ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តប៉ៃលិនទឹកដីត្បូងពេជ្របង្កប់​ដោយភ្នំមាន​ឈ្មោះជា​ប្រវត្តិសាស្ត្រ

3 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃ​លិន​​​ ៖ ខេត្ត​ប៉ៃលិន​ ជា​តំបន់​ខ្ពង់រាបនិង​តំបន់​ភ្នំ ដូច្នេះ​ស្ទើរតែ​ទូ​ទាំង​​ខេត្ត​បាន​គ្របដណ្តប់​

ខេត្ត​ប៉ៃ​លិន​​​ ៖ ខេត្ត​ប៉ៃលិន​ ជា​តំបន់​ខ្ពង់រាបនិង​តំបន់​ភ្នំ ដូច្នេះ​ស្ទើរតែ​ទូ​ទាំង​​ខេត្ត​បាន​គ្របដណ្តប់​ទៅ​ដោយ​ភ្នំ និង​កូនភ្នំ​ជា​ច្រើន ។ ខេត្ត​ប៉ៃលិន​ដ៏​តូច​ច្រឡឹង​នេះ​ មាន​ក្រុង​១​ និង​ស្រុក​១ គឺ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ។

អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្រៅពី​ភ្នំ​យ៉ា​ត​ដែលជា​ភ្នំ​ប្រវត្តិសាស្ត្រ នៅ​ក្នុងស្រុក​សាលា​ក្រៅ មាន​ភ្នំ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ដូច​ជា ៖ ​-​ភ្នំ​ដោះ​ក្រមុំ ​​ភ្នំ​ស្រង់​មាន​ជ័យ ភ្នំ​ខក​មូស ​​ភ្នំ​ក្ងោក ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់​ ។-​ភ្នំ​កូន​ដំរី ​ភ្នំ​ក្រិ​ញ ​ភ្នំ​អូរ​ដូនតា ​ភ្នំ​កេស ​ភ្នំ​ព្រាល ​អូរ​គ​ន្ធា​ង​វា់ ​ភ្នំ​បាយសី ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ។-​ភ្នំ​កំពូល​បី -​ភ្នំ​ប៉ោត ភ្នំ​សារ​វណ្ណ ​ភ្នំ​រថក្រោះ​ឆេះ ​ភ្នំ​ផ្សារ​ព្រំ ​ភ្នំ​ភូមិ​ទី​១៨ ​ភ្នំ​អូរ​រអិល ភ្នំ​បឹង​ព្រលិត ​ភ្នំ​កុយ ​ភ្នំ​ស្រែ​អន្ទាក់ ​ភ្នំ​សំបូរ ភ្នំ​ស្ពុង ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​កាច់ និង​ឃុំ​សាលា​ក្រៅ ។

សូម​បញ្ជាក់​ថា នៅ​ក្នុងស្រុក​សាលា​ក្រៅ​ក៏​មាន​ភ្នំ និង​កូនភ្នំ​ជា​ច្រើន​ទៀត ដែល​ស្ថិត​នៅ​រាយ​ពាសពេញ ខណៈ​ដែល​ភ្នំ​ខ្លះត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​យក​ទៅ​ប្រើប្រាស់​ធ្វើ​ផ្លូវ និង​ខ្លះ​ទៀត នៅ​ល្អ​ទាំងស្រុង​ ដោយ​មិន​មាន​អ្នក​ណា​អាច​ប៉ះពាល់​ក្រៅពី​យក​ទៅ​អភិវឌ្ឍ​សម្រាប់​ខេត្ត​នេះ​បាន​ឡើយ ។ ចំណែក​កូនភ្នំ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដាំ​ពោតក្រហម និង​ដំឡូង​មី ព្រមទាំង​ដំណាំ​ផ្សេង​ៗទៀតនៅ​លើ​កំពូល​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ បច្ចុប្បន្ន​នេះរដ្ឋ​បាល​ខេត្ត​ បាន​ខិតខំ​ការពារ​ព្រៃ​ភ្នំ​ទាំង​អស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​កាប់​ទន្ទ្រាន​រាន​យក​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​​ឡើយ ដើម្បី​រក្សា​ព្រៃ​ភ្នំ​ឱ្យ​គង់​វង្ស ក្នុង​គោល​បំណង​ឱ្យ​ទាក់ទាញ​ទឹកភ្លៀង និង​ធ្វើ​ឱ្យ​មាន​លំនឹង​អាកាសធាតុ​ថែម​ទៀត​ ។អ្វី​ដែល​ត្រូវ​បាន​គេកត់សម្គាល់ជា​ពិសេស​នៅ​ខេត្ត​ប៉ៃលិន​នោះ គឺ​ភ្នំ​យ៉ា​ត និង​ភ្នំ​ខៀវ ដែល​មានជ្រោះ​ទឹកធ្លាក់​ដ៏​ល្បីល្បាញ គឺ​ជ្រោះ​អូរ​តា​វ៉ៅ ។

រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្រ្ត​ភ្នំ​យ៉ា​ត

ភ្នំ​យ៉ា​តគឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រ​វត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​នៅ​ជិត​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន ។

ប្រជាពលរដ្ឋ អ្នកដំណើរ​ទាំងឡាយ​ដែល​ចេញ​​ចូល​មក​ខេត្ត​ប៉ៃលិន​ តែងតែ​ឆ្លងកាត់​តាម​ជើងភ្នំ​យ៉ា​ត និង​គយគន់​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​នៅ​ជាប់ជើង​ភ្នំ​យ៉ា​ត ។ ដី​នៅ​លើ​ភ្នំ​នេះ គឺជា​ដី​រ៉ែ​ធម្ម​ជាតិ មាន​ត្បូង​ពេជ្រ​មាន​តម្លៃ​យ៉ាងច្រើន​ផង​ដែរ​ ។ នៅ​លើ​កំពូលភ្នំ​យ៉ា​ត មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​គិរី​រតនា​រាម​ភ្នំ​យ៉ា​ត ឬ​ហៅ​ថា វត្ត​ភ្នំ​យ៉ា​ត និង​មាន​សំណង់​បុរាណ សំណង់​ថ្មី​ៗ និង​អាស្រម​ជា​ច្រើន ដូច​ជា​ព្រះ​ចូឡា​មុនី​ចេ​តិយ​តូច​​ធំ អាស្រម​លោកយាយ យ៉ា​ត រូបសំណាក​ព្រះពុទ្ធ​ផ្ចាញ់​មារ​កម្ពស់​២១​ម៉ែត្រ សំណង់​ប្រាសាទ​៨​ទិស​-​ព្រះ​សិ​អា​រ្យ​មេ​ត្រី​ អាស្រម​ព្រះ​គោ​ព្រះ​កែវជាដើម ។ នៅ​ជើងភ្នំ​យ៉ា​ត​ ក៏​មាន​អាស្រម​លោកយាយ​យ៉ា​ត​​ដែរ ពិសេស​អាស្រម​ធំ​របស់​លោកយាយ​យ៉ា​ត នៅ​ភាគ​ខាងកើត​នៃ​ភ្នំ​ ដែល​មាន​រូបសំណាក​លោកយាយ​យ៉ាត ធ្វើ​អំពី​ថ្មភ្នំ​ព្រះ​វិហារ ឆ្លាក់​ដោយ​វិចិត្រករ​ខ្មែរ​នៅ​ស្រុក​ស​ន្ទុ​កខេត្តកំពង់ធំ មាន​ទម្ងន់​ជាង​៣៣​តោន​ ។

ប្រជាពលរដ្ឋ អ្នក​ដំណើរ និង​ភ្ញៀវទេសចរទាំងឡាយ​ដែល​មក​លេង​កម្សាន្ត​នៅ​​ខេត្ត​ប៉ៃលិន តែងតែ​ចូល​មក​អុជ​ធូប បួងសួង​សុំ​សេចក្តីសុខ​សប្បាយពី​លោកយាយ​យ៉ា​ត ដោយ​ពួក​គាត់​មានជំនឿថា លោក​​យាយ​យ៉ា​ត​​មាន​បារមី​ស័ក្តិ​សិទ្ធិ ។ មានរឿង​តំណាល​ថា ក្នុង​ឆ្នាំ​១៩២២ មាន​ជនអន្តោប្រវេសន៍​មួយ​ក្រុម​បាន​មក​រស់នៅ ប្រកប​របរ​ជីក​ត្បូង និង​បរបាញ់​សត្វ​នៅ​តំបន់​នេះ ហើយ​បាន​កសាង​អាស្រម​មួយនៅ​លើ​កំពូលភ្នំ​យ៉ា​ត ។ ទី​នេះ​ជា​កន្លែង​សក្ការបូជា ដែល​ស័ក្តិ​សិទ្ធិ និង​ជា​បេះដូង​របស់​ខេត្ត​ប៉ៃលិន​សព្វថ្ងៃ ។ រឿង​នេះ​បាន​និយាយ​អំពី​ប្ដី​ប្រពន្ធ​មួយគូ មានឈ្មោះ​យ៉ា​ត​ដូច​គ្នា ដែល​ទាំង​២​នាក់​ជា​អ្នក​​ជីក​ត្បូង​នៅ​តំបន់​ភ្នំ​យ៉ា​ត​នេះ ។

បន្ទាប់​ពី​មាន​អាយុ​កាន់តែ​ចាស់​រៀង​ៗ​ខ្លួន​ទៅ ពួក​គេ​បាន​សញ្ជឹងគិត​ជាមួយ​គ្នា ផ្តើមគំនិត​កសាង​អាស្រម​មួយ​នៅ​លើ​ភ្នំ​សម្រាប់​​គោរព​បូជា គឺ​នៅ​លើ​ភ្នំ​យ៉ា​ត​នា​ពេល​សព្វ​ថ្ងៃ​នេះ ។ កាល​នោះ​​ដែរ អ្នក​ភូមិ​ផ្សេង​ទៀតបាន​ទិញកាំភ្លើង​​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ និង​​បរបាញ់​សត្វព្រៃ ។ ដោយសារ​ការ​បរបាញ់​នេះ​​ហើយ ​ធ្វើ​ឱ្យ​ព្រលឹង​អា​រុក្ខ​អារក្សអ្នកតា​ព្រៃ​មាន​ការ​ខឹងសម្បា និង​បាន​បង្ហាញខ្លួន​ឱ្យ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នោះ​ឃើញ ដើម្បី​នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ភូមិ​ផ្សេង​ទៀត ដោយ​និយាយ​ថា​ ប្រសិនបើ​អ្នក​ភូមិ​ឈប់​បាញ់​សត្វ ព្រលឹង​នោះ​នឹង​ជូន​ត្បូង​ពេជ្រ​មាន​តម្លៃ​ដល់​ពួក​គេហើយ​ព្រលឹង​នោះ ក៏​បាន​បញ្ជា​ពួក​គេ​ឲ្យសម្ដែង​របាំ​ក្ងោក​ជូន​ទស្សនា​ជា​រៀងរាល់ថ្ងៃ នៅ​អាស្រមលើ​កំពូលភ្នំ​យ៉ា​ត​នេះ ។ តម​ក​ អាស្រម​នោះ​ក៏​បាន​ក្លា​យមក​ជា​វត្ត​ភ្នំ​យ៉ា​ត​សព្វថ្ងៃ ។

រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» ឬ «ជ្រោះ​អូរ​តា​វ៉ៅ​»

រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ ឬ​ទឹកធ្លាក់​អូរ​តា​វ៉ៅ​» ​ស្ថិត​ក្នុង​ទឹកដីនៃ​ខេត្ត​ប៉ៃលិន បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិឲ្យ​ទៅ​ទស្សនា​តំបន់​ដ៏​ស្រស់បំព្រង​មួយ​នេះ​យ៉ាង​ខ្លាំង ។ តំបន់​ធម្មជាតិ​នៅ​ភាគ​ខាងលិចនៃ​ដែនដី​សុវណ្ណ​ភូមិ​នេះ មាន​ទឹកធ្លាក់​រហូត​ដល់​ទៅ៧​ជាន់ ស្ថិត​នៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន និង​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ប៉ៃលិន ។

រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» មាន​ស្ទឹង​ធម្មជាតិ​ដែល​មាន​ទឹកថ្លា​ឈ្វេង មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​បែក​ផ្កាត្រែង​លើ​ល្បាក់​ថ្មដា​យ៉ាង​ខ្ពស់ មាន​ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​យ៉ាង​សប្បាយ​រីករាយ​ក្រៃ​លែង ។ បន្ថែម​លើ​នេះ បរិវេណ​កម្សាន្ត​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​មាន​កន្លែង​អង្គុយ​លេង​ជា​ច្រើន មាន​ខ្យូ​ស​អង្គុយ ហើយ​អាហារ​លក់ដូរ​មិន​ថ្លៃ​នោះ​ទេ ។

ជាមួយ​គ្នា​នេះ មាន​កន្លែង​សម្រាប់​ទុកដាក់​យានយន្ត ដោយ​មាន​សន្តិសុខ​យាមកាម​យ៉ាង​ល្អ មិន​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ឡើយ ។ដើម្បី​ទៅ​ដល់​រមណីយដ្ឋាន«​ទឹកធ្លាក់​ភ្នំ​ខៀវ» គេ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៧ រហូត​ដល់​ស្ពានថ្ម​អូរ​តា​វ៉ៅ ហើយ​ឡើង​ទៅ​ប្រមាណ​ជា ១០០​ម៉ែត្រ​ទៀត គេ​នឹង​ឃើញ​ផ្លាក​សញ្ញា​បង្ហាញ​ទីតាំង ត្រង់​ម្ដុំ​ផ្លូវបំបែក​ភូមិ​កូន​ខ្លុង​ពី​ខាងឆ្វេង​ដៃ ។ គេ​ក៏​ត្រូវ​ជិះ​បត់​ចូល​ទៅ​ប្រមាណ ៧​គីឡូម៉ែត្រ​ទៀត ទើប​ដល់ទី​តាំង​គួរ​ជាទី​មនោ​រម្យ​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ