កាលពីថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានរៀបចំពានរង្វាន់ AIA បាល់ទាត់ជើងឯកកុមារលើកទី 2 កាន់តែធំដោយបានស្វាគមន៍ក្រុមបាល់ទាត់រហូតដល់ 40 ក្រុម បែងចែកជាប្រភេទ U-11 ក្រុម U-14 និងក្រុម U-16 ។ ពានរង្វាន់នេះធ្វើឡើងដើម្បី អបអរដល់ទិវាកុមារអន្តរជាតិ ដោយមានការចូលរួមពីសិស្សសាលាអន្តរជាតិ និងសាលារដ្ឋក្នុងរាជធានីភ្នំពេញសរុបជាង 900 នាក់ បានបង្ហាញជំនាញបាល់ទាត់របស់ពួកគេនៅទីលានបាល់ទាត់ T-Soccer ។ ជាលទ្ធផលក្រុម ផ្ការីកគ្រប់រដូវ បានក្លាយជាម្ចាស់ជើងឯកក្នុងប្រភេទ U-11 ខណៈដែលជើងឯកប្រភេទ U-14 បានទៅលើវិទ្យាល័យ បឹងកេងកង និង U-16 បានទៅលើក្រុមមកពីសាលា New Gateway ។
ដោយឈរលើឆន្ទៈលើកស្ទួយតួនាទីនៃកីឡាក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាព ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរវាង អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេនៅកម្ពុជា សហការជាមួយក្លឹបបាល់ទាត់ បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីណែនាំបាល់ទាត់ដល់ប្រជាជនកម្ពុជាឲ្យកាន់តែទូលំទូលាយ បណ្តុះអនាគតជើងឯក បង្កើតសាមគ្គីភាព និងធ្វើឱ្យកុមារ-យុវជនបង្ហាញសមត្ថភាពកីឡារបស់ពួកគេ ។ ពានរង្វាន់ AIA បាល់ទាត់ជើងឯកកុមារ នេះស្របតាមគោលបំណងរបស់ អេ អាយ អេ ខេមបូឌា និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីរួមទាំងកម្ពុជាឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។ លើសពីនេះ វាក៏ស្របនឹងយុទ្ធនាការ “ជីវិត 1 សុខភាព 1” ក្រោមពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ អេ អាយ អេ ខេមបូឌា ដែលបានបង្កើតឡើងនៅដើមឆ្នាំនេះ។ យុទ្ធនាការនេះលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យចេះរីករាយនឹងជីវិត ដោយផ្តោតលើសុខភាព ព្រោះសុខភាព គឺជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។
ពានរង្វាន់បាល់ទាត់នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍កីឡាដែលបង្កើតឡើងដោយ អេ អាយ អេ ខេមបូឌា សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋានរួមមាន AIA បាល់ទាត់ជើងឯកវិទ្យាល័យ ពានរង្វាន់ AIA Corporate Cup, លីគ AIA-ISF Youth League សម្រាប់កុមារជួបការខ្វះខាត និង AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ ដោយហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹកបាល់ទាត់មកពីក្លឹប Tottenham Hotspur ដែលជាដៃគូសកលរបស់ AIA ។
នាព្រឹត្តិការណ៍បាល់ទាត់នោះ ឃើញមានវត្តមានចូលរួមរបស់លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា ថ្នាក់គ្រប់គ្រង ទីប្រឹក្សាផែនការជីវិត បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។
លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយស្ថាប័នដែលមានបេសកកម្មដូចគ្នា ក្នុងការផ្តល់តម្លៃលើសារៈសំខាន់នៃសុខភាព និងសុខុមាលភាពរបស់កុមារនិងយុវជនដើម្បីឱ្យពួកគាត់រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ទន្ទឹមនឹងការអបអរទិវាកុមារអន្តរជាតិ យើងសង្ឃឹមថាការប្រកួតដណ្តើមពានរង្វាន់នេះមិនត្រឹមតែលើកកម្ពស់សុខុមាលភាពរបស់កុមារ-យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសារៈសំខាន់ក្នុងការចាប់យកទម្លាប់លេងកីឡា តាំងពីតូច និងអត្ថប្រយោជន៍របស់កីឡា។ លោកស្រីបានបន្ថែមទៀតថា “ព្រឹត្តិការណ៍នេះបង្ហាញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងខ្ញុំក្នុងការជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឱ្យរស់នៅមានសុខភាពនិងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030 ។ ពានរង្វាន់នេះផ្តោតលើអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជាការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ សង្គម ការធ្វើការងារជាក្រុម ភាពស្មោះត្រង់ និងស្មារតីកីឡា” ។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីគំនិតផ្តួចផ្តើមផ្អែកលើសុខភាពរបស់ អេ អាយ អេ ខេមបូឌា សូមចូលទៅកាន់គេហទំព័រ ៖ https://www.facebook.com/AIACambodia ។ សម្រាប់ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ ៖ aia.com.kh ។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង ។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស ។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។ យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នា 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ