ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ អង់គ្លេសឡើងវគ្គ ១/៤ ទាំងព្រលឹងចុងសក់ ខណៈអេស្ប៉ាញបំបាក់សិស្សប្អូនហ្សកហ្ស៊ី

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ទាំងព្រលឹងចុងសក់ ក្រោយវាយបកយកឈ្នះស្លូវ៉ាគី នៅវិនាទីគ្រោះថ្នាក់លទ្ធផល ២-១ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ស្របពេលដែលអេស្ប៉ាញបានទម្លាក់សិស្សប្អូនហ្សកហ្ស៊ី ក្រោយបំបាក់ដោយលទ្ធផល ៤-១។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Veltins Arena ស្លូវ៉ាគីបើកការនាំមុខមុននៅនាទី ២៥ ដោយកីឡាករ Ivan Schranz ហើយលទ្ធផល ១-០ នេះ ស្ទើរតែឱ្យក្រុមលោក Francesco Calzona អបអរជ័យជម្នះទៅហើយ ប៉ុន្តែអ្វីៗត្រូវបានរលាយ ក្រោយខ្សែបម្រើអង់គ្លេស Jude Bellingham រកគ្រាប់បាល់តាមស្មើមកវិញ តាមរយៈការទាត់បកក្រោយ ឬ Bicycle Kick យ៉ាងស្អាតនៅក្នុងវិនាទីគ្រោះថ្នាក់វគ្គទី២ នាទី ៩០+៥ ពោលមុនពេលលោកអាជ្ញាកណ្តាល Halil Umut Meler ជនជាតិតួកគីផ្លុំកញ្ចែបញ្ចប់ការប្រកួត និងឈានដល់ការបន្ថែម ១៥នាទី ២ដង ឬ Extra Time ។

យ៉ាងណាមិញ អ្វីៗត្រូវចប់សព្វគ្រប់ នៅពេលទើបចាប់ផ្តើមការប្រកួត Extra Time ដោយប្រធានក្រុមអង់គ្លេស Harry Kane បន្ថែម១គ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះនៅនាទី៩១ ហើយលទ្ធផល ២-១ បានរក្សារហូតដល់ចប់ការប្រកួត។ តោកំណាចអង់គ្លេសឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះស្វីស ដែលទម្លាក់ក្រុមការពារជើងឯកអ៊ីតាលីត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ក្រឡេកទៅការប្រកួត១គូទៀត នៅកីឡដ្ឋាន RheinEnergie ក្រុមគោជល់អេស្ប៉ាញ មិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកបំណងនោះទេ ក្រោយវាយបកយកឈ្នះហ្សកហ្ស៊ី ដោយលទ្ធផល ៤-១ សម្រេចបានដោយកីឡាករ Rodri, Fabián Ruiz, Nico Williams និង Dani Olmo ដ្បិតហ្សកហ្ស៊ីនាំមុខមុនតាំងពីនាទី ១៨ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករអេស្ប៉ាញ Robin Le Normand។ គោជល់អេស្ប៉ាញ ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយភារកិច្ចដ៏ធំ ដោយត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលបានទម្លាក់ដាណឺម៉ាក ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

កាលវិភាគការប្រកួតវគ្គ៨ក្រុមចុងក្រោយ ៖
-០៥/០៧/២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ម៉ោង១១:០០នាទីយប់
-០៧/០៧/២០២៤ អង់គ្លេស ប៉ះ ស្វីស ម៉ោង១១:០០នាទីយប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ