ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំទ្រអត់បងប្អូន? បើយកកីឡា​គុន​ខ្មែរ​បញ្ជ្រាបតាមសាលារៀន

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​ការ​ហ្វឹកហាត់មុខវិជ្ជាកីឡានៅតាមសាលារដ្ឋ

រាជធានីភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​ការ​ហ្វឹកហាត់មុខវិជ្ជាកីឡានៅតាមសាលារដ្ឋ ដោយពេលនេះលោកឧកញ៉ាស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លិបគុនខ្មែរអន្តរជាតិ បានយកកីឡាប្រដាល់គុនខ្មែរ​មកបញ្ជ្រាប​ចូល​តាម​សាលារៀនដើម្បី​ឱ្យ ប្អូន​ៗសិស្សានុសិស្ស​បានដឹង​បាន​យល់​អំពីក្បាច់គុនដូនតា​ខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ​ ។

ជា​ជំហាន​ដំបូង​លោកឧកញ៉ាយកកីឡាគុនខ្មែរមកបង្ហាត់បង្រៀនសិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាដើមខែកក្កដា ឆ្នាំ​២០២៤​។នៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖«ដោយ​ថ្ងៃនេះ​ខ្ញុំបាទ​បាន​មក​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោកនាយក​សាលា​ធំ ស៊ី សុវត្ថិ ដោយ​ផ្ទាល់ ។ ក្រោយ​ការ​ពិភាក្សា​ត្រូវ​បាន​បញ្ចប់ យើង​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​គឺ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ថា​បង្កើត​«កម្ម​វិធី​ហ្វឹក​ហាត់គុន​ខ្មែរ​»។ ជា​ជំហាន​ដំបូង​នៅ​លា​លា​រៀន ស៊ីសុវត្ថិ នៅ​ដើមខែកក្កដាឆ្នាំ​២០២៤​នេះ ។

សង្ឃឹមថា​ ពុក​ម៉ែ​បងប្អូននឹងអនុញ្ញាត​ឱ្យ​កូន​ៗហ្វឹក​ហាត់គុន​ខ្មែរ​ថែអត្តសញ្ញាណ​ជាតិ​យើង​ទាំងអស់​គ្នា​»។តាមការកត់សម្គាល់មក​ទល់​ពេល​នេះ មុខ​វិជ្ជា​កីឡា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ឯកជន​ភាគច្រើនមាន​សកម្មភាព​រស់​រវើក​ស្ទើរ​គ្រប់​កម្រិតសិក្សា ដោយ​មុខ​វិជ្ជា​មួយ​នេះ​បាន​ដើរតួ​នាទី​អប់រំ​សិស្ស​ឱ្យ​ចេះ​ស្រឡាញ់​សុខភាព តាម​រយៈ​ការ​លេង​កីឡា​គ្រប់​ប្រភេទ​ដូច​ជា​លំ​ហាត់ប្រាណ​ជាដើម​ដែល​មិន​ខុស​ពី​ការ​បណ្ដុះ​គំនិត​ពួក​គេ​ឱ្យ​រួម​គ្នា​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ ។

ទោះបី​យ៉ាងណា គេ​កត់សម្គាល់​ឃើញ​ថា មុខ​វិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​ហាក់​មិនសូវ​មាន​សកម្មភាព​ផុសផុល​នៅឡើយ បើ​ទោះជា​មានការ​បង្កើន​ចំនួន​គ្រូ​កីឡា​ក្ដី​។យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់ព័ន្ធ នឹង​ការងារ​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា នៅ​តាម​សាលា​រដ្ឋ​ទូ​ទាំង​កម្ពុជា មុខ​វិជ្ជា​កីឡា​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ឱ្យ​មាន​សកម្មភាព​កាន់តែ​ខ្លាំង ដោយ​ម៉ោង​កីឡា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​សិស្ស​ហ្វឹកហាត់​នៅ​ចន្លោះ​ម៉ោង​សិក្សា​មុខ​វិជ្ជា​ផ្សេង​ទៀត​ផង ដើម្បី​ឱ្យ​សិស្ស​ដែល​ខ្ជិល​ឬ​ចង់​គេចវេះ​ម៉ោង​កីឡា បាន​ចូល​ហ្វឹកហាត់​លើ​ជំនាញ​មួយ​នេះ​ឱ្យ​បាន​សស្រាក់សស្រាំ​ច្រើន​នាក់ ។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ​គណៈកម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កន្លងមកធ្លាប់មាន​ប្រសាសន៍​ថា វិស័យ​កីឡា​នៅ​តាម​សាលា​រដ្ឋ គឺជា​ការ​ទទួលខុសត្រូវ​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​កត់​សម្គាល់ថា សាលា​មួយ​ចំនួន ក៏​បាន​បំផុស​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ដូច​ជា​បាន​បង្កើត​ក្រុមបាល់ទាត់ ក្រុម​បាល់ទះ និង​បាន​ទាំង​ផ្ដល់​ទីតាំង​ឱ្យ​កីឡា​មួយ​ចំនួន​ដូច​ជា​ល្បុក្កតោ យុទ្ធ​គុន​ខម និង​តេ​ក្វា​ន់​ដូ​ជាដើមដើម្បី​ឱ្យ​សិស្ស​បាន​ហាត់រៀន​គ្រាន់​បណ្ដុះ​គំនិត​ស្នេហា​វិស័យ​កីឡា និង​ដើម្បី​ឱ្យ​ពួក​គេ​ចេះ​ស្រឡាញ់​សុខភាព​ផង​ដែរ​។ ឯកឧត្តមថាក្បាច់គុនល្បុក្កតោ ត្រូវបានដាក់ក្នុងម៉ោងនៃកម្មវិធីសិក្សារបស់សិស្ស ឯក្បាច់គុនដទៃទៀតដាក់នៅក្រៅម៉ោងសិក្សា ។

ទោះបីយ៉ាងណាលោកមិនជំទាស់នឹងការដាក់ក្បាច់គុនខ្មែរចូលក្នុងកម្មវិធីសិក្សារបស់សិស្សនោះទេ ព្រោះវិស័យ​កីឡា​នៅ​តាម​សាលា​រដ្ឋ គឺជា​ការ​ទទួលខុសត្រូវ​របស់​គ្រឹះស្ថាន​ទាំងនោះ។នៅ​ក្នុង​សេចក្តីណែនាំ​ស្តី​ពី​«​ការ​អនុវត្ត​ម៉ោង​សិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង​នៅ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​»​ដែល​មានការ​ចុះហត្ថលេខា​ដោយ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គឺ​បាន​កំណត់​ចំណុច​សំខាន់​ចំនួន​៤​ដើម្បី​ឲ្យ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា ត្រូវ​អនុវត្ត ។

ទី​១-​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កម្មវិធី​សិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា​២​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ស្រប​តាម​កម្មវិធី​កំណត់​ថ្នាក់​ជាតិ ។ ទី​២-​គ្រឹះស្ថាន​បឋម​សិក្សា​និង​មធ្យមសិក្សា​ត្រូវ​បំផុស​និង​រៀបចំ​បង្កើត​សមាគម​កីឡា​ឲ្យ​បាន​គ្រប់​សាលា​ដើម្បី​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​បន្ថែម ។ ទី​៣-​មន្ទីរ​អប់រំ យុវជន និងកីឡា​ រាជធានី​-​ខេត្តត្រូវ​ពង្រឹង​សមាគម​កីឡា​សិស្សនិង​ធ្វើ​ឲ្យ​ដំណើរការ​សកម្មភាព​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​គ្រប់​ស្រុក ក្រុង ខណ្ឌ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទី​៤-​គណៈ​គ្រប់គ្រង​សាលា និង​ក្រុមបច្ចេកទេស​ត្រូវ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជា​ប្រចាំ​លើ​គ្រប់​សកម្មភាព​រៀន​និង​បង្រៀន​របស់​គ្រូ​ទទួល​បន្ទុក​ថ្នាក់ និង​គ្រូ​អប់រំ​កាយ​នៅ​ក្នុង​សាលា​របស់​ខ្លួន​។

តាម​ខ្លឹមសារ​ក្នុង​សេចក្តីណែនាំ​នេះ ក្រសួង អប់រំ យុវជន និង​កីឡា ហាក់​មានការ​បើកទូលាយ​ឲ្យ​សាលារៀន​នីមួយ​ៗ​បង្កើត​ជា​កម្មវិធី​ហ្វឹកហាត់​ទៅ​លើ​ប្រភេទ​កីឡា​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស​គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាអត្តពលកម្ម ដែល​មាននៅ​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​រាជធានី​ខេត្ត​ ជើងឯក​ភូមិភាគ និង​ការ​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ