសារអ្វីឡើយ។
ឃើញដូច្នេះ អ្នកស្រីក៏បានប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ។ នាយប៉ុស្ដិ៍
នគរបាល ឃុំត្រាង លោក អ៊ូច សាវី បានស្រង់សម្ដីសាក្សី ដែលបាននិយាយប្រាប់លោកថា នៅព្រឹកថ្ងៃកើតហេតុ (មុនពេលឃើញកូនគោងាប់) មានអ្នកភូមិម្នាក់ក៏បានដឹកគោយកទៅឲ្យស៊ីស្មៅនៅក្បែរគ្នានោះដែរ ។
សាក្សីរូបនោះបានបញ្ជាក់ប្រាប់លោកថា ពេលខ្លួនដឹកគោទៅចងទៅនោះ គាត់បានឃើញសត្វឆ្កែ០៤ក្បាល ក្នុងនោះ មានមួយក្បាលសម្បុររម៉ុងដូចសត្វឆ្កែចចក។ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៏ថា «វាជាហ្វូងឆ្កែចចកទេ» ។ លុះនៅថ្ងៃរសៀលបន្តិច ស្រាប់តែឭគេនិយាយផ្អើលតៗគ្នាថា មានកូនគោងាប់ មិនដឹងត្រូវសត្វអ្វីខាំហែកស៊ីទេ អស់ឆ្អឹងខ្នង ឆ្អឹងជំនីរ និងគ្រឿងក្នុងទើបគាត់(សាក្សី) រត់ទៅមើលឃើញមានកូនគោត្រូវសត្វអ្វីខាំស៊ីមែន។
ចំពោះករណីនេះ លោក អ៊ូច សាវី មេប៉ុស្ដ៏ត្រាង ក៏មិនទាន់ហ៊ានសន្នដ្ឋានបែបនេះណាដែរ ព្រោះកូនគោនោះងាប់ដូចចម្លែកពេក បាត់បង់សេរីរាង្គមួយផ្នែកខាងលើ សល់តែផ្នែកខាងក្បាល ជើងមុខ ជើងក្រោយ។ ដោយឡែក នៅជុំវិញតំបន់កើតហេតុ ក៏រកមិនឃើញស្លាកស្នាម ឬ សំណល់ភស្ដុតាង នៃឆ្អឹងគោដែរ។
លោក វេ គឹមចត់ អធិការស្រុកកំរៀងបានបញ្ជាក់ថា នៅតំបន់នោះ មានតែវាលស្មៅ ផ្ទះអ្នកភូមិ ចម្ការដំឡូងមី តែគ្មានព្រៃ គ្មានភ្នំ ដែលគូឲ្យសង្ស័យថា អាចមានសត្វកាចសាហាវរស់នៅដែរ។ លោកអធិការរូបនេះបានចាត់ទុកការប្រទះឃើញបំណែកកូនគោនេះ គឺជារឿងចម្លែកបំផុត ។
មិនថា រូបលោក ឬប្រជាពលរដ្ឋនោះទេ សុទ្ធតែមានចម្ងល់ និងចោទជាសំនួរថា តើអាចត្រូវសត្វកាចសាហាវខាំហែកស៊ី ឬត្រូវមនុស្សសម្លាប់ភ្លះយកសាចមួយផ្នែក ? ប៉ុន្តែបើត្រូវសត្វសាហាវខាំហែកស៊ី ម្ដេចស៊ីទាំងឆ្អឹង ? បើត្រូវមនុស្សសម្លាប់កូនគោនោះ ម្ដេចមិនយកកូនគោទាំងមូល ? នេះជាសម្ងល់០២ថ្ងៃកន្លែងមកហើយ នៅតែរកហេតុផលមិនឃើញ។ ប៉ុន្តែសមត្ថកិច្ចនិងអ្នកភូមិនៅតែបន្តធ្វើការស្រាវជ្រាវលើករណីនេះនៅឡើយទេ៕
ចែករំលែកព័តមាននេះ