ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំណាង​កម្មករ​ ៩ ​ម៉ឺន​នាក់ ​ដាក់​ញត្តិ​ស្នើ​សុំ​ក្រសួងមហាផ្ទៃ​ ពិនិត្យ​សកម្មភាព និង​ការ​ប្រើប្រាស់ថវិកា​អង្គការ​សង់​ត្រា​ល់

3 ខែ មុន

រាជធានីភ្នំពេញ​ ៖​ សហភាព​សិទ្ធិ​កម្មករ​កម្ពុជា និង​សហជីព​មូលដ្ឋាន តំណាង​ឲ្យ​កម្មករ​ ៩​ ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​ ២១ ខែមិថុនា​នេះ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ…

រាជធានីភ្នំពេញ​ ៖​ សហភាព​សិទ្ធិ​កម្មករ​កម្ពុជា និង​សហជីព​មូលដ្ឋាន តំណាង​ឲ្យ​កម្មករ​ ៩​ ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​ ២១ ខែមិថុនា​នេះ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​មជ្ឈមណ្ឌល សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«​សង់​ត្រា​ល់​» ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​ខ្លួន ។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អង្គការ​សង់​ត្រា​ល់​ ជា​អង្គការ​មួយ​ទទួល​ជំនួយ​ពី​បរទេស និង​បាន​ចុះ​បញ្ជិការ​នៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ទៅ​ធ្វើ​ការងារ​ជ្រៀតជ្រែក​ក្នុង​ការងារ​សហជីព ធ្វើ​របាយការណ៍​ក្នុង​ចេតនា​ញុះញង់ បំបែក​បាក់​សហជីព​នៅ​កម្ពុជា ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ ថា​សិទ្ធិ​សេរីភាព​សហជីព​នៅ​កម្ពុជា ត្រូវ​បាន​រឹតត្បិត ​។ លោក​បន្ថែម​ថា អង្គការ​សង់​ត្រា​ល់​បាន​ចេញផ្សាយ​របាយការណ៍​ដែល​ធ្វើ​ឲ្យ​មានការ​ជះ​ឥទ្ធិពល​ដល់​អ្នកបញ្ជា​ទិញ អាច​មានការ​យល់​ច្រឡំ​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​សហជីព និង​កម្មករនិយោជិត​នៅ​កម្ពុជា​ទាំងមូល ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​អាច​បង្វែរ​ការ​បញ្ជា​ទិញ​ចេញពី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​មានការ​ងារ​ធ្វើ​របស់​កម្មករនិយោជិត​ទាំងអស់​ ។

លោក គឹ​ម ចាន់​សំណាង បញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់ គ្រាន់តែ​សម្ភាសន៍​សហជីព​ចំនួន ​១០ នៃ​រោងចក្រ​ ១៤ បែរជា​យក​មក​វាយតម្លៃ​ជា​រួម ថា​នៅ​កម្ពុជា​មានការ​រំលោ.ភសិទ្ធិ​សេរីភាព​សហជីព កម្មករនិយោជិត​ធ្ងន់ធ្ងរ​ទៅ​វិញ ​។ នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង ពី​សិទ្ធិ​សេរីភាព​សហជីព កម្មករនិយោជិត នៅ​កម្ពុជា​ទាំងមូល​ឡើយ ​។ ​សកម្មភាព និង​របាយការណ៍​របស់​អង្គការ​មួយ​មួយ​នេះ មាន​ចេតនា​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ល្អកកករ បំផ្លាញ​សន្តិភាព បំផ្លាញ​ប្រជាធិបតេយ្យ ដែល​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ​។

លោក​បញ្ជាក់​ថា​ «​របាយការណ៍​សង់​ត្រា​ល់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជាតិ ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​ការងារ និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត​នៅ​កម្ពុជា​ទាំងមូល ​។ របាយការណ៍​នោះ មាន​ចរិត​នយោបាយ និង​ញុះញុង លាប​ពណ៌ឲ្យ​មានការ​រើសអើង​សហជីព និង​បំបែកបំបាក់​សាមគ្គីភាព​រវាង​សហជីព​នៅ​កម្ពុជា​»​ ។

លោក​ប្រធាន សហភាព​សិទ្ធិ​កម្មករ​កម្ពុជា លើក​ឡើង​ថា តាម​រយៈ​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់កម្មករនិយោជិត មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​ការងារ និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត​ ។ លោក​សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​មើល​ការ​អនុវត្ត​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់ និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ជំនួយ​បរទេស​មិន​សម​ស្រប​របស់​អង្គការ​សង់​ត្រា​ល់ ដែល​បង្ក​បញ្ហា​ជា​អវិជ្ជមាន​ដល់​សង្គម​ជាតិ ជា​ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា ​៕ អត្ថបទសហការ