រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈដើរចេញពីបន្ទប់ជួលទៅធ្វើការដោយមានពាក់គ្រឿងអលង្ការមាស និងប្លាទីន ជាប់ខ្លួនផងនោះ ពេលទៅដើរដល់ពាក់កណ្ដាលផ្លូវ បានជួបជាមួយចោរទម្លាក់យោង១ក្រុម ។ ក៏ត្រូវក្រុមចោរទាំងនោះ ប្រើល្បិចជម្រុះមាស រួចល្បួងនាំទៅក្នុងព្រៃអាកាស្យាមួយកន្លែង ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួន រួចគេចខ្លួនបាត់ស្រមោលអស់ ។
ចំណែកនាងទទួលបានមកវិញត្រឹមតែខ្សកកាឡៃ១ខ្សែ និងកូនកាបូបលុយមួយ ដែលមានលុយនៅក្នុងនោះ ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ហើយនាងមានការតក់ស្លុតខ្លាំង រហូតយំននៀលដីដូចកូនក្មេង ។ ហេតុការណ៍នេះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងជិតផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នាងកម្មការិនីរងគ្រោះខាងលើ នោះឈ្មោះបុត្រា ស៊ីវម៉ី អាយុ១៨ឆ្នាំ នាងមានប្ដីរួចទៅហើយ ប៉ុន្តែបុរសជាប្ដីជាប់ធ្វើការនៅខេត្ត ហើយនាងបានស្នាក់នៅជាមួយម្ដាយ ក្នុងបន្ទប់ជួលលេខ២ ភូមិកើតហេតុខាងលើ ។ នាងមានទីលំនៅអចិន្ត្រៃយ៍ផ្ទះលេខ៧៦ ផ្លូវលំ ភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ក្នុងកហេតុការនោះនាងបានបាត់បង់ចិញ្ចៀនមាស២វង់ ទម្ងន់៤ជី ខ្សែប្លាទីន១ខ្សែ តម្លៃ២៥០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង តម្លៃ៦០ម៉ឺនរៀល ។ ចំណែកក្រុមចោរទម្លាក់យោងមានគ្នា៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព ។
នាងរងគ្រោះរូបនោះបានប្រាប់ថា នៅមុនពេលកើតហេតុនាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ ដោយបានពាក់គ្រឿងអលង្ការជាប់ខ្លួនផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជិតផ្លូវជាតិលេខ៣ ក៏ប្រទះឃើញកាបូបលុយ១និងថង់មាសពណ៌ក្រហម១ ដែលជនមិនស្គាល់មុខជ្រុះតាមផ្លូវ ។
ខណៈនោះ នាងក៏បានស្រវារើសយក ប៉ុន្តែមិនទាន់បានលាតមើលផង ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ខាងលើទៅដល់ ហើយប្រាប់ថា ពួកគេបានស្គាល់ម្ចាស់កាបូបលុយ និងកញ្ចប់មាសនោះ និងប្រាប់កុំឲ្យនាងមាត់ចាំចែកគ្នា បន្ទាប់មកក៏បាននាំនាងទៅកាន់ព្រៃអាកាស្យាមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃជាប់ភូមិកប់គងនោះដែរ ។ នាងបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកក្រុមចោរបានប្រគល់គ្រឿងអលង្ការ១ថង់ និងកាបូបលុយដែលនាងរើសបាននោះឲ្យនាងទាំងអស់ ហើយពួកគេបានសុំដោះយកគ្រឿងអលង្ការពីខ្លួននាងទាំងអស់ដែរ ដើម្បីកុំឲ្យពិបាកចែកគ្នាយូរ ខ្លាចម្ចាស់គេមកទាន់ ។ ក្រុមចោរប្រាប់នាងទៀតថា របស់ដែលនាងរើសបានច្រើនជាងគ្រឿងអលង្ការដែលនៅជាប់ខ្លួននាងនោះទៀត ពេលនោះនាងក៏ឲ្យក្រុមចោរដោះយកតាមសម្រួល ដោយពុំបានដឹងថា គ្រឿងអលង្ការ១ថង់នោះ កាឡៃទេ ហើយក៏ស្មានថា លុយក្នុងកាបូបនោះច្រើនដែរ ។
កម្មការិនីរងគ្រោះខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តថា ក្រោយពេលដោះយកគ្រឿងអលង្ការពីខ្លួននាងរួចរាល់ហើយ ក្រុមចោរទុកនាងចោលហើយបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ បន្ទាប់មកនាងអត់បានទៅធ្វើការរោងចក្រទេ និងបានដើរត្រឡប់ទៅផ្ទះជួលវិញ ។ បន្ទាប់មកបានយកថង់មាស និងកាបូបលុយទៅបង្ហាញដល់ស្ត្រីជាម្ដាយទាំងចិត្តត្រេកអរ ប៉ុន្តែក្រោយពេលម្ដាយនាង និងអ្នកជិតខាងជួយពិនិត្យមើល ទើបដឹងថា គ្រឿងអលង្ការកាឡៃ និងដឹងថា ចាញ់បោកគេ ។
បើតាមស្ត្រីឈ្មោះ វ៉ន សំអូន អាយុ៥០ឆ្នាំ ត្រូវជាម្ដាយបានប្រាប់ឲ្យដឹងថា ខណៈដែលគាត់កំពុងនៅក្នុងបន្ទប់ជួល ស្រាប់តែឃើញកូនស្រីគាត់កាន់ថង់មាសពណ៍ក្រហម និងកាបូបលុយ១ផងទៅបង្ហាញគាត់ និងនិយាយបែបខ្សឹបខ្សៀវថា «នាងបានមាសធំណាស់ ម៉ែកុំមាត់ប្រាប់គេ ។ ពេលនោះគាត់សម្លឹងមើលទៅខ្លួនកូនស្រីបាត់គ្រឿងអលង្ការអស់ ហើយមិនឃើញទូរស័ព្ទទៀត ក៏មានការងឿងឆ្ងល់ រួចក៏សួរទៅកូនស្រីវិញថា«បានមាសធំ? ចុះមាសកូនឯង និងទូរស័ព្ទទៅណាអស់ហើយ?
នាងបានឆ្លើយថា នាងបានដោះដូរជាមួយគេបាត់ហើយ» ។ ស្ត្រីជាម្ដាយដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់បានគិតថា កូនស្រីចាញ់បោកក្រុមចោរហើយ បន្ទាប់មកគាត់ក៏បានពិនិត្យមើលខ្សែក នៅក្នុងកូនថង់ក្រហមនោះម្ដងហើយម្ដងទៀតឃើញថា ជារបស់កាឡៃ ឯក្នុងកូនកាបូបមានលុយតែ១ម៉ឺនរៀលប៉ុណ្ណោះ ។ ប៉ុន្តែមិនអស់ចិត្ត ក៏ពឹងឲ្យអ្នកជិតខាងជួយពិនិត្យមើលទៀត ទើបដឹងថា ជាកាឡៃពិតប្រាកដ ហើយគ្រាន់តែដឹងថា ចាញ់បោកគេភ្លាម កូនស្រីគាត់បានប្រែពីការរំភើបអរមកជាការតក់ស្លុតវិញ ហើយនាងបានស្រែកយំននៀលដី នៅមុខបន្ទប់ជួលបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុភ្លាម ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរទម្លាក់យោង យកមកផ្ដន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ