ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ថោ ជេដ្ឋា​ ​ចុះពិនិត្យវឌ្ឍនភាព​​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់​​ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ

3 ខែ មុន

 ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ​​២២​ ខែ​មិថុនា​ ឆ្នាំ​ ២០២៤ ​នេះ​ ឯកឧត្តម ថោ ជេដ្ឋា​…

 ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ​​២២​ ខែ​មិថុនា​ ឆ្នាំ​ ២០២៤ ​នេះ​ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ អមដំណើរ​ដោយ​​​ឯកឧត្តម​ថ្នាក់ដឹកនាំ​ លោក​ លោកស្រី​ មន្ត្រីបច្ចេកទេស​ក្រសួង​ និង​មន្ទីរ​​ បានអញ្ជើញ​ដឹកនាំ​​គណៈប្រតិភូក្រុមការងារព័ត៌មានសម្តេចធិបតី​នាយករដ្ឋមន្ត្រី​ដឹកនាំដោយឯកឧត្តម​ គួច វែងស៊្រុន​ រដ្ឋលេខាធិការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី​​ចុះពិនិត្យ​​វឌ្ឍនភាព​​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត​ និងកាត់បន្ថយទឹកជំនន់ ​​(IDFMP)​ ក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​​​​ទទួលហិរញ្ញប្បទានសម្បទាន​ពី​សាធារណរដ្ឋកូរ៉េ​ ។​

សូមជម្រាបថា​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​ និងកាត់បន្ថយ​ទឹក​ជំនន់ ​(IDFMP)​​ ​បាន​ទទួល​ប្រភពទឹកមកពីតាម​បណ្តា​អូរ និង​ស្ទឹង​នៅ​តាមបណ្តោយព្រំដែនកម្ពុជា-​ថៃ​​​ មានសក្តានុពល​គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃ​ក្រុង-ស្រុកចំនួន​ ៤​ ក្នុងខេត្តបន្ទាយមានជ័យ ​គឺ​ ក្រុង​ប៉ោយប៉ែត​ ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ​ និង​ស្រុកអូរជ្រៅ​ ។​​​ ការងារ​​សំខាន់ៗ​ របស់គម្រោង​រួម​មាន ៖​ ១) ស្តារប្រព័ន្ធធារាសាស្ត្រ​ប្រឡាយមេ​ចំនួន​ ៦ ខ្សែ​ សរុប​ ​៩២,៦៥ គីឡូម៉ែត្រ​ ២)​ សាងសង់ទំនប់​អាងទឹក ៣ កន្លែង (អាងទឹក​វាំងហែង​ អាងទឹក​ពង្រ​ និង​អាងទឹកកន្សែង)​ សរុបប្រវែង​ ​២០,៣៦ គីឡូម៉ែត្រ និងស្តារអាងទឹកទាំង ៣​​ ​ដែល​អាចស្តុកទឹកបាន​ប្រមាណ​ ២២,៨ លានម៉ែត្រត្រីគុណ និង​ ៣)​ សាងសង់សំណង់សិល្បការ្យសរុបចំនួន ​២០៨ កន្លែង ។​​ បើគិតមកដល់ខែមិថុនា ឆ្នាំ​ ២០២៤ នេះ​ ​វឌ្ឍនភាពគម្រោងសម្រេចបាន​ ៤៦,៩៧% ​​​។

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាពជាក់ស្តែង​តាមទីតាំង​សំខាន់ៗ របស់គម្រោង​​ ១) ​​អាងទឹក​វាំងហែងដែលមាន​ផ្ទៃអាងទំហំ​ ១៥៧,៧ គីឡូម៉ែត្រការ៉េ​ ទំនប់អាងទឹកប្រវែង​ ៦,២៣ គីឡូម៉ែត្រ​​ មានលទ្ធភាព​​ស្ដុកទឹកអតិបរមា​ ៤ លានម៉ែត្រតី្រគុណ​​ និង ២)​​ អាងទឹកកន្សែង​ដែលមានផ្ទៃអាង​ទំហំ​ ៧៦០,៥ ​គីឡូម៉ែត្រ​ការ៉េ​ ទំនប់អាងទឹក​ប្រវែង​ ​ ៧,១២​ គីឡូម៉ែត្រ និង​មានលទ្ធភាព​ស្ដុកទឹកអតិបរមា​ ១៥,៣ លាន​ម៉ែត្រ​ត្រីគុណ​ ។​

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់​ឱ្យដឹងថា​ ការ​​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ និង​កាត់បន្ថយទឹកជំនន់​ ​ខេត្ត​បន្ទាយមានជ័យ គឺ​​​​ដើម្បី​បង្កើន​ផលិតភាពកសិកម្ម​ ជួយ​កាត់បន្ថយផល​ប៉ះពាល់ពី​គ្រោះ​មហន្តរាយធម្មជាតិ​  និង​បង្កើន​ប្រសិទ្ធភាពនៃប្រភពធនធាន​ទឹក​ ​​​ធានាដល់ការផ្គត់ផ្គង់ទឹក​គ្រប់គ្រាន់​សម្រាប់ការបង្កបង្កើនផលវិស័យ​កសិកម្ម​ ​ការប្រើប្រាស់ក្នុងជីវភាព​ប្រចាំថ្ងៃ​ ព្រមទាំង​​បម្រើឱ្យអន្តរវិស័យ​​ ។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា​ ​គម្រោងនេះ​ក៏ជួយ​​កាត់បន្ថយ​នូវហានិភ័យបណ្តាល​មកពី​គ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់​ ជា​ពិសេសទឹកជំនន់ឆ្លងដែនពីប្រទេសថៃ​​​ និង​គ្រោះរាំងស្ងួត​​ ដែល​ជាផ្នែកមួយ​ជួយលើក​ស្ទួយ​ដល់​​​ជីវភាព​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋ​ ​​និងជំរុញកំណើនសេដ្ឋកិច្ច​​​​ស្រប​តាមយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាល​​​​ទី ១​​ នៃរាជរដ្ឋាភិបាលនីតិកាល​ទី ៧ ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាពមោះមុត​ ស្វាហាប់​​របស់សម្តេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។​

សូម​បញ្ជាក់​​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ និង​កាត់បន្ថយទឹកជំនន់​​​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​​ប្រើ​រយៈពេលសាងសង់​ចំនួន​ ៥៤ ខែ​ ដោយ​ចាប់ផ្ដើមការសាងសង់​ក្នុង​ខែ​ធ្នូ ឆ្នាំ​ ២០២១​ និង​គ្រោង​បញ្ចប់​ក្នុងខែមិថុនា​ ឆ្នាំ​២០២៦ ខាងមុខ ​។ គម្រោងនេះ​មានលទ្ធភាព​ស្រោចស្រព​ផ្ទៃដី​​​បង្កបង្កើនផល​សរុប​ប្រមាណ​ជិត​ ២០​ ០០០ ​​ហិកតា​ និង​​​​​មាន​​ប្រជាពលរដ្ឋ​​ទទួល​ផល​​ចំនួន​ ៤២​ ២១៣ ​គ្រួសារ​​ ៕​​ អត្ថបទសហការ