រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ការពង្រឹងសមត្ថភាពការប្រឡងជ្រើសរើសមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន ដើម្បីជ្រើសរើសយកមន្ត្រីមានសមត្ថភាពពិត និងចូលរួមទប់ស្កាត់អ្នកចង់កេងចំណេញ ឬចង់ស៊ីឡាក់មួយចំនួន ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បើសិនគេគិតថា ការប្រឡងៗម្តងគ្មានសុក្រឹតភាពប្រហែលជាអ្នកដាក់ពាក្យប្រឡង ហើយមិនមានបេក្ខជនច្រើនដាក់ពាក្យប្រឡងនោះទេ ។ ព្រោះថា បើមានបញ្ហាហើយស្ងាត់ បើមនុស្ស ច្រើនអីញ្ចឹង បើមានរឿងអ្វីមួយមិនប្រក្រតីបង្ហោះហ្វេសប៊ុក អារឿងមិនប្រក្រតីអី្វៗហ្នឹងហើយ» ។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ៖«យើងខិតខំធ្វើបែបនេះ គឺធ្វើយ៉ាងណាឲ្យអ្នកចេះជាប់ ជាប់ដោយមោទន អ្នកមិនជាប់ដោយអស់ចិត្ត ហើយយើងបានធ្វើក្នុងរយៈពេលនេះ ខ្ញុំសូមអរគុណណាស់«…» ហើយកិច្ចការនេះ មិនមែនដោយចៃដន្យនោះទេ ។ គឺជាជាឆន្ទះខ្ពស់ របស់ថ្នាក់ដឹកនាំ និងរបស់មន្ត្រីអនុវត្តនៃគណៈកម្មកាដឹកនាំប្រឡងនៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់» ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ការធ្វើបែបនេះក៏បានចូលរួមក្នុងការទប់ស្កាត់ការកេងចំណេញរបស់មេប្រយោគមួយចំនួន និងស៊ីឡាក់ក្នុងការប្រឡងចូលក្របខណ្ឌ ។
សម្តេចធិបតីបានបញ្ជាក់ថា ៖«វាមានករណីចង់ស៊ីឡាក់ វាមិនអត់ទេ យើងមានការច្បាប់ចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែយើងមិនប្រកាសទេ ។ តែខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាទាំងគណៈកម្មការពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីបង្កើនសុក្រឹត្យភាពធានាភាពជឿជាក់ និងធានានូវការចូលធ្វើការដោយសមត្ថភាពរបស់មន្ត្រីយើង» ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថាសម័យឥឡូវមិនមែនជាសម័យប្រឡងជាប់មន្ត្រីដា.ច់ពោះនោះទេ ។ តែយើងមានជម្រើសច្រើនក្នុងការធ្វើការងារ ។ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាឲ្យប្រព័ន្ធពង្រឹងសមត្ថភាពឲ្យទទួលបានជោគជ័យ ហើយជាពិសេសនោះ សុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្តង ។
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា នៅក្នុងរដ្ឋបាលសាធារណៈត្រូវយកចិត្តទុកដាក់លើការជ្រើសរើសមន្ត្រីដោយធានានូវសុចរិតភាពចំគោលដៅជំនាញ កូណាធិបតេយ្យ យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ។ ការបណ្តុះបណ្តាលឲ្យចំគោលដៅដើម្បីធានានូវសង្គតិភាពការងារ និងត្រូវប្រើប្រាស់មន្ត្រីឲ្យស្របទៅនឹងសក្តានុពល ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖« ពេលរើសមន្ត្រីបណ្តុះបណ្តាលរួចហើយបើការប្រើប្រាស់ រួមទាំងការប្រគល់ភារៈកិច្ច និងការចាត់តាំងតែងតាំង មិនត្រូវនោះយើងក៏លំបាកដែរ ។ ជាងនេះ ការលើកទឹកចិត្តផ្អែកលើកសម្មតិកម្ម» ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថានៅក្នុងអាណត្តិទី៧ របស់រដ្ឋាភិបាលនេះ ការជ្រើសរើសមន្ត្រីត្រូវផ្អែកលើកកូណាធិបតេយ្យ សុក្រិត្យភាព យុត្តិធម៌ តម្លាភាពជាដើម ៕
ចែករំលែកព័តមាននេះ