ខេត្តត្បូងឃ្មុំ ៖ ផ្សារគំរូព្រំដែនកម្ពុជា ស្ថិតនៅជ្រដូង៧ដើម ក្នុងឃុំដារ ស្រុកមេមត់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាមជូនដល់កម្ពុជា បានបើកឱ្យដំណើរការលក់ដូរបានតែមួយរយៈពេលខ្លី ក៏បានបិទទ្វារទៅវិញរហូតមកដល់សព្វថ្ងៃនេះ គឺមិនមានអ្នកណាម្នាក់លក់ដូរសោះឡើយ ខណៈការសាងសង់បានចំណាយថវិការហូតដល់រាប់ម៉ឺនដុល្លារឯណោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/e7333d665a679733cc36ed241ded093e.jpg)
លោកម៉ៅ ចយ មេឃុំដាមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី០២ កក្កដា ឆ្នាំ២០២៤ ក្រោយពីស្ថាបនាផ្សារនេះរួចរាល់ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងថ្ងៃសម្ពោធនោះគេឃើញមានស្តង់លក់ទំនិញជាច្រើនប្រភេទមានផលិតផលក្នុងស្រុក ក្នុងនោះរួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី អង្ករ ព្រមទាំងសម្ភារមួយចំនួនទៀតសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មដែលមានប្រមាណជា៦០ស្តង់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/94e6d8e4d8ba000f04623fbbbfec1167.jpg)
លោកមេឃុំដារមានប្រសាសន៍បន្តថា ក្រោយពីរសម្ពោធហើយផ្សារនេះឃើញបានដំណើរការលក់ដូរដែលមានស្តង់ប្រមាណ៨០ទៅ៩០ស្តង់ សម្រាប់ដំណើរការឱ្យដាក់លក់ផលិតផលផ្សេងៗ ក្នុងនោះ មានផ្លែឈើ បាយសម្ល ហើយក៏មានរថយន្តខ្លះដែលបើកដឹកទំនិញឆ្លងកាត់ទៅវិញទៅមកបានចូលឈប់ក្នុងបរិវេណផ្សារនេះទទួលទានអាហាររួចបន្តដំណើរទៅមុខទៀត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/28712a3f8bb61973eaad71588dc74ae6.jpg)
សកម្មភាពលក់ដូរបានប្រមាណរយៈពេល២ខែ គឺមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សចេញចូលក្នុងផ្សារនេះហើយក៏បានបិទទ្វារលែងដំណើរការរហូតមកដល់សព្វថ្ងៃ ។ តាមពិតទៅផ្សារគំរូព្រំដែនកម្ពុជានៅច្រកដូង៧ដើមនេះ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាច្រកមួយសំខាន់សម្រាប់ដឹកទំនិញចេញចូលទៅវិញទៅមក ។ ក្នុងនោះ មានកសិផលដូចជាដំឡូងមីស្រស់ គឺបាននាំចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកនេះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/481263d81a03f82f08c33149c72bacee.jpg)
អាជ្ញាធរឃុំដាបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងមូលដ្ឋានរបស់លោកគឺជាអ្នកចម្ការជាមួយនោះក៏សូមអំពាវនាវដល់ឧកញ៉ាអ្នកដែលមានលុយច្រើនគួរតែមកវិនិយោគទុននៅផ្សារព្រំដែននេះដើម្បីឱ្យដំណើរការឡើងវិញ ។ សូមបញ្ជាក់ថា ផ្សារគំរូព្រំដែនកម្ពុជានេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសវៀតណាមជូនដល់ប្រទេសកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ មករា ឆ្នាំ២០១៨ ហើយសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៩ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/73dd2dfa0960e85250ee781f8ddcaca4.jpg)
នៅក្នុងបរិវេណផ្សារនេះ មិនមានដាំដើមឈើសម្រាប់ជាម្លប់នោះទេ ហើយអាជ្ញាធរមូលដ្ឋានបានធ្វើការប្តេជ្ញាចិត្តថានឹងដាំដើមឈើជាច្រើនដើមដើម្បីបង្កើតម្លប់ត្រជាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋមិនថាកម្ពុជា ឬវៀតណាមដែលមកចូលផ្សារនេះដើម្បីទិញទំនិញផ្សេងៗ ។ តាមមន្ត្រីមួយរូបនៅច្រដូង៧ដើមនេះបានបញ្ជាក់ថា ផ្សារគំរូកម្ពុជានៅព្រំដែនច្រកដានេះ គឺបានបិទទ្វារដែលមានសភាពស្ងាត់ជ្រងំមកដល់សព្វថ្ងៃ គឺមិនដំណើរការទាល់តែសោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/79b9904e123f6760ed0eeacde7f8eb8c.jpg)
ចំណែកលោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំវិញបានបញ្ជាក់ឲ្យដឹងដែរថា ផ្សារនេះ ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៩ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ហើយដោយសារជំងឺកូវីតបានផ្ទុះឡើងមានការអាក់ខាន ។ លុះមកដល់ឆ្នាំ២០២២ ផ្សារគំរូព្រំដែនកម្ពុជានៅច្រដូង៧ដើមនេះត្រូវបានរៀបចំដំណើរការឡើងវិញដោយថ្នាក់ដឹកនាំខេត្ត ។ ហើយផ្សារនេះ សព្វថ្ងៃមិនដំណើរការបើចង់ឲ្យមានសកម្មភាពលក់ដូរទាល់តែថ្នាក់ដឹកនាំ ព្រោះជាផ្សារដែលឆ្លងប្រទេស ។
ចែករំលែកព័តមាននេះ